ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ

មុខម្ហូប​មួយ​មុខ​ទៀត​ហើយពី​អ្នកស្រី Sakorak Thonn ដែលជា​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​គ្រួសារ​របស់​អ្នកស្រី នឹង​ជា​អ្នក​ដែល​និយម​ចូលចិត្ត​ចម្អិនម្ហូប​អាហារឆ្ងាញ់ៗ និងប្លែកៗ ដើម្បី​ទទួលទាន​នៅក្នុង​គ្រួសារ និង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មេផ្ទះ​ទាំងឡាយ ដើម្បី​បញ្ចេញថ្វីដៃ​ចម្អិន​អាហារ​សម្រាប់​សមាជិកគ្រួសា​រ​ជាទី​ស្រឡាញ់​ទទួលទាន​យ៉ាង​ឆ្ងាញ់​មាត់​ជុំគ្នា។ ម្ហូប​មួយ​មុខ​នេះ​គឺ “ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ” ដូច្នេះសូម​តាមដាន​នូវ​គ្រឿ​ផ្សំ និង​របៀប​ធ្វើ​មុខម្ហូប​នេះ​ទាំងអស់គ្នា។

+ គ្រឿងផ្សំ
• សាច់ជ្រូក 3ខាំ
• ទឹកត្រី 2ស្លាបព្រា​បាយ
• ស្ករស 1ស្លាបព្រា​កាហ្វេ
• ខ្ទឹមស 1មើម
• ក្រូចឆ្មារ 3ផ្លែ
• ម្ទេស 6ផ្លែ
• ខាត់ណា 1ដើម

+ របៀប​ចម្អិន

របៀប​ចម្អិន ដំបូង​ត្រូវ​សក​ដើម​ខាត់ណា រួច​លាង​ទឹក​ឱ្យ​ស្អាត បន្ទ​ប់បាយ​កមក​កាត់​ជា​កង់​តូច​ល្មម ហើយ​យកទៅ​ក្លាសេ​ជាមួយ​ទឹកកក​ឱ្យ​ត្រជាក់ ទុក​មួយអន្លើ។ បន្ទាប់មក​សឹម​ហាន់​ខ្ទឹមស និង​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​ចិត​ក្រូចឆ្មារ​ជា​ចំណិត និង​ហាន់​ម្ទេស​ស្រស់​ឱ្យ​ល្អិត ដើម្បី​ធ្វើ​ទឹកត្រី​ជូរអែម។ លាយ​ទឹកត្រី ជាមួយ​ស្ករស​ក្នុង​បរិមាណ​ដូច​រៀបរាប់​ពី​ខាងលើ រួច​ច្របាច់​ក្រូចឆ្មារ​ចូល និង​ដាក់​ខ្ទឹមស​ចិញ្ច្រាំ និង​ម្ទេស​ចូល កូរ​ឱ្យ​សព្វ និង​ចូលជាតិ​គ្នា​ល្អ ទុក​មួយអន្លើ​សិន។ រួច​យក​សាច់ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត ហើយ​យកមក​ហាន់​ជា​ចំណិតស្តើង។ បន្ទាប់មកទៀត​សឹម​ដាក់​ឆ្នាំង​នៅលើ​ភ្លើង​ដាំទឹក​ឱ្យ​ពុះ​ល្អ សឹម​ដាក់​សាច់ជ្រូក​ចូល​ស្ងោរ​ឱ្យ​ឆ្អិនល្មមៗបាន​ហើយ។ យក​ចាន​មក​ដាក់​សាច់ជ្រូក ដែល​ស្ងោរ​ឆ្អិន​នោះ​ឱ្យមាន​របៀប រួច​ចាក់​ទឹកត្រី​ជូរអែម​ពីលើ និង​បន្ថែម​ដោយ​ដើម​ខាត់ណា ដែល​កាត់​ជា​ដុំតូចៗលម្អ និង​ទុក​ទទួលទាន​ជា​អន្លក់​ដូច​រូប​ជាការ​ស្រេច៕

Advertisement