Youtube Channels ល្អបំផុតសម្រាប់សិស្សវិទ្យាល័យលើពិភពលោក

នៅក្នុងសតវត្សរ៍ទី21នេះ បណ្តាញបច្ចេកវិទ្យាបានកែសម្រួលថ្នាក់រៀនមួយចំនួនពីការបង្រៀនតាមបែបបុរាណ មកជាថ្នាក់រៀនបច្ចេកវិទ្យា (flip classroom)។ ទន្ទឹមនឹងនេះ សិស្សក៏អាចសិក្សាស្រាវជ្រាវបានដោយខ្លួនឯងផងដែរនៅគ្រប់ពេលទំនេររបស់ខ្លួនតាមរយៈគេហទំព័រសំខាន់ៗ រួមទាំង Channels Youtube ដែលធ្វើការផ្សព្វផ្សាយពីចំណេះដឹងជាសាធារណៈផងដែរ។

Youtube ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2005 តែវាទើបត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងវិស័យអប់រំនាពេលថ្មីៗនេះតាមរយៈការអភិវឌ្ឍមុខងារថ្មីៗ ដែលឆ្លើយតបនឹងការអប់រំ។ ម្យ៉ាងវិញទៀតតាមរយៈការស្ទង់មតិនៅសហរដ្ឋអាមេរិកបានរកឃើញថា មានសិស្សភាគច្រើនប្រើប្រាស់ Youtube ក្នុងគោលបំណង 2 សំខាន់ៗ គឺការកម្សាន្ត និងមុខងារអប់រំរបស់វា។

ដោយមើលឃើញថា Youtube មានសារៈសំខាន់សម្រាប់សិស្សវិទ្យាល័យ គេហទំព័រ education world ដែលជាគេហទំព័រអប់រំដ៏ល្បីល្បាញមួយបង្ហាញថាមាន Channels Youtube មួយចំនួនកំពុងក្លាយជា Channel ដែលមានតម្លៃជាសកល និងល្អបំផុតសម្រាប់សិស្សវិទ្យាល័យ ដូចជា ៖

1. Crash Course
វាជា Channel មួយដែលពោរពេញទៅដោយភាពទាក់ទាញជាមួយនឹងរូបភាពកំប្លុកកំប្លែង និងរូបតុក្កតាគួរឱ្យទាក់ទាញជាមួយនឹងមេរៀនអក្សរសិល្ប៍ រូបវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា សង្គមវិទ្យា និងមេរៀនប្រកបដោយគុណតម្លៃជាច្រើនទៀត។ វីដេអូទាំងអស់នោះ ភាគច្រើនគឺសុទ្ធសឹងតែឆ្លើយតបទៅនឹងមេរៀនរបស់សិស្សនៅក្នុងសាលា ព្រមទាំងអាចជួយឱ្យសិស្សដឹងនូវព័ត៌មានពាក់ព័ន្ធនឹងការសិក្សាច្រើនមុនពេលមេរៀនសំខាន់ពិតប្រាកដចូលមកដល់ទៀតផង។

2. Big Think
Big Think ជា Channel ដែលត្រូវបានបង្ហាញដោយអ្នកជំនាញពូកែៗ ដែលបង្ហាញពីគំនិត និងជំនាញដែលត្រូវមាននៅក្នុងសតវត្សរ៍ទី21នេះ។ ជាធម្មតាវីដេអូនៅក្នុង Channel នេះជាវីដេអូបែបសាមញ្ញ តែវាបានបំផុសគំនិតសិស្សឱ្យមានការគិតយ៉ាងស៊ីជម្រៅ និងអប់រំផ្លូវចិត្តបានល្អថែមទៀតផង។ ប្រធានបទសំខាន់ៗនៃ Channel នេះមានដូចជា វិទ្យាសាស្រ្តនយោបាយ ចិត្តវិទ្យា និងសង្គមសាស្ត្រ ជាដើម។

3. TED-Ed
សិស្សភាគច្រើននៅលើពិភពលោករួមទាំងកម្ពុជាផង ប្រហែលជាបានស្គាល់ TED-Ed ដែលជា Channel Youtube ល្បីមួយដែលប្រមូលផ្តុំដោយគំនិតទូលំទូលាយ ព្រមទាំងបង្ហាញពីប្រធានបទ និងចំណេះដឹងដែលមនុស្សគ្រប់គ្នាស្មានមិនដល់។ រហូតមកដល់ពេលនេះ មានវីដេអូដែលផលិតឡើងជាគំនូរជីវចលមិនតិចជាង 500 រឿងទេ ដែលត្រូវបានបង្ហោះនៅក្នុង Channel អប់រំមួយនេះ។ វាក៏បានបែងចែកជាផ្នែកសំខាន់ៗចំនួន 2 ដើម្បីអប់រំមនុស្ស គឺ TEDYouth Talks និង TED-Ed Professional Development។

4. Bright Storm
Bright Storm ជា Channel ដែលបង្ហាញពីវីដេអូរបស់គ្រូបង្រៀនជាច្រើនដែលបង្រៀននៅលើក្តាខៀន។ អ្នកដែលបង្រៀននៅក្នុងវីដេអូទាំងអស់នេះ សុទ្ធសឹងតែជាអ្នកដែលមានបទពិសោធ និងសមត្ថភាពខ្ពស់ក្នុងការបង្រៀន។ វាក៏បានបង្ហាញផងដែរនូវភ័ស្តុតាងពិសោធជាក់ស្តែងនៅក្នុងមេរៀននីមួយៗដើម្បីឱ្យសិស្សងាយយល់ និងកម្សាន្តក្នុងពេលដែលកំពុងសិក្សាជាមួយវីដេអូផងដែរ៕

Advertisement