វាគ្មិន 6ប្រទេសចូលរួមកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា

ភ្នំពេញ – កម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជារៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយ។ ពិធីនេះនឹងប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី23-25 ខែមិថុនា ឆ្នាំ2017 នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការរៀបចំឱ្យមានកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើធុរកិច្ចលើវិស័យនេះ។ ម្យ៉ាងវាក៏ជាភ័ស្ដុតាងយ៉ាងជាក់ច្បាស់មួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីសក្ដានុពល និងការរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ដថា ប្រសិនបើសម្លឹងមើលតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន យើងឃើញថា កម្ពុជាហាក់នៅមានឱកាសច្រើនជាងគេក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដូច្នេះវាក៏ជាកាលានុវត្ដភាពសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកអាចជួបគ្នាដោយផ្ទាល់ដើម្បីជជែកពីបញ្ហាធុរកិច្ច។ ម្យ៉ាងក៏ផ្ដល់ឱកាសដល់អ្នកជំនាញដែលប្រកបអាជីវកម្មលើ វិស័យនេះដើម្បីពង្រឹង ពង្រីក សមត្ថភាពឱ្យស្របទៅតាមតម្រូវការទីផ្សារនៅក្នុងតំបន់ដែរ។

ក្នុងកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា គេសង្កេតឃើញថា មានការចូលរួមពីសំណាក់អ្នកជំនាញ និងភ្នាក់ងារអចលនវត្ថុ និងម្ចាស់គម្រោងអភិវឌ្ឍន៍ជាច្រើន។ ពិសេសក៏មានការចូលរួមពីវាគ្មិនជាតិ និងអន្ដរជាតិអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន ដែលមានបទពិសោធជាច្រើនឆ្នាំបានមកចែករំលែកបទពិសោធអំពីស្ថានភាពដីធ្លី និងអចលនទ្រព្យជាលក្ខណៈសកលផងដែរ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ការរៀបចំកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជាធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមនៅប្រទេសកម្ពុជា ជាមួយសមាគមអចលនទ្រព្យនៅក្រៅប្រទេស ដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងភូមា ជាដើម។

លោកបានបន្ថែមថា៖« អ្វីដែលខ្ញុំចង់បានគឺការធ្វើអាជីវកម្មឆ្លងដែន។ ពីមុនមកមានជនបរទេសជាច្រើនគាត់មករកស៊ីលក់ដីធ្លីនៅប្រទេសយើង ទោះយ៉ាងណាយើងមិនអាចហាមឃាត់បានទេ ព្រោះតែសេដ្ឋកិច្ចទីផ្សារសេរី តែខ្ញុំសួរខ្លួនឯងថា ចុះហេតុអ្វីបានជាយើងមិនអាចទៅរកស៊ីលក់ដីធ្លីនៅស្រុកក្រៅបាន? ដូច្នេះបើគេមានសិទ្ធិមករកស៊ីលក់ដីធ្លីនៅស្រុកយើង យើងក៏មានសិទ្ធិទៅរកស៊ីលក់ដីធ្លីនៅឯប្រទេសរបស់គេបានដែរ។ អ៊ីចឹងគោលបំណងធំរបស់ខ្ញុំគឺចង់បំបាត់ព្រំដែនអាជីវកម្មផ្នែកដីធ្លី»។

លោកបន្ដថា ការលើកឡើងបែបនេះក្នុងអត្ថន័យចង់ឱ្យសមាជិកសមាគមនៅក្នុងប្រទេសកម្ពុជាបង្កើនទំនាក់ទំនងឱ្យទូលំទូលាយជាមួយសមាជិកសមាគមដីធ្លីនៅបរទេស ពោលបើគេស្គាល់យើង យើងត្រូវតែស្គាល់គេ។ ឧទាហរណ៍ថា បើខ្មែរយើងចង់ទិញផ្ទះនៅប្រទេសសិង្ហបុរី តើយើងត្រូវទាក់ទងទៅនរណា? ជាក់ស្ដែងតាមរយៈកម្មវិធីនេះប្រធានសមាគមអចលនទ្រព្យនៅប្រទេសសិង្ហបុរី គាត់មកកាន់ប្រទេសយើង ដូច្នេះយើងអាចទំនាក់ទំនងទូរស័ព្ទសួរគាត់ដើម្បីសុំការណែនាំពីគាត់ថា គួរតែទាក់ទងទៅក្រុមហ៊ុនណាដែលមានកេរ្ដិ៍ឈ្មោះល្អអាចទុកចិត្ដបាន? ជាដើម៕

Advertisement