រឿង​ដែល​អ្នក​ម្តាយ​ត្រូវ​ដឹង… តើ​រាងកាយ​កូនតូច​ត្រូវការ​ទឹក​ច្រើន​ប៉ុនណា?

ក្មេងតូចៗខ្លះ​បៅ​ទឹកដោះ​ហើយ​មិន​ញ៉ាំ​ទឹក ក្មេង​ខ្លះ​ញ៉ាំទឹកតែ​បន្តិចបន្តួច មួយថ្ងៃ​មិន​ទាំង​ដល់​មួយ​កែវ​ផង រហូត​អ្នក​ម្តាយ​អាច​នឹក​កង្វល់​ថា បើ​បែប​ហ្នឹង តើ​កូន​នឹង​បានទទួល​ជាតិ​ទឹក​គ្រប់គ្រាន់​ដែរឬទេ?

ទឹក នៅក្នុង​ទីនេះ​មានន័យ​អំពី​វត្ថុ​រាវ​ដែល​រាងកាយ​ត្រូវការ ដែល​ក៏​រួមទាំង​ទឹកដោះ និង​ទឹក​ផ្លែឈើ​ផងដែរ។ ក្នុងមួយថ្ងៃៗកូន​ត្រូវការ​វត្ថុ​រាវ​ប្រមាណ​ជា15%នៃ​ទម្ងន់​ខ្លួន ដូចជា កូនតូច​មាន​ទម្ងន់​ខ្លួន10គីឡូក្រាម ដូច្នេះ​កូន​នឹងត្រូវ​ការ​វត្ថុ​រាវ = 0 . 15 X 10 = 1 លិ​ត្រក​ន្លះ ដូច្នេះ​ស្មើនឹង​ក្នុង1ថ្ងៃ​កូន​គួរ​បានទទួល​ទឹកដោះ 960មី​ល្លី​លិ​ត្រ ទឹក​ផ្លែឈើ 60-120មី​ល្លី​លិ​ត្រ និង​ទឹកបរិសុទ្ធ 60មី​ល្លី​លិ​ត្រ និង​ចំណែក​ដែល​នៅសល់ កូន​នឹង​បានទទួល​អំពី​អាហារ​បន្ថែម​ក្នុងពេលនីមួយៗទៀតផង។

ដូច្នេះ​បើ​រាប់​ទឹកដោះ​ជា​ចំណែក​មួយ​របស់​ជាតិ​ទឹក​ដែល​រាងកាយ​កូន​ត្រូវការ​ហើយ​នោះ ក៏​មិនចាំបាច់​ទៅ​បារម្ភ​ថា កូន​នឹង​បានទទួល​ជាតិ​ទឹក​មិន​គ្រប់គ្រាន់​នោះទេ តែ​មូល​ហេតុដែល​ពេល​ឱ្យ​កូន​មឹ​ម​ទឹកដោះ​ហើយ គួរឱ្យ​កូន​មឹ​ម​ទឹក​ផង​នោះ គឺជា​ការបង្ហាត់​ឱ្យកូន​ចេះ​ញ៉ាំ​ទឹកស្អាត​បរិសុទ្ធ ហើយ​ដែល​សំខាន់​នោះ ជា​ការលាង​សម្អាត​កំណក​ទឹកដោះ​ដែល​ប្រឡាក់​ជាប់​នៅក្នុង​ប្រអប់មាត់​ផងដែរ។

ទឹកស្អាត…ចាប់ផ្តើម​នៅពេលណា​ល្អ?
គួរ​ចាប់ផ្តើម​តាំងពី​ពេល​កើត​ដំបូង ចូរ​ឱ្យ​មឹ​ម​ក្រោយពេល​បៅ​ទឹកដោះរួច ឬ​ក្នុងអំឡុងពេល​បៅ​ទឹកដោះ​ក៏បាន ជាពិសេស​ក្នុងអំឡុងពេល​ចាប់ផ្តើម​ឱ្យ​អាហារ​បន្ថែម គួរ​បញ្ចុក​ទឹកស្អាត​ឱ្យ​កូន​ញ៉ាំ​ក្នុងអំឡុងពេល​បញ្ចុក​អាហារ​ផង ដោយ​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​ប្រមាណ​ជា 1ស្លាបព្រា​កាហ្វេ​ជាមុនសិន និង​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច (និង​មុន​ឱ្យ​បៅ​ទឹកដោះ) រួចហើយ​សឹម​បង្កើន​ជាបណ្តើរៗឱ្យបាន​បរិមាណ120-180មី​ល្លី​លិ​ត្រ​ក្នុង​មួយថ្ងៃ។ អ្វីដែល​សំខាន់​នោះ គួរឱ្យ​កូនតូច​ញ៉ាំ​ទឹក​ដែល​ដាំ​ឆ្អិន​ល្អ​បំផុត និង​គួរ​ប្តូរ​
ទឹក​ញឹកញាប់​មុននឹង​ឱ្យ​កូនបៅ។ ទឹក​ដាំ​ឆ្អិន​ដែល​ឱ្យ​កូនបៅ​គួរ​រក្សាទុក​ក្នុង​ទូទឹកកក ព្រោះ​នឹង​ជួយ​បញ្ឈប់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​បាន តែ​មិនគួរ​រក្សាទុកលើសពី1-2ថ្ងៃ​ទេ។

