ធនាគារជាតិ ប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ការពារផលប្រយោជន៍អតិថិជន

ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយស្តីពីការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យ ការផ្តល់សេវាទូទាត់សងប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការការពារផលប្រយោជន៍អតិថិជន។

សេចក្តីប្រកាសនេះ មានគោលបំណងផងដែរដើម្បីធានាភាពរឹងមាំនៃសេវាទូទាត់សងប្រាក់ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែងលើកកម្ពស់គំនិតច្នៃប្រឌិត និងផ្តល់ជំនឿទុកចិត្តដល់សាធារណជនដែលប្រើប្រាស់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ទោះជាយ៉ាងនេះក្តីសេចក្តីប្រកាសថ្មីនេះ មិនមានវិសាលភាពគ្រប់ដណ្តប់ទៅលើចំណុចមួយចំនួននោះទេដែលក្នុងនោះរួមមាន ៖
1. ការផ្តល់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទ្រទ្រង់សេវាកម្ម ទូទាត់សងប្រាក់ ដោយមិនពាក់ព័ន្ធក្នុងការរក្សាទុកមូលនិធិ ការរក្សាទុក និងដំណើរការទិន្នន័យ បរធនបាលកិច្ច និងការរក្សាការសម្ងាត់ ការបញ្ជាក់អត្តសញ្ញាណ និងទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ ការថែរក្សាទីតាំង និងឧបករណ៍សម្រាប់សេវាទូទាត់សងប្រាក់។
ចំពោះប្រតិបត្តិការទូទាត់សងប្រាក់ដែលប្រើទីតាំងគ្រឹះស្ថានធនាគារស្រាប់ តែប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបញ្ជាផ្ទេរប្រាក់ត្រូវស្ថិតក្រោមវិសាលភាពប្រកាសស្តីពី «អ្នកដំណើរការតតិយភាគី»។

2. សេវាផ្អែកលើឧបករណ៍ទូទាត់ជាក់លាក់ ដែលអាចប្រើប្រាស់បាននៅក្នុងកម្រិតកំណត់ណាមួយ និងឧបករណ៍ដែលអាចទូទាត់ទំនិញ ឬសេវាកម្មតែនៅក្នុងទីតាំងរបស់គ្រឹះស្ថាន ចេញផ្សាយ ឬនៅក្នុងតែបណ្តាញទីតាំងរបស់គ្រឹះស្ថានដែលចេញ។

សូមបញ្ជាក់ថា អ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ សំដៅទៅលើរួបវន្តបុគ្គល ឬនីតិបុគ្គល ដែលប្រើប្រាស់សេវាទូទាត់សងប្រាក់ ដូចជាអ្នកសងប្រាក់ និងអ្នកទទួលប្រាក់ ឬអ្នកទាំងពីរ៕

Advertisement