កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិន1លាននាក់នៅដំណាច់ឆ្នាំនេះ

 ភ្នំពេញៈ បើសិនជាមិនមានអ្វីប្រែប្រួលទេនោះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចំនួន1លាននាក់នៅដំណាច់ឆ្នាំនេះ ដូចនឹងអ្វីដែលជាការព្យាកររបស់ក្រសួងទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា តាមការព្យាករ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ1លាននាក់នៅដំណាច់ឆ្នាំនេះ ព្រោះគិតត្រឹមរយៈពេល4ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង36ម៉ឺននាក់រួចស្រេចទៅហើយ ដោយកើនឡើងជាង30ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា កំណើនភ្ញៀវទេសចរចិន និងអឺរ៉ុបមិនបានធ្លាក់ចុះទេនៅឆ្នាំនេះទោះជារដូវភ្លៀងធ្លាក់ក៏ដោយ គឺយើងឃើញនៅតែមានកំណើនភ្ញៀវមកពីអឺរ៉ុប និងមកពីប្រទេសចិន និងភ្ញៀវទេសចរមកពីគោលដៅផ្សេងៗទៀតផងដែរ។ ក្រសួងទេសចរណ៍កាលពីឆ្នាំមុនបានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរចិនតាមរយៈការដាក់ចេញនូវសៀវភៅ“ស” ឬChina Readyដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន2លាននាក់នៅឆ្នាំ2020ខាងមុខនេះ។ លោក ថោង ខុនបានបន្តថា “ភ្ញៀវទេសចរចិនជាភ្ញៀវចំណាយប្រាក់ច្រើន និងជាភ្ញៀវទេសចរដែលពិភពលោកប្រាថ្នាចង់បាន”។

ភ្ញៀវចិនបាន និងកំពុងនាំមុខភ្ញៀវទេសចរវៀតណាមដែលបានកាន់កាប់ចំណាត់ថ្នាក់លេខ1ជាច្រើនឆ្នាំ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ប្រសិនជាកម្ពុជាសម្រេចបាននូវកំណើនបែបនេះ កម្ពុជាពិតជាសម្រេចបាននូវចំនួនភ្ញៀវចិន1លាននាក់នៅដំណាច់ឆ្នាំនេះ ដោយសារមានការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរកើនឡើង និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជានៅប្រទេសចិន និងបណ្តាប្រទេសនានាកាន់តែមានសកម្មភាពទូលំទូលាយជាងមុន។ លោកស្រីបន្តថា “ទោះជាយ៉ាងណាវិស័យឯកជនស្នើសុំឲ្យក្រសួងជួយលុបបំបាត់កញ្ចប់ទេសចរណ៍ហ្សេរ៉ូ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យនេះទាំងមូលប្រសិនជាមិនទប់ស្កាត់ទេនោះ”។ កញ្ចប់ទេសចរណ៍ហ្សេរ៉ូមានន័យថា ក្រុមហ៊ុនលក់សេវាកម្មនេះដល់ភ្ញៀវទេសចរមកទស្សនាកម្ពុជា ឬប្រទេសណាមួយដោយមិនយកប្រាក់ចំណេញ ផ្ទុយទៅវិញពេលភ្ញៀវទេសចរមកដល់ ពួកគេនាំភ្ញៀវទេសចរទៅទិញទំនិញ ឬទិញសេវាកម្មផ្សេងៗក្នុងតម្លៃខ្ពស់ក្នុងរូបភាពជាការបោកប្រាស់ភ្ញៀវទៅវិញ៕

Advertisement