ទឹក​ផ្លែឈើ… ក៏​សំខាន់ប៉ុនៗគ្នា​ដែរ
ទឹក​ផ្លែឈើ​ជា​ចំណែក​មួយ​របស់​ជាតិ​ទឹក​ដែល​ចាំបាច់​ដល់​រាងកាយ​របស់​កូន គួរ​ចាប់ផ្តើម​ឱ្យ​កូនតូច​ញ៉ាំ​ទឹក​ផ្លែឈើ​នៅពេល​មាន​អាយុ 6-7ខែ​ឡើងទៅ។ គួរ​ជ្រើសរើស​ផ្លែឈើ​ដែលមាន​រសជាតិស្រាលៗជាមុនសិន ដូចជា ផ្លែ​ប៉ោម ទំពាំងបាយជូរ និង​ល្ហុង​ទុំជាដើម ហើយ​រឿង​ភាព​ស្អាត​មាន​អនាម័យ​គឺជា​រឿង​សំខាន់ ចូរ​ប្រយ័ត្ន​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​នៅជាប់​សេសសល់​លើ​ផ្លែឈើ​នោះ​ឱ្យបាន​ខ្លាំង​ផង (គួរ​យកទៅ​ត្រាំ​ទឹក​ទុកចោល​ប្រមាណ​ជា15-20នាទី មុននឹង​យកទៅ​ច្របាច់ ឬ​ក្រឡុក​ឱ្យ​កូន​
ញ៉ាំ) និង​នៅពេល​ច្របាច់ ឬ​ក្រឡុក​ហើយភ្លាមថ្មីៗ គួរឱ្យ​កូន​ញ៉ាំ​តែម្តង បន្ទាប់ពីនោះ​ចូរ​ឱ្យ​ញ៉ាំ​ទឹកស្អាត​តាម​ក្រោយ​គ្រប់ពេល ដើម្បី​លាង​កំណក​ជាតិ​ស្ករ​ដែល​នៅជាប់​តាម​ជើងធ្មេញ និង​ក្នុង​ប្រអប់មាត់។

សូម​កុំភ្លេចថា បរិមាណ​របស់​ទឹក​ផ្លែឈើ​ដែល​ឱ្យ​កូនតូច​ញ៉ាំ​ក្នុងមួយថ្ងៃៗនោះ មិនគួរ​លើសពី90-120មី​ល្លី​លិ​ត្រ​ឡើយ បើសិនជា​ច្រើនជាងនោះ នឹងមាន​ផល​មិនល្អ​តាម​មក គឺ​នឹង​ធ្វើឱ្យ​កូនតូច​បៅ​ទឹកដោះ​បាន​តិច ព្រោះ​ទឹកដោះ​មានគុណ​ប្រយោជន៍​ចំពោះ​រាងកាយ​របស់​កូនតូច​ខ្លាំងជាង​ទឹក​ផ្លែឈើ​ច្រើនណាស់ ហើយ​មិនអាច​ជំនួស​គ្នា​បានឡើយ។ មាន​លោកឪពុក​អ្នក​ម្តាយ​ខ្លះ​ប្រើ​វិធី​ដាក់​ស្ករស​ទៅក្នុង​ទឹក​សម្រាប់​ឱ្យ​កូនតូច​ញ៉ាំ ដើម្បី​ជួយ​ឱ្យ​កូន​ញ៉ាំ​ទឹកស្អាត​ឱ្យបាន​ច្រើនឡើង តែ​វិធី​នេះ​ត្រូវបាន​
ហាម​ដាច់ខាត ព្រោះ​ក្រៅពី​នឹងធ្វើ​ឱ្យ​កូន​ញៀន​ជាតិ​ផ្អែម​ហើយ មេរោគ​ក៏​ចូលចិត្ត​ស្ករ​ដូចគ្នា​ដែរ ធ្វើឱ្យ​វា​មានឱកាស​បង្កើន​ចំនួន​ច្រើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងពេល​ដ៏​ខ្លី។

ពេល​ឱ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ គួរឱ្យ​ញ៉ាំ​ពី​កែវ ព្រោះ​ការឱ្យ​កូន​បឺត​ជញ្ជក់​ពី​ដប​ទឹកដោះគោ​នឹងធ្វើ​ឱ្យ​ភាព​ផ្អែម​នៅ​សេសសល់​ក្នុងប្រអប់មាត់ និង​ជាប់​តាម​កន្លុកកន្លៀត​ធ្មេញ​របស់​កូន​រយៈពេល​យូរ ធ្វើឱ្យ​មានឱកាស​ធ្មេញ​ពុក​បាន​ដោយ​ងាយ៕

Advertisement