Navas, Clichy, Caballero និង Sagna ចាកចេញពីក្លិប Man City

ខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញ Jesus Navas និងខ្សែការពារពោរពេញដោយបទពិសោធរបស់បារាំង Gael Clichy ជាមួយនឹងកីឡាករពីរនាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចាកចេញពីក្លិប Manchester City ក្រោយពីផុតកិច្ចសន្យានៅរដូវកាលនេះ។

Man City បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អ្នកចាំទីបម្រុង Willy Caballero ដែលបានសង្គ្រោះបាល់ប៉េណាល់ទី៣គ្រាប់ក្នុងពេលយកឈ្នះលើក្រុម Liverpool ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦នោះ ក៏នឹងត្រូវចាកចេញផងដែរ។ នាថ្ងៃដ៏មមាញឹកនៃការជម្រុះកីឡាករចេញពីក្រុម ដែលបានជួបនូវរដូវកាលដ៏ខកចិត្ត ក្រោយពីមិនបានឈ្នះពានអ្វីសោះក្នុងឆ្នាំទី១របស់លោកគ្រូបង្វឹក Pep Guardiola មិត្តរួមជាតិរបស់ Clichy គឺខ្សែការពារអន្តរជាតិបារាំង Bacary Sagna វ័យ៣៤ឆ្នាំ ក៏នឹងចាកចេញពីក្លិបនេះផងដែរ។ កីឡាករទាំងបួននឹងចូលរួមជាមួយនឹងខ្សែការពារជើងចាស់របស់អាហ្សង់ទីន Pablo Zabaleta ក្នុងការចាកចេញ ក្រោយពីកិច្ចសន្យារបស់ពួកគេបានបញ្ចប់។

Navas វ័យ៣១ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ច្រើនជាង១០០លើកសម្រាប់ក្រុម Man City ក្នុងរយៈពេល៤ឆ្នាំដែលរូបគេបានចំណាយពេលនៅទីនោះ ដោយបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ និងបានក្លាយជាសមាជិកដ៏សំខាន់ក្នុងការជួយឲ្យក្រុមនេះឈ្នះពានក្នុងរដូវកាលឆ្នាំ២០១៣-២០១៤។ លោក Txiki Begiristain ប្រធានផ្នែកកីឡាបាល់ទាត់របស់ Man City បានឲ្យដឹងថា៖ «ការធ្វើការជាមួយនឹង Jesus គឺជារឿងដ៏រីករាយមួយ។ ការខិតខំព្យាយាម ការលះបង់ ភាពជាកីឡាករអាជីព និងការស្រេកឃ្លានក្នុងការឈ្នះពានរបស់គេ បង្ហាញឲ្យឃើញជារៀងរាល់ថ្ងៃ»៕
ប្រភពពី៖ Reuters

Advertisement