ទីបំផុតលោក Mark Zuckerberg ទទួលបានសញ្ញាបត្រហើយ បន្ទាប់ពីបោះបង់ការសិក្សាជាង 12ឆ្នាំ

ទីបំផុតស្ថាបនិក Facebook លោក Mark Zuckerberg បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Harvard ដែលលោកបានបោះបង់ចោលការសិក្សាកាលពីជាង 12ឆ្នាំមុន រហូតក្លាយជាមហាសេដ្ឋីបន្ទាប់ពីបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ នេះបើយោងតាមគេហទំព័រ Telegrapth។

លោក Mark Zuckerberg បានបង្កើត Facebook នៅក្នុងបន្ទប់អន្តេវាសិកដ្ឋាននៅឆ្នាំ 2004 ហើយភាពជោគជ័យរបស់លោកក៏ចាប់ផ្តើមចេញពី Harvard ផងដែរ។ ដំបូងឡើយ Facebook ត្រូវបានដាក់ឱ្យប្រើប្រាស់តែក្នុងសាកលវិទ្យាល័យ Harvard តែប៉ុណ្ណោះ បន្ទាប់មកក៏ពង្រីកទៅកាន់សាកលវិទ្យាល័យ Ivy League University មុននឹងក្លាយជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។

រយៈពេល ១២ឆ្នាំបន្ទាប់ពីបានចាកចេញពីសាកលវិទ្យាល័យ Harvard ដើម្បីធ្វើការងារពេញម៉ោងនៅក្រុមហ៊ុន Facebook លោក Mark Zuckerberg មិនដែលបោះបង់ចោលគោលបំណងរបស់លោកក្នុងការត្រឡប់មកទទួលយកសញ្ញាបត្ររបស់លោកនោះឡើយ។ នៅពេលដែលលោកបានសិក្សានៅសាកលវិទ្យាល័យ Harvard ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរទីតាំងនៃការិយាល័យកណ្តាលរបស់ខ្លួនទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា តែ Zuckerberg នៅតែបន្តព្យាយាមចុះឈ្មោះចូលរៀន រហូតដល់ពេលដែលលោកត្រូវបង្ខំចិត្តចាកចេញពីសាលាតែម្តងនៅខែវិច្ឆិកា ឆ្នាំ2015។

ការទទួលសញ្ញាបត្ររបស់លោក Mark Zuckerberg នៅពេលនេះគឺហាក់មានរយៈពេលលឿនជាងលោក Bill Gates ដែលបានបោះបង់ចោលការសិក្សានៅឆ្នាំ 1975 ហើយរង់ចាំអស់រយៈពេលដល់ទៅ 32ឆ្នាំ ទម្រាំទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យមួយនេះ បើគិតចាប់ពីថ្ងៃដែលលោកចាកចេញពី Harvard នៅឆ្នាំ 1975 ហើយទទួលបានសញ្ញាបត្រនៅឆ្នាំ 2007។

នៅក្នុងកម្មវិធីទទួលសញ្ញាបត្រនេះ លោក Mark Zuckerberg ក៏ត្រូវបានអញ្ជើញឱ្យឡើងថ្លែងសុន្ទរកថាដូចដែលមានខ្លឹមសារនៅក្នុងខ្សែវីដេអូខាងក្រោមនេះ ៖

Advertisement