ក្រសួងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក

នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានសម្ពោធដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលដល់វិស័យឯកជន និងសាធារណជនក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។

ពិធីសម្ពោធត្រូវបានរៀបចំឡើងកាលពីថ្ងៃទី25 ខែឧសភានេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ 200នាក់។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានាក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកដែលបានដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។

ឯកឧត្តមបានគូសបញ្ជាក់ថា «ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ប្រព័ន្ធថ្មីនេះនឹងផ្តល់ភាពងាយស្រួលជាងមុន ដោយអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះកិច្ចព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួនទៀតដែរ។

លើសពីនេះ ក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។

តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកដែលដាក់ឲ្យដំណើរការនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនេះ ដែលនឹងធ្វើឡើងនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodia.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ៕

Advertisement