អ្នកម្តាយមានគភ៌ ឈរ និងដើរយូរ ហុចផលអាក្រក់ដល់សុខភាព

អ្នកម្តាយមានគភ៌ចាប់ពី 20សប្តាហ៍ឡើងទៅ មិនគួរដើរ ឬឈរយូរៗឡើយ ព្រោះអាចហុចផលប៉ះពាល់ធ្វើឱ្យជើងហើមខ្លាំងឡើងបាន។ ថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗមកណែនាំអ្នកម្តាយមានគភ៌ បើកើតមានអាការចុករួយបាតជើងពេលអាយុគភ៌កាន់តែច្រើនឡើង និងឥរិយាបទហាត់ប្រាណ ការពារជង្គង់ចុះខ្សោយចំពោះអ្នកម្តាយមានគភ៌ មកជម្រាបជូន។

ពេលមានគភ៌ ទាំងសេរីរាង្គ និងអ័រម៉ូនរបស់អ្នកម្តាយមានការប្រែប្រួល ការឈរ ឬដើរយូរៗលើស 30នាទី អាចនឹងហុចផលអាក្រក់ដល់សុខភាពអ្នកម្តាយបាន។

បញ្ហា 4 យ៉ាង បើឈរ ឬ ដើរយូរ
សន្លាក់ជង្គង់ចុះខ្សោយ៖ ជាមធ្យម ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងក្នុងអំឡុងពេលតាំងគភ៌យ៉ាងតិច 11 – 15 គីឡូក្រាម ធ្វើឱ្យជង្គង់ត្រូវទទួលទ្រទម្ងន់ដែលចេះតែកើនឡើងរហូត 9 – 10 ខែនោះ និងថែមទាំងមានកិច្ចការងារត្រូវធ្វើទៀតផង។ រឹតតែអ្នកម្តាយដើរច្រើន ក៏នឹងរឹតតែធ្វើឱ្យទម្ងន់សង្កត់ចុះទៅលើជង្គង់ខ្លាំងឡើង ទើបអ្នកម្តាយច្រើនតែមានអាការឈឺសន្លាក់ជង្គង់ ស្រដៀងជង្គង់ចុះខ្សោយ ឬអាចនឹងកើតការចុះខ្សោយរបស់ជង្គង់មែនក៏អាចថាបានដែរ។

វិធីកែខៃ
– មិនគួរដើរច្រើន ឬ ដើរឡើងចុះជណ្តើរញឹកញាប់ទេ។
– មិនគួរលើករបស់ធ្ងន់ៗ ឬ អង្គុយចោងហោងឡើយ។
– គួរគ្រប់គ្រងទម្ងន់ឱ្យឡើងតាមដំណាក់កាលខណៈតាំងគភ៌ (មួយសប្តាហ៍ប្រមាណជា 0,5 គីឡូក្រាម) ព្រោះអាការឈឺនឹងខ្លាំងឡើងបើទម្ងន់ខ្លួនកើនឡើងខ្លាំងពេក។
– ហាត់ប្រាណធ្វើឱ្យសាច់ដុំភ្លៅរឹងមាំដើម្បីទទួលទ្រទម្ងន់ខ្លួនជំនួសឆ្អឹងសន្លាក់ជង្គង់ដែលជាការការពារការកើតឆ្អឹងសន្លាក់ជង្គង់ចុះខ្សោយ ឬក្នុងករណីដែលកើតឡើងរួចហើយ ក៏នឹងជួយមិនឱ្យយ៉ាប់យ៉ឺនខ្លាំងជាងហ្នឹងទៀត និងបន្ថយអាការឈឺចាប់បាន។

ឈាមស្ទះ ហើមជើង៖ អាយុគភ៌ 20 សប្តាហ៍ឡើងទៅ ស្បូននឹងតោងផ្អៀងទៅខាងស្តាំ ធ្វើឱ្យទៅសង្កត់លើសរសៃឈាមខ្មៅធំនៅក្នុងប្រឡោះត្រគាកដែលហូរនាំឈាមត្រឡប់ទៅបេះដូងវិញ និងចែកចាយឈាមល្អដើម្បីចិញ្ចឹមរាងកាយជាបន្ត នៅពេលត្រូវសង្កត់ជាប់ ការហូរវឹលរបស់ឈាមពីជើងផ្នែកខាងក្រោមត្រឡប់ទៅបេះដូងវិញធ្វើបានតិច ទើបធ្វើឱ្យឈាមស្ទះនៅនឹងជើង និងបាតជើង ធ្វើឱ្យកើតបញ្ហាជើង ឬបាតជើងហើមបានយ៉ាងងាយ ហើយបើអ្នកម្តាយរឹតតែឈរយូរៗ ឬដើរជាប់រហូតរយៈពេលយូរផងនោះ នឹងរឹតតែធ្វើឱ្យជើងហើមកាន់ខ្លាំងឡើង។

