វិស័យឯកជនស្នើកុំឲ្យសាងសង់ស្ថានីយប្រេងនៅលើកោះ

ភ្នំពេញៈ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានស្នើរដ្ឋាភិបាលកុំឲ្យមានការសាងសង់ស្ថានីយប្រេងនៅតាមបណ្តាកោះនានា ពិសេសកោះរ៉ុង ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបំពុលបរិស្ថាន និងធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ការសាងសង់ស្ថានីយប្រេងនឹងធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ និងបរិស្ថាននៅលើកោះ ព្រោះពេលមានរថយន្តបើកបរច្រើននឹងធ្វើឲ្យខូចបរិស្ថាន ហេតុនេះនៅតាមបណ្តាកោះនានាគួរមានត្រឹមតែម៉ូតូ ឬរថយន្តអគ្គិសនី គឺជាការប្រសើរបំផុត។ លោកបន្តថា នៅពេលមានការបំពុលបរិស្ថាន វានឹងបំផ្លាញអ្វីៗទាំងអស់ ហើយយើងនឹងបាត់បង់ទាំងអស់ ប្រសិនជាយើងមិនយកចិត្តទុកដាក់ពីឥឡូវនេះទៅទេនោះ។

លោក ហូ វណ្ឌី បានបន្តថា ការបំពុលទឹកតាមរយៈការបង្ហូរកាកសំណល់ ចូលប្រភពទឹក ការបោះចោលថង់ផ្លាស្ទិក និងសំរាមនៅតាមតំបន់ឆ្នេរ និងលើឆ្នេរជាការបំផ្លាញវិស័យទេសចរណ៍ដ៏ខ្លាំងសម្បើម ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះផង។

សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍លោក លូ ម៉េង បានបន្ថែមថា សំរាម និងការបំពុលបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នាដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីលើកកម្ពស់បរិស្ថាន និងទីក្រុងឲ្យបានស្អាត ព្រោះសំរាមជាសត្រូវរបស់ទេសចរណ៍ដែលភ្ញៀវទេសចរមកពីប្រទេសមួយចំនួនពួកគេមានការខ្លាចរអា មិនចង់មកកាន់ប្រទេសដែលមានការបំពុលបរិស្ថាន និងការបោះចោលសំរាមពាសវាលពាសកាលនោះទេ។

លោកបន្តថា “សូមចាប់ផ្តើមឥឡូវនេះពីយើងទាំងអស់គ្នា កុំបោះសំរាម ឬថង់ផ្លាស្ទិកចោលពាសវាលពាសកាល ដើម្បីធ្វើឲ្យប្រទេសយើងស្អាត និងទីក្រុងរបស់យើងគ្មានសំរាម”៕

Advertisement