Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

ក្លិបតោខៀវ Chelsea បានលុបចោលគម្រោងនៃរៀបចំការហែក្បួនបង្ហាញពីការឈ្នះពាន ក្នុងទីក្រុងឡុងដ៍ នាថ្ងៃអាទិត្យនេះ ក្រោយពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃចន្ទក្នុងទីក្រុង Manchester។ ក្រុមរបស់លោក Antonio Conte បានឈ្នះពានក្របខ័ណ្ឌ Premier League ហើយអាចឈ្នះពានពីរក្នុងរដូវកាលតែមួយ តាមរយៈការឈ្នះពាន FA Cup នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ខាងមុខនេះ។

អ្នកគាំទ្រដ៏ច្រើនកុះករត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងកម្មវិធីហែក្បួនដ៏រីករាយនេះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រោយពីការពិចារណាយ៉ាងយកចិត្តទុកដាក់ទៅលើសោកនាដកម្មនេះហើយ យើងមានអារម្មណ៍ថា វាដូចជាមិនសមរម្យឡើយក្នុងការរៀបចំឲ្យមានការហែក្បួនតាមការគ្រោងទុកនៅថ្ងៃអាទិត្យនោះ»។ ក្លិបនេះបានបញ្ជាក់ប្រាប់បន្តថា៖ «ការសម្រេចចិត្តលុបចោលការហែក្បួនអបអរនេះបានកើតឡើង ក្រោយពីមានការរឹតបន្តឹងផ្នែកសន្តិសុខដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងយើងបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើការរៀបចំការហែរក្បួននេះរួចហើយ»។

Chelsea បានបន្ថែមទៀតថា៖ «ដើម្បីសុវត្ថិភាព និងផ្តល់ផលប្រយោជន៍ដល់គ្រប់គ្នា យើងជឿជាក់យ៉ាងមុតមាំថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ យើងជឿជាក់ថា អ្នកគាំទ្ររបស់យើងនឹងយល់ពីការសម្រេចចិត្តនេះ»៕
ប្រភពពី៖ Reuters

Advertisement