កម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោកលើការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា កម្ពុជាជាប្រទេសនាំមុខគេនៅក្នុងពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ បានលឿនជាងគេ និងបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំមុន។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី24 មិថុនានេះថា ជាមួយនឹងការសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំជាង 7ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាប្រទេសនាំមុខគេក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងគំហុកពី 53ភាគរយនៅឆ្នាំ2004 មកនៅត្រឹម 10ភាគរយនៅឆ្នាំ2013។

លោកស្រីបន្តថា “ជាមួយនេះខ្ញុំគិតថា អត្រានៃភាពក្រីក្រ នឹងធ្លាក់ចុះបន្ថែមទៀតនៅតាមទីក្រុង និងទីជនបទនៅឆ្នាំ2015 និងកន្លងមកនេះ”។

លោកស្រី ងួន សុខា បានបន្តទៀតថា ប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកប្រកាសជាផ្លូវការថា ជាប្រទេសសម្រេចឈានឡើងក្នុងបរិបទថ្មី គឺពីប្រទេសដែលមានចំណាត់ថ្នាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលប្រជាជនម្នាក់ៗមានចំណូលចន្លោះពី 1,026ដុល្លារដល់ 4,035ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យោងតាមទិន្នន័យកំណត់ដោយធនាគារពិភពលោកបានបញ្ជាក់ថា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ជាប្រទេសដែលប្រជាជនម្នាក់ៗមានប្រាក់ចំណូលចន្លោះពី 4,800 ដល់ជាង 12,000ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

រដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030៕

 

Advertisement