រដ្ឋាភិបាលនឹងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យជូនប្រជាជន

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីសម្រាប់អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងបន្ទាប់ពីបើកកិច្ចប្រជុំនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនាព្រឹកថ្ងៃទី22 ខែមិថុនានេះថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ លើកទឹកចិត្ត និងបង្កើតកម្មវិធីគោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ សំដៅធ្វើឲ្យប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

លោកបន្តទៀតថា គោលបំណង និងគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចូលរួមចំណែកដល់ការទទួលបានលំនៅឋានសមរម្យសម្រាប់ក្រុមគ្រួសារដែលមានចំណូលទាប និងមធ្យម ហើយជាការលើកកម្ពស់សុខសុវត្ថិភាពនៃការកាន់កាប់លំនៅឋាន ការពង្រឹងគុណភាព និងបង្កើនការទទួលបានសេវាទឹក និងភ្លើងអគ្គិសនីជាដើម។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ទៀតថា គោលដៅនៃការសង់លំនៅឋានតម្លៃសមរម្យ គឺប្រើប្រាស់យន្តការភាពជាដៃគូរដ្ឋ និងឯកជន ហើយបង្កើតឲ្យមានការកម្ចីអនុគ្រោះសម្រាប់ទិញ និងជួសជុលលំនៅឋានដោយការផ្តល់កម្ចីរយៈពេលវែង និងមានការប្រាក់សមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលទាប និងមធ្យម។ គម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យសម្រាប់មហាជនរួមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងប្រទេសកម្ពុជាបានលេចចេញជារូបរាងហើយនៅឆ្នាំ2017នេះ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ជាមួយនឹងកំណើនសេដ្ឋកិច្ច នគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័សដែរ ព្រោះតាមរយៈការសិក្សារបស់ក្រសួងអំពីក្របខ័ណ្ឌយុទ្ឋសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ និងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

តាមទិន្នន័យនេះបានបង្ហាញឲ្យឃើញថា សម្រាប់រយៈពេល 15ឆ្នាំ គិតចាប់ពីឆ្នាំ2015 ដល់ 2030 តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី ក្រុង និងទីប្រជុំជននឹងមានប្រមាណជា80ម៉ឺនលំនៅដ្ឋានដែលគិតជាមធ្យម គឺមានតម្រូវការប្រមាណ5ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ៕

 

Advertisement