ទំហំពាណិជ្ជកម្មទ្វេភាគី នឹងជំរុញវិស័យដឹកជញ្ជូនរវាងកម្ពុជា-ថៃក្នុងឆ្នាំ 2017 ដែលរំពឹងថានឹងកើនឡើង 5%

នៅក្នុងឆ្នាំ 2016កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងកម្ពុជាបានកើនដល់ 5.6ពាន់លានដុល្លារ មានទំហំប្រហាក់ប្រហែលនឹងឆ្នាំ 2015 ដែរ ហើយសម្រាប់ឆ្នាំ2017 គេរំពឹងទុកថានឹងកើនឡើងដល់ 5.8 ពាន់លានដុល្លារ ឬកើនឡើងប្រហែល 5% នេះជាកាលើកឡើងរបស់លោក ជិរ៉ាវុធ សុវ៉ាន់ណាអាត ភារធារីស្ថានទូតថៃទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ការិយាល័យកិច្ចការពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី 23 ខែឧសភា ឆ្នាំ2017នេះ។


ជាមួយនឹងទំហំពាណិជ្ជកម្មដ៏ច្រើននេះ នឹងជំរុញការអភិវឌ្ឍការដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងជួយពង្រឹងការដោះដូរពាណិជ្ជកម្មគ្នាឱ្យបន្តរីកចម្រើនទៅមុខ។ ការធ្វើពាណិជ្ជកម្មសម័យទំនើបទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនងាយស្រួលដែលភ្ជាប់ការដឹកជញ្ជូនទំនិញទៅកាន់ឃ្លាំងស្តុកទំនិញបានឆាប់រហ័ស។ ប្រទេសថៃមានប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនដែលមានការអភិវឌ្ឍដ៏ប្រណីតដែលអាចភ្ជាប់ប្រទេសកម្ពុជាជាមួយប្រព័ន្ធការដឹកជញ្ជូនដ៏រលូនទៅកាន់បណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់។

រាជរដ្ឋាភិបាលថៃ សម្លឹងឃើញនូវសារៈសំខាន់នៃការជំរុញការដឹកជញ្ជូន ជាពិសេសពាណិជ្ជកម្មទ្វេភាគី និងមានគោលនយោបាយជំរុញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូនទំនិញ និងសេវាកម្មឱ្យមានកម្រិតស្តង់ដារអន្តរជាតិដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍធុរកិច្ចរវាងប្រទេសទាំងពីរ។ លោកក៏បានធ្វើការពន្យល់បន្ថែមទៀតថា៖ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះនឹងឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់បានយ៉ាងឆាប់រហ័ស។ លោកស៊ិន ចន្ធី ប្រធានសហព័ន្ធអ្នកឈានមុខក្នុងវិស័យដឹកជញ្ជូនកម្ពុជា Cambodia Freight Forwarders Association (CAMFFA) បានលើកបង្ហាញអំពី “ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាងកម្ពុជា – ថៃ ដែលជាគន្លឹះឈានទៅរកភាពជោគជ័យក្នុងវិស័យដឹកជញ្ជូន”។

លោកបានចង្អុលបង្ហាញថា ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាងកម្ពុជា – ថៃ បានកើតឡើង និងត្រូវបានពង្រឹងពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈការដោះដូរលិខិតអនុញ្ញាតអោយចេញចូលរថយន្ត និងតារាងតម្លៃពន្ធគយឆ្លងដែនរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកាន់ការបង្កើតឱ្យមាននូវទំហំការដឹកជញ្ជូនកាន់តែច្រើនឡើង និងការបើកច្រកព្រំដែនថ្មីៗរវាងប្រទេសទាំងពីរ។ ការអនុវត្តបែបនេះនឹងជួយឱ្យការដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជនបានកាន់តែឆាប់រហ័ស កាត់បន្ថយថ្លៃដើមក្នុងការផ្ទេរឆ្លងកាត់តាមច្រកព្រំដែននៃប្រទេសវៀតណាម និងជួយផ្ទេរទំនិញទៅកាន់ប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដើម្បីដឹកទៅកាន់គោលដៅនីមួយៗក្នុងប្រទេសកម្ពុជាបានឆាប់រហ័ស។

លោកស៊ិន ចន្ធី បានសម្លឹងឃើញឱកាសក្នុងការពង្រឹងពាណិជ្ជកម្ម និងការប្រកួតប្រជែងទ្វេភាគីរវាងប្រទេសទាំងពីរ និងការតភ្ជាប់គ្នាដើម្បីបម្រើដល់គោលដៅផ្សេងទៀតក្នុងអាស៊ានតាមរយៈដំណើរការដ៏ងាយស្រួល អត្រាចំណាយដែលមានភាពប្រកួតប្រជែង កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងការបើកច្រកថ្មីៗ។ ដើម្បីឱ្យអ្វីៗដែលបានលើកឡើងនេះអាចកើតឡើងបាន លោកស៊ិន ចន្ធី យល់ឃើញថា ពិព័រណ៌ TILOG-LOGISTIX 2017 គឺជាទម្រង់ពង្រឹងការតភ្ជាប់ពាណិជ្ជកម្មទ្វេភាគី តាមរយៈការរៀបចំឱ្យមានការជួបគ្នារវាងសហគ្រិននៃប្រទេសទាំងពីរ និងចែករំលែកការដឹកជញ្ជូន និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាមួយនឹងប្រធានបទដូចគ្នានេះដែរ លោកថងយូ ឃុងខាន់ អគ្គនាយកសហភាពការដឹកជញ្ជូនផ្លូវគោកថៃក៏បានបង្ហាញទស្សនៈគាំទ្រនូវសារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ ដោយធ្វើការចង្អុលបង្ហាញថា វាមានសារៈសំខាន់បំផុតសម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មតាមព្រំដែននៃបណ្តាប្រទេស CLMV ដែលជាទីផ្សារដ៏មានសក្តានុពលបំផុតក្នុងតំបន់ដែលនឹងរីកលូតលាស់បានខ្ពស់ផងដែរ។ កម្ពុជាផ្តោតសំខាន់ទៅលើការដឹកជញ្ជូនផ្លូវគោក ដែលមានការចំណាយពេលតិចក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់រវាងប្រទេសទាំងពីរ។ កំណែទម្រង់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរមានសារៈសំខាន់បំផុត និងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបន្តរីកលូតលាស់បានជាដរាប ហើយនឹងឈានទៅរកកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងសហគ្រិនក្នុងតំបន់ និងចុងបញ្ចប់នឹងបង្កើតឡើងនូវបណ្តាញការដឹកជញ្ជូនដ៏ទាន់សម័យសម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ឃ្លាំងទំនិញ៕

Advertisement