កម្ពុជាត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងគុនមិងប្រទេសចិន

ភ្នំពេញ៖ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យមានភាពរលូន និងយូរអង្វែង ក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយគណៈប្រតិភូមកពីទីក្រុងគុនមិងនៃខេត្តយូណាន់ ប្រទេសចិន ដែលដឹកនាំដោយលោក Li Shaoquan ប្រធានក្រុមហ៊ុន Construction and Investment Holding Group Co.,Ltd ក្នុងបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មតំណាងកម្ពុជាប្រចាំនៅខេត្តគុនមិង ប្រទេសចិន។
ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សាអំពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងគុនមិង ខេត្តយូណាន់ ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសរវាងកម្ពុជា-ចិន។ ក្នុងនោះខាងភាគីចិន លោក Li Shaoquan បានសុំខាងភាគីកម្ពុជាមានគោលនយោបាយគាំទ្រអ្វីខ្លះដល់ភាគីចិនក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។


ឆ្លើយតបទៅនឹងសំណើខាងលើ ឯកឧត្តម ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានជម្រាបជូនគណៈប្រតិភូចិនអំពីនីតិវិធីនៃការបង្កើតមជ្ឈមណ្ឌល និងកិច្ចដំណើរការផ្សេងៗ ហើយឯកឧត្តមបានជម្រាបជូនភាគីចិនថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងក្នុងការសហការដើម្បីបងើ្កតមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ និងជួយសម្របសម្រួលត្រឹមការងារ និងឯកសារតែប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ប្រាប់ទៅខាងភាគីចិនថា ក្រសួងមិនមានមូលនិធិសម្រាប់ជួយទ្រទ្រង់ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះទេ។
ចុងបញ្ចប់នៃជំនួបពិភាក្សានេះ ទាំងភាគីក្រសួង និងភាគីចិនបានជំរុញឱ្យមានការទំនាក់ទំនងគ្នាជាប្រចាំ និងសហការឱ្យបានរលូនដើម្បីឱ្យការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះទទួលបានជោគជ័យ៕

 

Advertisement