ក្រសួងកសិកម្មនឹងបង្កើតប្រព័ន្ធវេបសាយផ្តល់ព័ត៌មានទីផ្សារកសិផលជូនប្រជាពលរដ្ឋ

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយបណ្តាអង្គការសង្គមស៊ីវិល ក្រុមហ៊ុន​ឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មដើម្បីបង្កើតប្រព័ន្ធវេបសាយមួយឈ្មោះថា ប្រព័ន្ធWEB PORTAL ដើម្បីប្រមូលផ្តុំព័ត៌មានអំពីរបៀបនៃការដាំបន្លែផ្លែឈើ និងផ្តល់ព័ត៌មានទីផ្សារសម្រាប់ប្រជាកសិករ​នាំកសិផលចូល​ទៅទីផ្សារ។

លោក ម៉ាក់ សឿន អគ្គនាយករង និងជាប្រធានកម្មវិធីស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្ម នៃក្រសួង​កសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទបានប្រាប់BTV កាលពីថ្ងៃម្សិលមិញថា គម្រោងបង្កើតប្រព័ន្ធWEB PORTALដើម្បីផ្ទុកនូវរាល់ព័ត៌មានទាំងអស់ពិសេសព័ត៌មានទាក់ទងនឹងការស្វែងទីផ្សារជូនប្រជាកសិករនោះកំពុងតែដំណើរការនៅក្នុងគម្រោង Extension HUB(ហាប់)ហើយ។

លោក ម៉ាក់ សឿន បន្តថា ប្រព័ន្ធ WEB PORTAL គឺជាគេហទំព័រមួយ​ប្រភេទដែល​អាចផ្តល់​ព័ត៌មានទីផ្សារកសិផលជូនប្រជាកសិករតាមរយៈការឱ្យសញ្ញាជារំញ័រនៅតាមទូរស័ព្ទដៃរបស់ប្រជាកសិករដើម្បីឱ្យគាត់បើកមើលព័ត៌មានផ្សេងៗទាក់ទងនឹងទីផ្សារកសិផល និងការដំណាំណាដែលទីផ្សារកំពុងមានតម្រូវការ និងមានតម្លៃខ្ពស់។ ក្រៅពីនេះប្រជាកសិករក៏អាចផ្ញើសារនានាដើម្បីឱ្យអ្នកជំនាញជួយបកស្រាយចម្ងល់ទាក់ទងនឹងបញ្ហាដំណាំកសិកម្មផងដែរ។

លោកបន្តថា កន្លងមកក្រសួងកសិកម្ម ធ្លាប់បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជានៅតាមវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងបណ្តាញព័ត៌មានសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងកសិកម្ម និងទីផ្សារកសិកម្មជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួចមកហើយ៕

Advertisement