ឡេង ណាវ៉ាត់ត្រា ផលិតចម្រៀងសំណព្វចិត្តមួយបទតម្លៃ 7ពាន់ដុល្លារ

បន្ទាប់ពីលោក ឡេង ណាវ៉ាត់ត្រា ជាចាងហ្វាងផលិតកម្ម Galaxy បានសម្រេចចាប់ដៃគូជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ច្រៀងបទរួមគ្នាមួយដែលមានចំណងជើងថា “ឲ្យតែគិត ចេះតែចង់យំ” ដែលជាស្នាដៃដំបូងរបស់ពួកគេ ហើយឃើញថា បទនេះកំពុងតែមានភាពទាក់ទាញក្នុងទីផ្សារ និងទទួលបានការចាប់អារម្មណ៍ខ្លាំង។

នៅក្នុងនោះលោក ឡេង ណាវ៉ាត់ត្រា បានរំលេចចេញនូវសារអំពីបទចម្រៀងនោះថា ”បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ ខ្ញុំចង់និយាយថា រឿងអតីតកាលជារឿងដែលដិតដាមក្នុងជីវិត ជារឿងដែលសោកស្រណោះ និងស្រងេះស្រងោចបំផុតនៅពេលយើងបរាជ័យក្នុងរឿងណាមួយ ពេលនឹកឃើញរឿងអតីតកាល តើបងប្អូនមានចិត្ត គិតចង់យំដែរឬទេ?”។

លោកណាវ៉ាត់ត្រា បានប្រាប់ថា បទ “អោយតែគិត ចេះតែចង់យំ” បង្ហាញឱ្យឃើញនូវរឿងរ៉ាវអតីតកាលរបស់ខ្លួនដែលធ្លាប់ទទួលរងការឈឺចាប់ដោយសាររឿងស្នេហា ទើបធ្វើឱ្យលោកគិតថា អត្ថន័យក្នុងបទចម្រៀងដែលលោកផលិតវាឡើងមកនេះនឹងអាចទាក់ទាញដល់អារម្មណ៍មហាជន ពិសេសយុវវ័យឱ្យលង់លក់ក្នុងខ្លឹមសារទាំងនោះ។

លោកបញ្ជាក់ថា៖”មូលហេតុដែលខ្ញុំផលិតបទនេះឡើង គឺដើម្បីទុកលួងលោមខ្លួនឯង ព្រោះមនុស្សយើងមិនមែនចេះតែមានថ្ងៃសប្បាយចិត្ដរហូតនោះទេ វាគង់តែមានថ្ងៃខ្លះដែលត្រូវពិបាកចិត្ដដែរ ហើយពេលដែលពិបាកចិត្ដខ្ញុំតែងតែមានអារម្មណ៍ស្រងះស្រងោចនឹកឃើញរឿងវែងឆ្ងាយក្នុងជីវិត”។

លោកបន្ដថា នេះជាស្នាដៃដំបូងដែលលោក និងតារាចម្រៀងម៉ារ៉ា ប៊ុណ្ណា បានបង្កើតវាឡើងក្រោមការនិពន្ធទំនុកច្រៀងដោយលោកផ្ទាល់ និងនិពន្ធទំនុកភ្លេងដោយលោក ណាំ ប៊ុណ្ណារ័ត្ន។ ពាក់ព័ន្ធនឹងបទចម្រៀងនេះលោកនឹងចេញជាខារ៉ាអូខេនៅចុងខែមិថុនាខាងមុខ។

ពាក់ព័ន្ធនឹងការចំណាយថវិកាលើការថតខារ៉ាអូខេក្នុងចម្រៀងមួយបទនេះ លោកបានចំណាយប្រាក់ 7ពាន់ដុល្លារក្នុងការផលិត។ លោកណាវ៉ាត់ត្រាបានបញ្ជាក់ថា៖”ការផលិតខារ៉ាអូខេបទនេះ ខ្ញុំអត់ទទួលបានផលចំណេញអ្វីទេ ប៉ុន្ដែខ្ញុំត្រូវតែចំណាយវាដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ខ្ញុំអត់ចង់ផលិតយកតែបរិមាណទេ តែខ្ញុំចង់បានគុណភាព។ ម្យ៉ាងវាជាបទសំណព្វចិត្ដរបស់ខ្ញុំផង”។

គួរបញ្ជាក់ថា ចម្រៀងមួយបទនេះបានជ្រើសរើសយកតារាល្បីៗមកសម្ដែង ដែលមានដូចជា លោកប៉ែន ចំរ៉ុង កញ្ញា សាធ រស្មី លោកសេវិន ហ្វីលីព ជាដើម ព្រមទាំងថតដោយកាមេរ៉ា 4k ទៀតផង៕

Advertisement