បច្ចេកទេសថី្ម! ដាំត្រសក់លើដី20អាប្រមូលផលបានជិត100ដុល្លារក្នុងមួយថ្ងៃ

ការដាំត្រសក់លក់ជាមុខរបររបស់កសិករដែលមានជាយូរលង់មកហើយ តែដោយសារកង្វះបច្ចេកទេស ទើបកសិករភាគច្រើនមិនសូវទម្លាប់ដាំធ្វើជាអាជីវកម្មនោះទេ បានត្រឹមតែដាំទុកទទួលទានក្នុងក្រុមគ្រួសា​រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បច្ចេកទេសថ្មីនេះ អាចជួយឱ្យកសិករដាំត្រសក់បានផលយ៉ាងមិននឹកស្មានដល់ ពោលគឺមានដីត្រឹមតែ 20អា តែគាត់អាចបេះផ្លែលក់បានមួយថ្ងៃដល់ទៅជិត 100ដុល្លារឯណោះ។

កសិករគំរូគឺ អុំស្រី ផ្លុង សុភាព ដែលដាំត្រសក់ចំណារនៅក្នុងភូមិពន្លឺ ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវមានប្រសាសន៍ថា ដើមឡើយគ្រួសារគាត់ និងគ្រួសារអ្នកភូមិដទៃទៀតមិនចាប់អារម្មណ៍ដាំត្រសក់តាមបែបបច្ចេកវិទ្យាថ្មីនេះទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មានអ្នកជំនាញអង្គការក្រៅរដ្ឋាភិបាលចុះមកបង្រៀនកសិករដោយផ្ទាល់ដល់ក្នុងភូមិ ហើយកសិករភាគច្រើនមិនបានចាប់អារម្មណ៍លើគម្រោងដាំត្រសក់នេះទេ តែក៏មានគ្រួសារអ្នកភូមិមួយចំនួនទទួលយកគម្រោងនេះដែរ។ ដូចជាគ្រួសារអុំស្រីជាដើម ដោយសារមានទឹកត្រពាំងនៅខាងក្រោយផ្ទះស្រាប់ ក៏ចាប់ផ្តើមដាំត្រសក់ចំណារនេះតាមការណែនាំរបស់អ្នកបច្ចេកទេសរបស់អង្គការខាងលើ ហើយអ្វីដែលពួកគាត់នឹកស្មានមិនដល់នោះគឺ វាឆាប់ឱ្យផ្លែមែនទែន ដាំតែ 25ថ្ងៃ វាក៏ចេញផ្កា និងផ្លែតែម្តង។ នៅលើផ្ទៃដី20អា វាឱ្យផលក្នុងមួយថ្ងៃពីជាង 200គីឡូក្រាមទៅជាង 300គីឡូក្រាម និងត្រូវបេះវាព្រឹកល្ងាច ហើយនៅពេលណាដែលត្រសក់បានថ្លៃខ្ពស់ អាចលក់បាន 1,200 ទៅ 1,300រៀលក្នុងមួយគីឡូក្រាម តែបើត្រសក់ធ្លាក់ថ្លៃវិញ លក់បានចន្លោះពី 800ទៅ 900រៀលតែប៉ុណ្ណោះ។ គាត់ថាត្រសក់អោយផល ចាប់ពីពេលបេះរហូតដល់អស់ផ្លែទៅវិញមានរយៈពេល 1ខែ ឬលើសពីនេះ។

លោក ង៉ែត សូទ្រី អនុប្រធានរដ្ឋបាលសាលាស្រុកសំរោង និងជាប្រធានគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរបស់អង្គការ IDE ដែលបានចុះទៅបង្រៀនកសិករមានប្រសាសន៍ឱ្យដឹងពីបច្ចេកទេសដាំដុះនេះថា បើសិនជាកសិករថែទាំវាបានល្អ ត្រឹមរយៈពេល 25ថ្ងៃ​ វានឹងឱ្យផលបណ្តើរៗហើយ និងអាចបេះបានរហូតដល់1ខែ ឬជាង1ខែទើបវាអស់ទៅវិញ រួចកសិករគ្រាន់តែកាត់ដើមចោលហើយ ក៏អាចដាំវាជាលើកទី 2បានទៀតតែម្តង។

ចំពោះបច្ចេកទេសដាំដុះ គាត់ត្រូវយកគ្រាប់ពូជឈ្មោះ ហាភីស៊ី (នាំចូលពីប្រទេសថៃ តាមយៈអង្គការហាភីស៊ី) ទៅហាលថ្ងៃ15នាទីដើម្បីដាស់ដំណេក និងយកទៅបណ្តុះនៅក្នុងត្រេ (ឧបករណ៍បណ្តុះគ្រាប់ដំណាំ) រយៈពេលប្រហែល 1សប្តាហ៍ ត្រសក់នឹងចាប់ផ្តើមដុះចេញស្លឹកមួយឬពីរ។

លោកបន្តថា មុននឹងយកកូនត្រសក់ទៅដាក់ដាំ កសិករត្រូវភ្ជួរដីហាលចោលរយៈពេលមួយសប្តាហ៍ទើបលើកជារង ហើយឆូតចំកណ្តាលរងដើម្បីបាចកំបោរ-សដើម្បីសម្លាប់មេរោគ និងការពារសត្វល្អិតនៅក្នុងដី ពេលបាចហើយយើងភ្ជួរដីលុបកំបោរ-សនោះទៅវិញ ទើបគេយកផ្ទាំងកៅស៊ូមកគ្របពីលើរងនីមួយៗកុំឱ្យស្មៅដុះ និងដើម្បីរក្សាសំណើមឱ្យបានយូរ រួចហើយគេចោះរន្ធកៅស៊ូយកឬស្សីមកដោតដើម្បីចងសំណាញ់ឱ្យត្រសក់វាវារឡើង (មាននៅក្នុងរូប) រួចទើបរាយទុយោដើម្បីងាយស្រួលបន្តក់ទឹកតាមគល់នីមួយៗ។ ពេលរៀបចំកសិដ្ឋានរួចហើយ គេយកកូនត្រសក់មកដាក់ដាំតាមចន្លោះកៅស៊ូនោះ ហើយបន្តក់ទឹកជាប្រចាំមួយថ្ងៃ 2ដង នោះត្រសក់នឹងដុះលូតលាស់ល្អ តែបើមិនសូវល្អគេអាចយកជីអ៊ុយរ៉េមួយស្លាបព្រាទៅដាក់ជិតកន្លែងបូមទឹកដើម្បីឱ្យម៉ាស៊ីនបូមទឹក បូមទឹកដែលមានជីទៅស្រោចស្រពនៅតាមគល់ដើមត្រសក់នីមួយៗ។

លោកបញ្ជាក់ថា សម្រាប់កសិករគឺ រៀបចំកសិដ្ឋានតែម្តង អាចដាំបានច្រើនដងអាស្រ័យលើការថែទាំរបស់គាត់ ប៉ុន្តែយកល្អគេត្រូវដាំដំណាំឆ្លាស់គ្នា ដើម្បីរក្សាដីឱ្យនៅមានជីជាតិបានយូរ។ សម្រាប់គម្រោងដាំត្រសក់នេះកសិករមិនបាច់បារម្ភពីកង្វះទីផ្សារទេ បើសិនមិនមានម៉ូយមកទិញ អង្គការនឹងមកទិញយកដោយឱ្យតម្លៃមិនទាបជាងទីផ្សារឡើយ៕

Advertisement