អគ្គនាយកដ្ឋានពន្ធដារមិនអនុញ្ញាតឲ្យបារីបិទតែមចាស់ចរាចរលើទីផ្សារ

 ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចាប់ពីថ្ងៃទី1 ខែសីហា ឆ្នាំ2017 ខាងមុខនេះតទៅ រាល់ផលិតផលបារីណាដែលបិទតែមចាស់ នឹងមិនអនុញ្ញាតឲ្យធ្វើចរាចរលក់នៅក្នុងទីផ្សារទៀតទេ។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានថ្លែងក្នុងឱកាសចុះពិនិត្យមើលការផលិតបារីនៅក្នុងក្រុមហ៊ុន British American Tobacco Cambodia កាលពីដើមសប្តាហ៍នេះថា គឺជាការចុះពិនិត្យមើលនូវការអនុវត្តតែមបារី ឬតែមសារពើពន្ធដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចកី្តប្រកាសនៅខែធ្នូ ឆ្នាំ2016 ដើម្បីឲ្យអនុវត្តនូវការបិទតែមបារីថ្មី(សន្លឹកតែមថ្មី)។ អគ្គនាយកដ្ឋានពន្ធដារបានចេញនូវសារាចរណែនាំមួយស្តីពីការអនុវត្តតែមបារីនៅក្នុងខែមករា ឆ្នាំ2017 គឺមានន័យថា ចាប់ពីខែសីហាខាងមុខ គ្រប់សហគ្រាសដែលផលិតបារីក្នុងស្រុក និងទាំងបារីនាំចូល គឺត្រូវមកទិញសន្លឹកតែមថ្មីយកទៅបិទដែលហៅថា ការអនុវត្តនូវសន្លឹកតែមថ្មី ដោយសន្លឹកតែមចាស់គឺទី1 ពិនិត្យឃើញថាគុណភាពនៃសន្លឹកតែមចាស់អាចក្លែងបន្លំបាន និងងាយស្រួលក្នុងការថតចម្លង ហើយការដាក់ឲ្យអនុវត្តកន្លងទៅនេះ ឃើញថា មិនសូវមានប្រសិទ្ធភាពទេ។ ដូច្នេះទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការកែទម្រង់ក៏ដូចជា អគ្គនាយកដ្ឋានពន្ធដារកែទម្រង់នូវការបោះពុម្ពសន្លឹកតែមថ្មីនេះដើម្បីឲ្យសហគ្រាស និងរោងចក្រទាំងអស់ដែលផលិតបារីនៅក្នុងស្រុក ក៏ដូចជានាំចូលត្រូវតែអនុវត្តការទិញសន្លឹកតែមថ្មីនេះ។លោក គង់ វិបុលបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់សហគ្រាសផលិតបារីក្នុងស្រុកក៏ដូចជាម្ចាស់សហគ្រាសនាំបារីចូល ម្ចាស់ដេប៉ូបារីចែកចាយបន្ត ម្ចាស់ស្តង់លក់បារីក្នុងផ្សារ ម្ចាស់ផ្សារទំនើបទាំងឡាយ សូមមេត្តាចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ ចៀសវាងការលក់បារីទាំងឡាយណាដែលពុំមានបិទតែមប្រីអាករ។តំណាងក្រុមហ៊ុនប្រ៊ីធីស អឺមើរីខិន ថឺប៊ែកខូ ខេមបូឌា លីមីតធីត លោក រតនា បានបញ្ជាក់ថា “សន្លឹកតែមថ្មីនេះមានគុណភាពប្រសើរជាងមុនឆ្ងាយណាស់។ ដូច្នេះមិនមានក្រុមហ៊ុនណាអាចក្លែងបន្លំបាននោះទេ”។ ការចុះពិនិត្យរោងចក្រផលិតបារីខាងលើនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលពន្ធ ក៏ដូចជាទប់ស្កាត់ការគេចវេស និងបន្លំពន្ធ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំសី្តពីការអនុវត្តការប្រើបា្រស់តែមអាករប្រភេទថ្មីសម្រាប់ការបង់អាករពិសេសលើកញ្ចប់បារី៕

Advertisement