លោកឧកញ៉ា សៀ រិទ្ធី បង្ហាញវិធីសាស្រ្តវិនិយោគលើវិស័យអចលនទ្រព្យ

ភ្នំពេញៈ អ្នកវិនិយោគដ៏ជោគជ័យម្នាក់ក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីវិធីសាស្រ្តទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកមានបាន។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Groupបានថ្លែងក្នុងវេទិកាតុមូលស្តីពី “វិស័យលំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេសកាលពីថ្ងៃម្សិលមិញថា ចាប់តាំងពីឆ្នាំ1993 លោកបានចាប់ផ្តើមវិនិយោគទិញ-លក់ដីធ្លី ដោយសារលោកមើលឃើញថា ពេលអង្គការសហប្រជាជាតិចូលមករៀបចំការបោះឆ្នោតប្រទេសរបស់យើងនឹងដើរទៅមុខ ពេលមានជីវភាពល្អ មនុស្សយើងត្រូវការផ្ទះរស់នៅ ទោះបីជាទៅដល់ណាក៏មនុស្ស និងសត្វត្រូវការជម្រកដូចគ្នាដែរ។

លោកបន្តថា “វិនិយោគលើដីធ្លីត្រូវគិតពីធនធានរបស់យើង មិនមែនមានធនធាន10 យើងវិនិយោគដល់15នោះទេ ព្រោះវានឹងធ្វើឲ្យយើងជួបវិបត្តិហិរញ្ញវត្ថុ បើសិនជាកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក”។

តើការទិញដីត្រូវពិនិត្យមើលចំណុចអ្វីខ្លះ? លោកសៀ រិទ្ធីបានពន្យល់ថា ដីនៅក្នុងពេលបច្ចុប្បន្ននេះក៏មិនទាន់ឡើងថ្លៃខ្ពស់ពេកដែរ ដូចនេះបើយើងមានធនធានច្រើនយើងវិនិយោគដីនៅក្នុងក្រុង តែបើមានលុយតិចយើងវិនិយោគនៅតំបន់ជាយក្រុង ប៉ុន្តែត្រូវពិនិត្យលើចំណុចចំនួនបីជាសំខាន់ ទី1 ទិញដីកុំឲ្យមានជម្លោះ ទី2 យើងមើលពីចរន្តរីកចម្រើននៅតំបន់នោះគួបផ្សំនឹងទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងទី3 បដិវត្តន៍ដីគឺការទិញដី ឧទាហរណ៍លោកជំទាវ លឹម ឈីវហូ វិនិយោគនៅតំបន់មួយមានទំហំដី 350ហិកតា យើងត្រូវធ្វើការវិនិយោគនៅកន្លែងនោះដែរ តែត្រូវទទួលព័ត៌មានឱ្យបានមុនគេ ព្រោះបើដំណឹងនៃការអភិវឌ្ឍនោះ ឬគម្រោងនោះត្រូវបានអភិវឌ្ឍរួចហើយទើបយើងដឹងជាក្រោយ នោះគឺយើងអស់ឱកាសហើយ។
លោកបន្តថា “ត្រូវរកដៃគូល្អវិនិយោគជាមួយគ្នា កុំធ្វើម្នាក់ឯងគឺយើងអាចធ្វើមានបានៗហើយ”៕

Advertisement