ការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច មានការកើនឡើងគួរឲ្យកត់សម្គាល់

ភ្នំពេញ៖ ការប្រើប្រាស់សេវាធានារ៉ាប់រងសុខភាពខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់របស់អតិថិជនកម្ចី អេ អឹម ខេ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលបួនខែដើមឆ្នាំ 2017 នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់ អេ អឹម ខេ។ ការកើនឡើងនេះដោយសារតែអតិថិជនមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រង ជាពិសេសយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារនៅពេលដែលមានហានិភ័យ ដូចជាជំងឺ ឬ គ្រោះថ្នាក់ណាមួយដែលបានកើតឡើងជាយថាហេតុ។

របាយការណ៍ដដែល បានបង្ហាញពីការកើនឡើងចំនួនអតិថិជនដល់ជាង 21ម៉ឺននាក់ គឺប្រមាណជាង 62% នៃចំនួនអតិថិជនកម្ចី អេ អឹម ខេ សរុបបាននឹងកំពុងតែប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច អេ អឹម ខេ នេះ បើគិតត្រឹមបំណាច់ខែមេសា 2017។ ចំណែកឯឆ្នាំ2016 អេ អឹម ខេ មានអតិថិជនកម្ចីដែលប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ត្រឹមតែជាង 18ម៉ឺននាក់តែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ ផ្តល់សេវាធានារ៉ាប់រងខ្នាតតូចជូនចំពោះអតិថិជនកម្ចី អេ អឹម ខេ នៅក្នុងឆ្នាំ2014 ដែលនៅពេលនោះមានអតិថិជនត្រឹមតែជាង 9ពាន់នាក់ប៉ុណ្ណោះដែលបានប្រើប្រាស់សេវាមួយនេះ។ ប៉ុន្តែចំនួនអតិថិជនមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្នមានការយល់ដឹងច្រើនអំពីសេវាធានារ៉ាប់រងខ្នាតតូចមួយនេះ ក៏ដូចជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗទៀត មិនថាទាំងអ្នករស់នៅក្នុងទីក្រុង ឬជនបទនោះឡើយ។ នេះគឺជាកត្តាដ៏ល្អបំផុត ព្រោះការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចនេះ វាបានជួយការពារហានិភ័យហិរញ្ញវត្ថុផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងគ្រួសារនីមួយៗ។ យើងមិនអាចដឹងមុនថា នឹងមានគ្រោះថ្នាក់អ្វីកើតឡើងចំពោះខ្លួនយើង ឬក្រុមគ្រួសារយើងបានទេនៅថ្ងៃខាងមុខ ដូចនេះបើយើងមានសេវាធានារ៉ាប់រងនេះ វាពិតជាអាចជួយកាត់បន្ថយថ្លៃចំណាយចំពោះថ្លៃព្យាបាល មិនបាច់ខ្ចីបុលគេ ឬលក់ទ្រព្យសម្បត្តិមានតម្លៃនៅក្នុងផ្ទះដើម្បីយកលុយមកបង់ថ្លៃព្យាបាលនោះទេ»។

