គិតត្រឹមឆ្នាំ2020កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់គិតត្រឹមឆ្នាំ2020កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់ក្នុងវិស័យទេសចរណ៍

 ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់បន្ថែមទៀតត្រឹមដំណាច់ឆ្នាំ2020ខាងមុខដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យនេះ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា បច្ចុប្បន្នវិស័យទេសចរណ៍បានស្រូបយកកម្លាំងពលកម្មដោយផ្ទាល់ប្រមាណ62ម៉ឺននាក់ ប៉ុន្តែបើគិតទាំងវិស័យដឹកជញ្ជូនដែលពាក់ព័ន្ធនឹងវិស័យនេះផងនោះ គឺវិស័យនេះបានស្រូបយកកម្លាំងពលកម្មជាង1លាននាក់ឯណោះ ហើយនៅឆ្នាំ2020ខាងមុខនេះ កម្ពុជាត្រូវការធនធានមនុស្សក្នុងវិស័យនេះ20ម៉ឺននាក់បន្ថែមទៀត គឺមួយឆ្នាំត្រូវការបណ្តុះបណ្តាលធនធានមនុស្ស5ម៉ឺននាក់ ប៉ុន្តែយើងមិនមានសាលាគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងនេះទេ ដែលវាទាមទារឲ្យវិស័យឯកជនចូលរួម។ លោកបន្តថា បច្ចុប្បន្នយើងមានសាលាធ្វើម្ហូបស្វ៊ីសកំពុងជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកចុងភៅ និងសាលាមួយចំនួនទៀត ខណៈសាលាដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍មិនទាន់បានដាក់ឲ្យដំណើរការនៅឡើយ តែទន្ទឹមគ្នានេះក្រសួងកំពុងធ្វើតេស្តលើជំនាញរបស់អ្នកធ្វើការក្នុងវិស័យនេះ ដើម្បីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ដល់ពួកគេ មុនពេលពួកគេដាក់ពាក្យដើម្បីទទួលបានការវាយតម្លៃពីគណៈកម្មការជំនាញ ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិរបស់ពួកគេថា អាចមានសមត្ថភាពធ្វើការក្នុងតំបន់អាស៊ានបាន។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា “ការធ្វើការងារក្នុងវិស័យទេសចរណ៍ទាល់តែមានជំនាញ អត់ជំនាញធ្វើការងារមិនបានទេ ហេតុនេះធនធានមនុស្សមានគុណវុឌ្ឍិពិតមានសារៈសំខាន់ណាស់ ដើម្បីផ្តល់សេវាកម្មពាក់ព័ន្ធនឹងវិស័យនេះឱ្យមានគុណភាព”។ សហប្រធានក្រុមការងារវិស័យឯកជនលោកលូ ម៉េងបានទទួលស្គាល់បញ្ហានេះ ដោយលោកបានមានប្រសាសន៍ថា ធនធានមនុស្សក្នុងវិស័យនេះពិតជានៅមានបញ្ហាប្រឈមច្រើន ពិសេសជំនាញផ្នែកចុងភៅ ដែលជាជំនាញត្រូវការកម្លាំងពលកម្មច្រើន ប៉ុន្តែយុវជនកម្ពុជាមិនសូវចូលចិត្តរៀនជំនាញទាំងនេះទេ ដោយសារពួកគេគិតថា ជាការងារមិនល្អ ប៉ុន្តែតាមពិតវាជាជំនាញមួយដែលទទួលបានប្រាក់ខែច្រើន និងមិនទាមទាររយៈពេលបណ្តុះបណ្តាលវែងទៀតផង៕

Advertisement