ពេលទំនេរ គួរ​នាំគ្នា​ទៅយក​ប្រយោជន៍​ពី​ការហាត់​ប្រាណ​ក្នុង​ទឹក

នៅពេលដែល​និយាយ​ដល់​ការហាត់​ប្រាណ អ្នក​ប្រាកដជា​នឹក​គិតដល់​កាយវិការ​ជាច្រើន​ប្រភេទ ​ដែល​អាច​ឱ្យ​អ្នក​បញ្ចេញ​ញើស​បាន​យ៉ាងច្រើនរហូតដល់​ធ្វើឱ្យ​មនុស្ស​មួយចំនួន​ភ្លេច​គិត​ទៅដល់​លំ​ហាត់ប្រាណ​មួយ​ប្រភេទ​ទៀត​ដែល​អាចធ្វើឱ្យ​លោកអ្នក​មាន​រាងកាយ​សមសួន មាន​សុខ​ភាពល្អដូចគ្នា​ដោយ​មិនចាំបាច់​ចេញ​ញើស​មក​ខាងក្រៅ​នោះទេ។ ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ទឹក​ត្រូវបាន​គេ​ទុក​ថា​ជាការ​បញ្ចេញ​​សកម្មភាព​រាងកាយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ ព្រោះ​ក្រៅពី​មិនចាំបាច់​ចេញញើស​មក​ក្រៅ​ហើយ​នោះ​វា​នៅមាន​ភាព​ត្រជាក់ស្រួលខ្លួន និង​មាន​ភាព​រីករាយ​ទៀតផង។ ការហាត់​ប្រាណ​ក្នុង​ទឹក​អាចធ្វើ​ឡើងជា​ក្រុម​ក៏បាន ម្នាក់ឯង​ក៏បាន។

នៅពេលដែល​និយាយ​ដល់​ការហាត់​ប្រាណ​ក្នុង​ទឹក​អ្នក​ពិតជា​គិតថា វា​ពិតជា​មិនមាន​អ្វី​ក្រៅពី​ការ​ហែល​ទឹក​នោះទេ ប៉ុន្តែ​ការពិតទៅ​ការហាត់​ប្រាណក្នុង​ទឹក​អាចធ្វើ​ទៅបាន​តាមរយៈ​រូបភាព​ច្រើនយ៉ាង​ដូចជាការដើរ ឬ​រត់ត្រឹកៗនៅក្នុង​ទឹកឈរ​ ជើង​មួយធាក់​កង់ (ដៃ​កាន់​ជញ្ជាំង​អាង​ហែល​ទឹក ដើម្បី​ទប់​រាងកាយ) និង​លើក​ដុំ​ដែក​ជាដើម។ ដូច្នេះ​មក​មើល​បន្តិច​ទៅ​មើលថា តើ​គុណសម្បត្តិ​នៃ​ការហាត់​ប្រាណ​ក្នុង​ទឹក​មាន​អ្វីខ្លះ?

សម្រក​ទម្ងន់៖ តើ​អ្នក​ចង់​សម្រក​ទម្ងន់​ដែរ​ទេ? បើ​ដូច្នេះ​មែន​អ្នក​គួរតែ​កត់សម្គាល់​ទុក​នូវ​ការហាត់​ប្រាណ​ក្នុង​ទឹក។ ការស្រាវជ្រាវ​បានបង្ហាញ​ថាបើទោះជា​អ្នក​ហាត់ប្រាណ​ក្នុង​ទឹក​មិនបាន​បញ្ច​ញ​ញើស​ក៏ដោយ ក៏​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​នៅតែ​ត្រូវបាន​ដុតបំផ្លាញ​ដូចគ្នា​ទៅនឹង​ការហាត់​ប្រាណនៅលើ​គោក​ដែរ។

