ទំហំពាណិជ្ជកម្មរវាងកម្ពុជា-បារាំងក្នុងឆ្នាំ2016កន្លងទៅ មានចំនួនទឹកប្រាក់ 200លានដុល្លារ

ក្នុងឆ្នាំ2016 ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសបារាំងមានចំនួនប្រមាណជាជាង 200លានដុល្លារអាមេរិក ខណៈការនាំចេញពីកម្ពុជាទៅបារាំងមាន 171លានដុល្លារ ភាគច្រើនជាវាយនភណ្ឌ និងអង្ករ រីឯការនាំចូលមាន 32លានដុល្លារ ដែលភាគច្រើនជាសម្ភារបរិក្ខារពេទ្យ ។

ឯកឧត្តម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិ ការទូត និងការសិក្សាអន្តរជាតិមានប្រសាសន៍ក្រោយបញ្ចប់ជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលចប់អាណត្តិកាលពីថ្ងៃទី23 ខែឧសភា ឆ្នាំ2017 បានឲ្យដឹងថា “ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសបារាំងមានប្រមាណជាជាង200លានដុល្លារអាមរិក ក្នុងនោះកម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសបារាំងមានទំហំទឹកប្រាក់171លានដុល្លារ ខណៈដែលបារាំងបាននាំចូលមកប្រទេសកម្ពុជាវិញភាគច្រើនជាសម្ភារបរិក្ខារពេទ្យក្នុងរង្វង់ទឹកប្រាក់ប្រមាណ32លានដុល្លារ”។

ក្នុងជំនួបនោះ ឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាក់ថា ឯកឧត្តមសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់កងទ័ពមួកខៀវកម្ពុជាទាំង4នាក់ដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្ដាលផងដែរ។ ឯកអគ្គរដ្ឋទូតបារាំងបានលើកឡើងថា ក្រោយពេលដែលឯកឧត្តមចប់អាណត្តិត្រឡប់ទៅប្រទេសបារាំងវិញ និងមានឯកអគ្គរដ្ឋទូតថ្មីជាស្រ្តីមកជំនួសម្ដង។

ឯកឧត្តម ឈីវ យីស៊ាង បានបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន ចូលរួមអបអរសាទរចំពោះបេសកកម្មរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាដែលចប់អាណត្តិ ដោយបានបំពាក់មេដាយសហមេត្រីថ្នាក់មហាសេនាជូនឯកឧត្តម Jean-Claude Poimboeuf ដែលនេះគឺជាសក្ខីភាពនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា-បារាំង៕

Advertisement