ជឿ ឬមិនជឿ! ដីតែជាង 2000ម៉ែត្រការ៉េ អាចដាំម្កាក់បានចំណូលប្រហែល 100ដុល្លារក្នុងមួយថ្ងៃ

ម្កាក់គឺជារុក្ខជាតិហូបផ្លែម្យ៉ាងដែលគេចូលចិត្តទទួលទានជាគ្រឿងម្ជូរនៅពេលទំនេរពិសេសសម្រាប់ស្ត្រីដែលសម្រាកពីការងារពេលថ្ងៃត្រង់ក៏ដូចជាស្ត្រីមេផ្ទះញ៉ាំកំដរមាត់ជាដើម។ យ៉ាងណាមិញម្កាក់មិនមែនមានប្រយោជន៍តែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹករបស់វាក៏មានប្រយោជន៍សម្រាប់ការដាំស្លជាម្ហូបអាហារផងដែរ ពិសេសគឺសម្លម្ជូរពោះគោសម្រាប់ពិធីបុណ្យ និងពិធីមង្គលការជាដើម។

ស្រ្តីកសិករ ហែម ស្រស់ ដែលបានចាប់យករបរដាំដើមម្កាក់ដើម្បីយកស្លឹកនេះជាង10ឆ្នាំមកហើយនោះបានរៀបរាប់ថា គ្រួសារគាត់បានមកទិញដីដាំដើមម្កាក់យកស្លឹកនេះនៅក្នុងភូមិថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលតាំងពីឆ្នាំ2008មក ដោយសារគាត់គិតថា ដំណាំនេះបានជួយលើកកម្ពស់ជីវភាពរបស់គ្រួសារគាត់ឱ្យធូរធារ សមរម្យ មានផ្ទះធំទ្រនំខ្ពស់ និងអាចមានលទ្ធភាពឱ្យកូនបានចូលរៀនមហាវិទ្យាល័យថែមទៀតផង។

អ្នកស្រីបានឱ្យដឹងថា ផ្ទៃដីដែលគាត់ដាំដុះនេះគឺមានទទឹង15ម៉ែត្រ និងបណ្តោយ 170ម៉ែត្រ ហើយកូនដើមម្កាក់ដែលយកមកដាំនេះ គឺគាត់បានទិញពីកន្លែងលក់កូនឈើនៅម្តុំសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងតម្លៃ1ដើម 800រៀល។ កសិករដដែលនេះបានបន្ថែមដែរថា ទំហំដីនេះគាត់អាចដាំបាន1000ដើម ហើយម្កាក់នេះគឺគេបេះយកតែស្លឹកលក់ប៉ុណ្ណោះ ដោយក្នុង1ខែអាចបេះបានក្នុងចន្លោះពី15ទៅ20ថ្ងៃ និងយកទៅលក់បោះដុំឱ្យម៉ូយនៅឯផ្សារដើមគ ដែល1ដុំធំស្មើនឹង10ដុំតូច មានទម្ងន់1គីឡូក្រាម លក់បានក្នុងតម្លៃពី3000 ទៅ 4000រៀល ហើយក្នុង1ថ្ងៃអាចបេះបានប្រមាណពី 80 ទៅ 100គីឡូក្រាម ជាងនេះទៅទៀតបើសិនជារដូវបុណ្យមង្គលការ (ខែប្រាំង) វិញនោះ គឺរកតែស្លឹកម្កាក់លក់ឱ្យម៉ូយស្ទើរតែមិនបានផង ហើយក៏កំពុងមានគម្រោងការទិញដីដើម្បីពង្រីកការដាំបន្ថែមទៀតដែរ។

ចំណែកឯលោក សួន ពេជ្រ ដែលជាស្វាមីរបស់អ្នកស្រី ហែម ស្រស់ វិញក៏បានបង្ហាញអំពីរបៀបដាំ និងវិធីថែទាំផងដែរថា ដំណាំម្កាក់យកស្លឹកនេះ គឺមិនពិបាកដាំ និងថែទាំនោះទេ និយាយរួមគឺមើលថែតែស្មៅកុំឱ្យវាដុះច្រើនប៉ុណ្ណោះ។ លោកបានរៀបរាប់ថា មុនពេលដាំ គឺយើងត្រូវភ្ជួររាស់ដី និងហាលចោលរយៈពេលពី10ទៅ15ថ្ងៃដើម្បីឱ្យដីឆ្អិនល្អហើយក៏មិនចាំបាច់លើកជារងដែរ ដោយគ្រាន់តែយកចបមកជីកជារណ្តៅតូចល្មមរួចយកកូនម្កាក់មកដាក់ដាំ និងស្រោចទឹកជាការស្រេច និងមិនចាំបាច់ដាក់ជីអ្វីនោះដែរ។ បន្ទាប់ពីដាក់ដាំរួច បើនៅខែប្រាំងយើងត្រូវស្រោចទឹកឱ្យបាន3ដងក្នុង1អាទិត្យ លុះ2ខែក្រោយបន្ទាប់ពីដាក់ដាំ គឺយើងអាចបេះស្លឹកវាយកទៅលក់បានជាបណ្តើរៗហើយ និងត្រូវបន្ថយការស្រោចទឹកឱ្យមកនៅត្រឹម1អាទិត្យ 2ដងបានហើយ ព្រោះដាំណាំនេះវាពុំសូវត្រូវការទឺក ឬជីប៉ុន្មាននោះទេ។

លោកបានបញ្ជាក់ថា ក្នុងការដាំ គឺត្រូវដាក់ដាំឱ្យឃ្លាតពីគ្នាពីដើមមួយទៅដើមមួយប្រមាណជា1,2ម៉ែត្រ ហើយដើមម្កាក់យកស្លឹកនេះបើនិយាយទៅគឺងាយថែទាំជាងដំណាំផ្សេងៗទៀត ព្រោះ1អាទិត្យគឺត្រូវស្រោចទឹកតែ2ដងប៉ុណ្ណោះ ហើយមិនចាំបាច់ដាក់ជីឬបាញ់ថ្នាំពុលសម្លាប់សត្វល្អិតអីដែរ ព្រោះស្លឹកវាដង្កូវមិនស៊ីដូចស្លឹកដើមម្កាក់យកផ្លែនោះទេពោលគឺគ្រាន់តែបាញ់ថ្នាំសម្លាប់ស្មៅ1ខែ2ទៅ3ដងជាការស្រេច។

លោកក៏បានប្រាប់បន្ថែមដែរថាស្លឹកម្កាក់នេះ គឺគេគ្មានយកទៅធ្វើអ្វីក្រៅពីធ្វើជាគ្រឿងផ្សំក្នុងសម្លម្ជូរគ្រឿងនោះទេ(ព្រោះវាមានរសជាតិជូរ និងឈ្ងុយក្លិនម្កាក់) ពិសេសនៅខែប្រាំងនៅរដូវដែលមានបុណ្យការច្រើននេះតែម្តង គឺលក់ដាច់ណាស់ម៉ូយមកកុម្ម៉ង់ទិញបេះលក់សឹងតែមិនទាន់ផង៕

Advertisement