ពង្រឹង​សាច់ដុំ៖ ទឹកបាន​ធ្វើដំណើរ​ជ្រាប​ទៅគ្រប់​ទីកន្លែង​នៅក្នុង​រាងកាយ គឺ​វា​អាច​ជ្រាប ចូល​បាន​ច្រើនជាង​ខ្យល់​ទៅទៀត។ ការសិក្សា​មួយរបស់ Journal of Strength and Conditioning Research បានចេញ​ផ្សាយ​ថា​ការហាត់​ប្រាណក្នុង​ទឹក​គឺជា​ការហាត់​ប្រាណ​ដ៏​ល្អ​មួយបែប ដែលអាចជួយ​ពង្រឹង​សាច់ដុំ​អ្នក​ហាត់​ទាំង​ក្មេង និងចាស់។

ជំនួយ​បេះដូង និង​សរសៃឈាម៖ ប្រសិនបើលោកអ្នក​មាន​បញ្ហា​សុខភាព​ដែល​ទាក់ទង​ទៅនឹង​បេះដូង និង​សរសៃឈាម ដូច្នេះ​អ្វី​ដែលជា​ជំនួយការ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ស្វែងរក​នោះ​គឺ ការហាត់​ប្រាណ។ អ្នកជំនាញ​ផ្នែក​សុខភាពណែនាំ​ឱ្យ​អ្នក​ជ្រើស​រើសយក​ការហាត់​ប្រាណ​ក្នុង​ទឹក​ធ្វើជា​ផ្នែក​មួយ​នៃ​ការថែទាំ​សុខភាព​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ប្រភេទ​នេះ។

កម្ចាត់​ភាព​ធុញថប់៖ ក្រៅពី​គុណប្រយោជន៍​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាងលើ​ហើយ​នោះការហាត់​ប្រាណ​ក្នុង​ទឹក​នៅ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា កាត់បន្ថយ​ភាព​តានតឹង​ផងដែរ។ British Journal of Sports Medicine បានធ្វើការ​សន្និដ្ឋានថា ការហាត់​ប្រាណ​ក្នុង​ទឹក​គឺជា​វិធីសាស្ត្រ​ដ៏​ ល្អ​មួយ​ក្នុងការ​កម្ចាតរោគ​ស្ត្រេ​ស មិន​ថា​វា​ជា​ភាព​ធុញថប់​ផ្នែក​ខាងក្រៅ ក្នុង​ចិត្ត បញ្ហា​សង្គម ឬ​បញ្ហា​មួយចំនួនទៀត​ដូចជា បញ្ហា​គេង​មិន​លក់​ជាដើម។

រក្សា​សម្ពាធ​ឈាម​ឱ្យមាន​លំនឹង៖ កម្លាំង​នៃ​ទឹក​អាចជួយ​ជម្រុញ​ចលនា​ឈាម​ឱ្យ​រត់​បាន​ស្រួល​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ការ​ជំរុញ​ដល់​ចលនា​ឈាម​រត់​នេះ​គឺជា​សារប្រយោជន៍​ដ៏​ជាក់លាក់​មួយ​ដែល​អ្នកមាន​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​អ្នក​ដែល​តែងតែ​ប្រឈម​គ្រប់គ្នា​គួរតែដឹង។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​មួយ​ដែលមាន​ឈ្មោះថា Asian Journal of Sports Medicine បានធ្វើការ​បង្ហាញថា ការចូលរួម​សកម្មភាព​កីឡា​ក្នុង​ទឹក​ចំនួន 10សប្តាហ៍​អាចជួយ​កាត់បន្ថយ​អាការ​ឡើង​ឈាម​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់។

កាត់បន្ថយ​អាការ​ស្ពឹក​ស្រពន់៖ តាមរយៈ​ការបញ្ចេញ​កាយវិការ​នៅក្នុង​ទឹក បានធ្វើឱ្យ​ផ្នែកផ្សេងៗ នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​មាន​ភាពរហ័សរហួន​ឡើង ហើយ​ការដែល​បាន​បញ្ចេញ​កាយវិការ​នេះ ហើយ​ដែល​អាចជួយ​ឱ្យ​យើង​គេចផុត ឬ​កាត់បន្ថយ​បាន​នូវ​អាការ​ស្ពឹក​ស្រពន់។

