ចិនគ្រោងផលិតទឹកស្អាត ពីភ្នំកំចាយសម្រាប់ផ្គត់ផ្គង់ខេត្តជាប់មាត់សមុទ្រ

ភ្នំពេញ៖ គម្រោងការយកទឹកធ្លាក់ពីវារីអគ្គិសនីភ្នំកំចាយ ខេត្តកំពតដើម្បីផ្គត់ផ្គង់ចែកចាយក្នុងវិសាលភាពគ្របដណ្តប់លើខេត្តចំនួនពីរ គឺខេត្តកំពត និងខេត្តកែប ត្រូវបានឈានដល់ដំណាក់កាលសិក្សាពីសមិទ្ធលទ្ធភាពដោយក្រុមហ៊ុនចិនឈ្មោះ China Energy Engineering Corporation Limited ហើយ។

តំណាងក្រុមហ៊ុនចិនបានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្មថា ការអនុវត្តគម្រោងនេះអនុលោមតាមគំនិតផ្តួចផ្តើមរបស់រដ្ឋចិន ស្តីពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយដើម្បីជួយដល់ខេត្តពីរដែលជាប់មាត់សមុទ្រឱ្យមានបណ្តាញទឹកស្អាតប្រើប្រាស់ក្នុងគោលដៅសម្រេចជាបណ្តើរៗរហូតដល់ឆ្នាំ2030។ ទាំងអស់នោះក្នុងដំណាក់កាលទី1 នឹងផលិតក្នុងកម្រិត6ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ដំណាក់កាលទី2 ចំនួន 12ម៉ឺនម៉ែត្រគុប និងដំណាក់កាលទី៣ ចំនួន18ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសាទរចំពោះលទ្ធផលជាលើកដំបូងនៃការសិក្សាសមិទ្ធលទ្ធភាពនេះ។ តែយ៉ាងណា ឯកឧត្តមបានស្នើឲ្យមានការពិភាក្សាលម្អិតជាងនេះទៅទៀតក្នុងចំណោមអ្នកជំនាញទាំងពីរភាគី ដោយត្រូវចុះទៅពិនិត្យមើលជាក់ស្តែងដល់ទីតាំងអនុវត្តគម្រោង ក្នុងន័យបញ្ចៀសបាននូវផលប៉ះពាល់នានាផ្នែកបរិស្ថាន ក៏ដូចជាសង្គម។ ចំពោះទីតាំងបង្កើតរោងចក្រផលិតទឹកស្អាតនៅខេត្តកំពតមួយ និងនៅខេត្តកែបមួយនេះ ក្រសួង និងអាជ្ញាធរខេត្តនឹងខិតខំដោះស្រាយជូនដើម្បីឱ្យគ្រោងការនេះសម្រេចជោគជ័យបានតាមផែនការ ក្នុងគោលបំណងឱ្យខេត្តកំពត និងកែបទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលនឹងជួយលើកកម្ពស់ថែមទៀតផ្នែកវិស័យទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាទីផ្សារការងារជួយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

Advertisement