សឿន វីតា ចាប់ផ្ដើមកាក់កបនឹងតួកាច

តារាសម្ដែង សឿន វីតា ដែលមានទម្រង់មុខអំណោយផលពីធម្មជាតិដែលតម្រូវឱ្យធ្វើជាតួកាចនោះ កំពុងតែមានប្រជាប្រិយភាពនៅក្នុងទីផ្សារភាពយន្ដជាខ្លាំង បន្ទាប់ពីលោកមានឱកាសបានបង្ហាញសមត្ថភាពក្នុងខ្សែភាពយន្តចំនួន 2 រឿងឱ្យផលិតកម្ម អិលឌីរួចមក។

កន្លងមកតារាសម្ដែងរាងខ្ពស់ស្រឡះមាឌធំម្នាក់នេះត្រូវបានអ្នកដឹកនាំរឿងជាច្រើនតម្រូវឱ្យលោកសម្ដែងជាតួអង្គដែលមានចរិតស្លូតបូត សុភាព ដែលមានដូចជាតួអង្គជាពូរបស់តួឯកប្រុសដែលមានចរិតស្លូតសុភាពស័ក្ដិសមជាអ្នកមានចំណេះដឹង។ តែក្រោយពីលោកបើកឆាកជាមួយផលិតកម្មអិលឌីចំនួន 2 រឿងដោយសម្ដែងជាតួអង្គកាចរួចមក ក៏ត្រូវបានបណ្ដាផលិតកម្មជាច្រើនសម្លឹងឃើញសមត្ថភាពរបស់លោកផងដែរ។

សឿន វីតា បញ្ជាក់ថា រឿងចំនួនពីរដែលលោកបានសម្ដែងឱ្យផលិតកម្មអិលឌីនោះ មានដូចជារឿង ”កូនប្រសារឡឺកឺ” និង ”ក្រមុំចិត្ដដែកប៉ះអង្គរក្សចិត្ដខ្លាំង”។ ថ្មីៗនេះ លោកក៏កំពុងតែទទួលយកការងារសម្ដែងនៅក្នុងរឿង”មន្ដស្នេហ៍កូនក្រមុំថៅកែត្បូង”។ លោកបន្ដថា ដោយសារតែលោកបានសម្ដែងចំនួនពីររឿងទៅហើយ និងការផ្លាស់ប្ដូរចរិតនៃការសម្ដែងពីតួអង្គស្លូតបូតមកជាតួកាចវិញ វាពិតជាធ្វើឱ្យលោកមានអារម្មណ៍ថាប្លែក ព្រោះចរិតពីធម្មជាតិរបស់លោកគឺជាអ្នកស្លូតបូត តែអ្វីដែលលោកទទួលបានមកវិញនោះ គឺការគាំទ្រដ៏ច្រើនពីសំណាក់មហាជនមិនចាញ់ការសម្ដែងបែបស្លូតនោះឡើយ។

តារាសម្ដែង វីតា ដែលមានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ីទៅតាមបណ្ដាខេត្ដនោះបានបន្ដទៀតថា៖”ទោះជាយ៉ាងណាខ្ញុំពុំដែលប្រកាន់ទៅលើការសម្ដែងទេ ទោះបីជាអ្នកដឹកនាំរឿងតម្រូវឱ្យខ្ញុំសម្ដែងជាតួអង្គមានចរិតបែបណាក៏ដោយ ក៏ខ្ញុំព្រមសម្តែងដែរ ព្រោះខ្ញុំគិតថា ចំណុចជោគជ័យរបស់ខ្ញុំមិនស្ថិតនៅលើតំណែង ឬប្រភេទតួអង្គឡើយ តែវាស្ថិតនៅលើសមត្ថភាពរបស់ខ្ញុំដែលអាចធ្វើទៅបានកម្រិតណា និងទទួលបានការគាំទ្រពីមហាជនប៉ុនណាតែប៉ុណ្ណោះ”៕

ទោះជាយ៉ាងណាលោកសឿន វីតា បញ្ជាក់ប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថាការសម្ដែងជាតួអង្គកាចពិតជាទាក់ទាញប្រជាប្រិយភាពបានឆាប់រហ័សជាតួអង្គស្លូតៗមែន៕

Advertisement