Costa ស្រេកឃ្លានក្នុងការលើកពាន FA Cup ពេល Chelsea ប៉ះ Arsenal ថ្ងៃសៅរ៍នេះ

ខ្សែប្រយុទ្ធ Diego Costa នឹងសម្លឹងរកការធ្វើឲ្យរដូវកាលដ៏រង្គោះរង្គើរបស់គេបញ្ចប់ដោយការឈ្នះពានពីរ នៅពេលដែលក្រុមតោខៀវ Chelsea ជួបជាមួយនឹងក្រុម Arsenal ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍នេះ។

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញពីក្លិប Chelsea ដើម្បីទៅចូលរួមជាមួយនឹងក្រុមក្របខ័ណ្ឌរបស់ចិន Super League កាលពីខែមករា ប៉ុន្តែទីបំផុតបានសម្រេចចិត្តបន្តនៅ និងបានស៊ុតបាល់បញ្ចូលទី២០គ្រាប់ដើម្បីជួយឲ្យក្រុមរបស់ខ្លួនឈ្នះពានក្របខ័ណ្ឌ Premier League។ ការប្រកួតនៅថ្ងៃសៅរ៍នេះ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាការប្រកួតលើកចុងក្រោយរបស់គេក្នុងនាមជាកីឡាកររបស់ Chelsea ហេតុនេះ Costa នឹងស្រេកឃ្លានក្នុងការបង្ហាញពីថ្វីជើងរបស់គេ។

លោក Gary Neville អតីតប្រធានក្រុមនៃក្លិប Manchester United បាននិយាយថា៖ «Costa គឺជាសត្វមួយក្បាល នៅពេលដែលរូបគេមិនបានរកគ្រាប់បាល់បញ្ចូលទី រូបគេនឹងជួយឲ្យមិត្តរួមក្រុមរបស់គេរកឱ្យបាន។ ក្នុងការលេងជាមួយនឹងខ្សែប្រយុទ្ធតែម្នាក់ វានឹងក្លាយជារឿងដ៏លំបាកមួយក្នុងការបំពេញចន្លោះ ប្រសិនបើរូបគេចាកចេញពីក្លិបនេះ»។ លោក Neville បានបន្ថែមទៀតថា៖ «ការយកកីឡាករម្នាក់មកបំពេញកន្លែងរបស់គេ នឹងក្លាយជារឿងដ៏លំបាកមួយ។ រូបគេជាខ្សែប្រយុទ្ធកំពូលម្នាក់ និងមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ»។

Costa វ័យ២៨ឆ្នាំ បានបង្កើតឲ្យមានការចាប់អារម្មណ៍ភ្លាមៗក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោយពីបានផ្ទេរមកពីក្លិប Atletico Madrid កាលពីឆ្នាំ២០១៤។ រូបគេបានស៊ុតបាល់បញ្ចូលទី២០គ្រាប់ក្នុងយុទ្ធនាការលីកជាលើកទី១របស់គេដើម្បីជួយឲ្យក្រុម Chelsea លើកពាន និងបានស៊ុតបាល់បញ្ចូលទី១គ្រាប់ដ៏សំខាន់ ខណៈដែលក្រុមតោខៀវ បានផ្តួលក្រុម Tottenham Hotspur ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ។

Arsenal បានទម្លាក់ក្រុម Man City តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុម Chelsea បានយកឈ្នះលើជើងខ្លាំង Tottenham ក្នុងលទ្ធផល ៤-២។ ការប្រកួតរវាងក្រុមឈ្នះទាំងពីរនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០ យប់នេះ៕
ប្រភពពី៖ The Sun

Advertisement