វិស័យឯកជនស្នើរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន

 ភ្នំពេញៈ វិស័យឯកជនស្នើរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន ដែលជាផ្នែកមួយជួយសម្រូល និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលកំពុងជួបបញ្ហាលើការធ្លាក់ថ្លៃកសិផល។ លោកឧកញ៉ា ភួ ពុយ ប្រធានសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មរយៈពេលវែងនាព្រឹកថ្ងៃទី4 កក្កដានេះថា រដ្ឋាភិបាលគួរជួយសម្រួលថ្លៃដឹកជញ្ជូន តម្លៃទីផ្សារឲ្យបានត្រឹមត្រូវ និងស្នើសុំកុំឲ្យមានការឃាត់ឃាំងពីសមត្ថកិច្ចតាមដងផ្លូវ(កុងត្រូលជជុះ) ព្រមទាំងស្នើសុំឲ្យរដ្ឋាភិបាល និងវិស័យឯកជនបង្កើតសហគមន៍ដើម្បីគ្រប់គ្រងតម្លៃទីផ្សារនៅនឹងកន្លែងដែលជាដំណោះស្រាយសម្រាប់ទីផ្សារអ្នកលក់ និងអ្នកទិញ។ អ្នកជំនាញក្នុងវិស័យនេះក៏បានលើកឡើងដែរថា ប្រព័ន្ធចែកចាយនៅកម្ពុជាមិនអាចឆ្លើយតបនឹងតម្រូវការ និងឆ្លើយតបបានទាន់ពេលវេលានោះទេ ទើបនាំឲ្យមានការនាំចូលពីប្រទេសជិតខាងមកទៀត ដូចជាប្រទេសថៃ និងវៀតណាមជាដើម។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនបានថ្លែងថា កម្ពុជាមានបញ្ហាប្រឈមជាច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការដឹកជញ្ជូនមានតម្លៃថ្លៃ អគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃ ដែលធ្វើឲ្យតម្លៃដើមនៃការផលិតរបស់យើងឡើងថ្លៃខ្ពស់ ធ្វើឲ្យមានការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ លោកបន្តថា លោកបានជួបជជែកជាមួយអ្នកវិនិយោគជាច្រើន ដើម្បីជំរុញឲ្យពួកគេមកវិនិយោគកែច្នៃផលិតផលកសិកម្មកម្ពុជា ប៉ុន្តែដោយសារសេវាកម្មរបស់យើងនៅស្មុគស្មាញ តម្លៃអគ្គិសនីថ្លៃ ពិបាកក្នុងការដឹកជញ្ជូន បានធ្វើឲ្យពួកគេសម្រេចចិត្តវិនិយោគនៅប្រទេសជិតខាងវិញ ជាជាងជ្រើសរើសមកវិនិយោគនៅកម្ពុជា។ លោកបន្តថា “បើធៀបជាមួយប្រទេសជិតខាង ការដឹកជញ្ជូនតាមផ្លូវគោក តាមកំពង់ផែរបស់យើង គឺមានតម្លៃថ្លៃបើធៀបជាមួយប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃដើមរបស់យើងថ្លៃ មិនអាចប្រកួតប្រជែងជាមួយគេបាន”៕

Advertisement