លោកប្រធាន បានសំណូមពរដល់ប្រជាជនកម្ពុជាគ្រប់រូប សូមប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច លើសុខភាព និងគ្រោះថ្នាក់នេះ ព្រោះវាធ្វើឲ្យគ្រួសារលោកអ្នកមានសុវត្ថិភាពហិរញ្ញវត្ថុ មិនមានក្តីបារម្មណ៍ចំពោះការចំណាយលើថ្លៃសេវាព្យាបាលនៅពេលដែលគាត់មានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ នឹងត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះថ្លៃសេវាធានារ៉ាប់រងនេះ គឺមិនដល់ 100រៀលផងក្នុងមួយថ្ងៃ ដែលមានការធានាពេញ 1ឆ្នាំ អតិថិជននឹងទទួលអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖ ទទួលបានការឧបត្ថម្ភថ្លៃសម្រាកព្យាបាលនៅមន្ទីពេទ្យ 2ម៉ឺនរៀលក្នុង 1ថ្ងៃ ទទួលបានការឧបត្ថម្ភថ្លៃវះកាត់អតិបរមាដល់ 60ម៉ឺនរៀលក្នុងមួយករណី ទទួលបានការឧបត្ថម្ភពិការភាពដោយសារគ្រោះថ្នាក់រហូតដល់ 2ទៅ 3លានរៀល ទទួលបានការឧបត្ថម្ភមរណភាពដែលបណ្តាលមកពីជំងឺរហូតដល់ 60ម៉ឺនរៀល ទទួលបានការឧបត្ថម្ភមរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់ចាប់ពី 6,600,000រៀល ដល់ 7,600,000រៀល។

សូមរំលឹកផងដែរថា សេវាធានារ៉ាប់រងសុខភាពខ្នាតតូចនេះ អេ អឹម ខេ ផ្តល់ជូនតែចំពោះអតិថិជនកម្ចីតែប៉ុណ្ណោះ។ គិតត្រឹម ខែមេសា ឆ្នាំ2017នេះ អតិថិជនចំនួនជិត 2ម៉ឺននាក់បានទទួលសំណងពីសេវាធានារ៉ាប់រងនេះ ជាមួយនឹងទឹកប្រាក់ចំនួនជាង 1លានដុល្លារ ភាគច្រើននៃការធានារ៉ាប់រងគឺទៅលើថ្លៃសេវាព្យាបាល ថ្លៃវះកាត់ និងគ្រោះថ្នាក់ផ្សេងៗ។ ទទ្ទឹមគ្នានេះផងដែរ ដោយមើលឃើញពីតម្រូវការ សេវាធានារ៉ាប់រងនេះ អេ អឹម ខេ បានដាក់ឲ្យដំណើរការ សេវធានារ៉ាប់រងថ្មីមួយទៀត គឺសេវាធានា
រ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់សាធារណជនទូទៅនាពេលថ្មីៗនេះផងដែរ។

ជាក់ស្តែង អតិថិជនឈ្មោះ ផន នីម រស់នៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ គាត់បានទទួលសេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ អេ អឹម ខេ។ គ្រួសាររបស់គាត់ គឺប្រពន្ធមានជំងឺឈានទៅដល់ការវះកាត់ រីឯប្តីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែដោយសារតែ គាត់ទិញសេវាធានារ៉ាប់រង អេ អឹម ខេ គ្រួសាររបស់គាត់ពុំមានវិបត្តិផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រួសារឡើយ ដោយគាត់ទទួលបានការធានារ៉ាប់រងទាំងប្រពន្ធ និងប្តី គិតជាទឹកប្រាក់ចំនួនជាង 6លានរៀល។

អ្នកស្រី ផន នីម បានលើកឡើងថា «ប្រសិនបើមិនបានទិញសេវាធានារ៉ាប់រងសុខភាពខ្នាតតូច អេ អឹម ខេ ទេ ប្រហែលជាខ្ញុំត្រូវទៅចងការអ្នកជិតខាងដើម្បីយកលុយចំណាយលើថ្លៃព្យាបាល ឬ ក៏អាចលក់របស់របរមានតម្លៃនៅក្នុងផ្ទះក៏មិនដឹង»។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែមេសា ឆ្នាំ2017 នេះ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់ 89%នៃចំនួនភូមិសរុបទូទាំងប្រទេស មានបុគ្គលិកជាង 2,400នាក់ អតិថិជនសរុបជាង 58ម៉ឺននាក់ ជាមួយនឹងផលបត្រប្រាក់កម្ចីជាង 163លានដុល្លារអាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន 151កន្លែង និង មានភ្នាក់ងារជាង 2,500កន្លែង នៅទូទាំងប្រទេស។

អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕

Advertisement