ចង់​ពង្រីក​អាជីវកម្ម ត្រូវស្វែងយល់ទៅលើចំណុចទាំងនេះជាមុនសិន

គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺសុទ្ធសឹងតែមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល ប៉ុន្តែ​ពួកគាត់មិនបានដឹងថា ដើម្បីពង្រីកអាជីវកម្មមួយបាន​ តើត្រូវ​ធ្វើ​ដូចម្ដេចខ្លះ? ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកជំនាញ​ និងមានបទពិសោធន៍មួយចំនួន ដល់ម្ចាស់អាជីវកម្ម​ដើម្បីជាគំនិតក្នុងការពង្រីកអាជីវកម្ម៖

សហការគ្នា៖ មាន​ពាក្យ​មួយ​ឃ្លា​ដែល​អ្នកជំនួញ​នាពេល​បច្ចុប្បន្ន​ឧស្សាហ៍​និយាយ គឺ​គេ​ឈប់​ប្រជែង​គ្នា​យើង តែ​គេ​បែរមក​សហការគ្នា​វិញ។ ការសហការ​គ្នា គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ការនាំ​ជំនាញ និង​បទពិសោធន៍​នៃ​អាជីវកម្ម​របស់​អ្នក​ចូលគ្នា​ជាមួយនឹង​អាជីវកម្ម​មួយ​ផ្សេងទៀត ដើម្បី​បំពេញបន្ថែម​ឲ្យ​គ្នា ពោលគឺ​រីកចម្រើន​ទាំង​ព្រម។

បើក​ទីតាំង​ថ្មី ឬ​ពង្រីក​សាខា៖ ប្រសិនបើ​អ្នក​បាន​បង្កើត​អាជីវកម្ម​មួយ​ជោគជ័យ​នៅក្នុង​ទីតាំង​ណាមួយ​ហើយ អ្នក​គួរ​ជ្រើសរើស​ទីតាំង​មួយទៀត​សម្រាប់​ការពង្រីក​មុខ​របប ប៉ុន្តែ​អ្នក​អាចធ្វើ​បែបនេះ​បាន លុះត្រាតែ​អ្នកមាន​ដើមទុន និង​លទ្ធភាព​ក្នុងការ​ពង្រីក។

ផ្ដល់​សិទ្ធិ​អាជីវកម្ម (Franchises)៖ ចំណុច​នេះ​វា​ខុសពី​ការពង្រីក​សាខា។ ការផ្ដល់​សិទ្ធិ​អាជីវកម្ម​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ល្អ​បំផុត ក្នុងការ​ពង្រីក​អាជីវកម្ម។ មិន​ត្រឹមតែ​បាន​ពង្រីក​នូវ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ សូម្បីតែ​ស្លាក​សញ្ញា​យីហោ​របស់​អ្នក​ក៏ត្រូវ​បាន​ពង្រីក​ដូចគ្នា។

ចូលទៅក្នុង​ទីផ្សារថ្មី៖ អាជីវកម្ម​របស់​អ្នកនឹង​រីកចម្រើន​បាន​នោះទេ បើសិនជា​អ្នក​មិន​ហ៊ាន​ក្នុងការ​ហក់​ចូល​ទីផ្សារ​ថ្មី ឬ​ចាប់យក​អតិថិជន​ថ្មី។ ទីកន្លែង​ដដែល អតិថិជន​ដដែល…គឺ​អាជីវកម្ម​មិន​រីកចម្រើន​ទេ ព្រោះថា​អ្នក​ស្គាល់​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​នៅតែ​ដដែល។

ការនាំចេញ៖ ចូរ​ស្វែងយល់​អំពី​ឱកាស​នៃ​ការនាំចេញ។ នៅពេល​អ្នក​យល់​ពី​វិធីសាស្ត្រ​ក្នុងការ​នាំចេញ​ផលិតផល ឬ​សេវាកម្ម​ហើយ​នោះ មានន័យថា​អ្នក​ចាប់ផ្ដើម​មានឱកាស​ក្នុងការ​ពង្រីក​អាជីវកម្ម​ទៅ​ក្រៅ​ស្រុក។

ចែកចាយ​តាម​អន​ឡាញ៖ វិធីសាស្ត្រ​ថ្មី និង​ពេញនិយម​នាពេល​បច្ចុប្បន្ន​គឺ​ការពង្រីក​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ។ អ្នក​អាច​ផ្សព្វផ្សាយ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក​បាន​ដោយ​ងាយស្រួល និង​គ្រប់​ទីកន្លែង ហើយ​សេវាកម្ម និង​ផលិតផល​របស់​អ្នកនឹង​ងាយស្រួល​ទៅ​ដល់ដៃ​អតិថិជន​គោលដៅ​ផងដែរ។

ទិញ​អា​ជី​កម្ម​មួយ​ផ្សេងទៀត៖ នៅ​អ៊ឺរ៉ុប ក្រុមហ៊ុនធំៗជាច្រើន​គឺ​តែងតែ​ប្រើ​វិធីសាស្ត្រ​មួយ​នេះ ដើម្បី​ពង្រីក​អាជីវកម្ម ព្រោះ​គេ​មិន​ចង់​ចំណាយពេល​ដើម្បី​បង្កើត​សេវាកម្ម ឬ​ផលិតផល ម្យ៉ាងទៀត​យុទ្ធសាស្ត្រ​ទិញយក​អាជីវកម្ម​ពី​គេ​គឺជា​យុទ្ធសាស្ត្រឈ្នះៗទាំងសងខាង ព្រោះ​ការទិញ​នោះ​មិនមែន​ទិញ​ដាច់​នោះទេ គឺ​គ្រាន់តែ​ទិញ​ដើម្បី​បន្ថែម និង​ពង្រីក​អាជីវកម្ម៕

Advertisement