ថែទាំ​ឆ្អឹង​ស្ត្រី​ក្រោយពេល​អស់​រដូវ៖ ការហាត់ប្រាណ​ក្នុង​ទឹក​ត្រូវបាន​គេ​​ចាត់ទុកថា ជា​កីឡា​ដ៏ល្អ​មួយ​ប្រភេទ ដែល​អាច​ផ្តល់នូវ​គុណប្រយោជន៍​ចំពោះឆ្អឹង​របស់​ស្ត្រី ជាពិសេស​គឺ​នៅក្រោយពេល​អស់​រដូវ។ ការសិក្សា​ស្រាវជ្រាវ​របស់ Journal of Sports Medicine និង Physical Fitness បាន​រកឃើញថា ស្ត្រី​ដែល​តែងតែ​អនុវត្ត​ការធ្វើ​លំ​ហាត់ប្រាណ​​ក្នុង​ទឹកជា​ប្រចាំ​រយៈពេល 7ខែ បាន​ជួយឱ្យ​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង​ មានការ​ផ្លាស់ប្តូរ​យ៉ាង​ល្អ​គួរឱ្យកត់សម្គាល់។

បើទោះជា​ អ្នក​មិនបាន​រកឃើញថា​ការហាត់​ប្រាណ​ក្នុង​ទឹក​មានគុណ​ប្រយោជន៍​ណាមួយ​ដែលត្រូវ​ជាមួយ​អ្នក​ក៏ដោយ តែ​សូមកុំ​គិតថា​វា​គ្មាន​ប្រយោជន៍​ចំពោះ​អ្នក​ឱ្យសោះ ព្រោះ​វា​មិនមែន​បញ្ចប់​ត្រឹមតែ​ប៉ុន្មាន​ចំណុច​ដែល​បាន​រៀបរាប់​នេះ​ទេ ការពិតទៅ​ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ទឹកបាន​ផ្តល់នូវ​គុណប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​មនុស្ស​គ្រប់គ្នា​និង​គ្រប់​វ័យ​ដូចជា៖

*ដុតបំផ្លាញ​​ ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​ច្រើនទាំង​ក្នុងអំឡុងពេល​ហាត់ និង​ក្រោយពេល​ហាត់។
​​*បង្កើន​ថាមពល និង​ភាពរឹងមាំ​ដល់​រាងកាយតាមរយៈ​ការ​កម្ចាត់​ចោល​នូវ​ភាព​តានតឹង និងអាការ​ឈឺក្បាល​ជាដើម។
*ការហាត់​ប្រាណ​ក្នុង​ទឹក​តម្រូវឱ្យ​លោកអ្នក​ប្រើ​ថាមពល​ទ្រទ្រង់​ទម្ងន់​រាងកាយ​ត្រឹមតែ 50%ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ការហាត់​ប្រាណ​កាន់​តែមាន​ភាពងាយស្រួល​ឡើង។
*មិនចាំបាច់​ត្រូវការ​សម្ភារ​ហាត់ប្រាណ​ច្រើន​ប្រភេទ ឬពិសេសៗអី​នោះទេ ។
*ជាការ​ម៉ាស្សា​សាច់ដុំ​ដ៏​អស្ចារ្យ​ដែល​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ​ពី​ថាមពលទឹក។

ការហាត់​ប្រាណ​ក្នុង​ទឹក​គឺជា​កីឡា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ហើយ​បើទោះជា​អាកាសធាតុ​ក្តៅ​បែបណាក៏ដោយ ក៏​លោកអ្នក​មិនមាន​អ្វី​ត្រូវខ្វាយខ្វល់​នោះដែរ ដូច្នេះ​កុំ​ភ្លេច​នាំ​សមាជិកគ្រួសារ​របស់លោក​អ្នក​ទៅធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ទឹក​ទាំងអស់គ្នា​ណា៎៕

Advertisement