វិធីកែបញ្ហា
– ចៀសវាងការឈរយូរៗ ឬដើរជាប់រហូតរយៈពេលយូរ។
– ចៀសវាងការអង្គុយសំយ៉ុងជើងយូរៗ គួរអង្គុយដាក់ជើងឱ្យខ្ពស់ ដូចជា ដាក់ជើងសណ្តូកលើកៅអី ជាដើម។
– ខណៈពេលគេងលក់ គួរយកខ្នើយ ឬភួយមកដាក់ទ្រជើងឱ្យខ្ពស់ នឹងជួយឱ្យឈាមហូរវឹលបានល្អឡើង។
– បើសិនមានអាការហើមជើង ហើយឈឺ ចូរត្រាំជើងក្នុងទឹកក្តៅឧណ្ហៗមុនពេលចូលគេង នឹងជួយកាត់បន្ថយអាការឈឺឱ្យ
ថយចុះបាន។

ឥរិយាបថហាត់ប្រាណ ការពារជង្គង់ចុះខ្សោយ
1/ ឈរត្រង់ ដៃចាប់បង្អែកកៅអី ទម្លាក់ខ្លួនចុះឱ្យជង្គង់បញ្ជុចចុះបន្តិច ស្ថិតក្នុងឥរិយាបថបែបនោះដោយរាប់ 3 – 6 ហើយឈរត្រង់ឡើងវីញ រួចធ្វើដដែលៗ 3 – 6 ដង។
2/ អង្គុយលើកៅអី សណ្តូកជើងម្ខាង និងប្រឹងប្រមាណ 10 វិនាទី ហើយបញ្ជុចជង្គង់ចុះ ហើយប្តូរទៅធ្វើជើងម្ខាងទៀត ធ្វើដដែលៗឱ្យបានច្រើនដង។

សរសៃឈាមខ្វេរនៅនឹងជើង៖ គឺមានឈាមស្ទះនៅនឹងសរសៃឈាមខ្មៅ ធ្វើឱ្យសរសៃឈាមហើមប៉ោង អ្នកម្តាយអាចមានអាការរមាស់ ឬមានអារម្មណ៍ថារាងធ្ងន់ៗនៅនឹងជើង ដែលបណ្តាលមកពីស្បូនទៅសង្កត់ពីលើសរសៃឈាមខ្មៅធំក្នុងប្រឡោះឆ្អឹងត្រគាក និងបណ្តាលមកពីការប្រែប្រួលរបស់អ័រម៉ូនខណៈតាំងគភ៌ ធ្វើឱ្យពេលឈរ ឬអង្គុយសំយ៉ុងជើងយូរៗនឹងរឹតតែមានអាការនោះខ្លាំងឡើង។

ក្រៅពីទម្ងន់ខ្លួនដែលកាន់តែកើនឡើងច្រើនហើយនោះ នៅលើអ្នកម្តាយដែលដើរច្រើន នឹងហុចផលឱ្យកជើង និងបាតជើងទ្រទម្ងន់ខ្លាំងឡើងដែរ ធ្វើឱ្យសរសៃប្រសាទត្រូវបានសង្កត់លើនៅម្តុំកជើង ទើបកើតអាការសរសៃបាតជើងរលាក ឈឺបាតជើងនៅពេលដើរ។

វិធីកែបញ្ហា
ចៀសវាងការឈរ ឬអង្គុយសំយ៉ុងជើងយូរៗ គួរក្រោកផ្លាស់ប្តូរឥរិយាបថរៀងរាល់ 30 នាទី ដាក់ក្រណាត់រឹត ( Support )នៅលើជើង កន្លែងដែលសរសៃឈាមខ្វេនោះ និងអ្វីដែលសំខាន់គឺ ចៀសវាងការពាក់ស្បែកជើងកែងចោត គួរពាក់ស្បែកជើងណាដែលពាក់ទៅស្រួល បាតរាប ក្រាស់ទន់ ការពាររអឹល និងទប់ទល់នឹងការពង្រីកខ្លួនរបស់ជើងបានល្អ។

មិនមែនជារឿងពិបាកក្នុងការកាត់បន្ថយអាការឈឺចាប់ ឬការរលាកដែលកើតចេញពីការដើរក្នុងអំឡុងពេលតាំងគភ៌នោះឡើយ បើប្រតិបត្តិតាមវិធីខាងលើរហូតដល់ពេលក្រោយប្រសូត 3 ខែ នឹងជួយឱ្យរាងកាយឆាប់រឹងប៉ឹងឡើងវិញមិនខាន៕

Advertisement