ជើងហោះហើរ «ខ្លី​បំផុត​ក្នុង​ពិភពលោក» ដែល​អ្នក​មិន​ធ្លាប់​ដឹង​

ជើងហោះហើរ​ដ៏​ខ្លី​បំផុត​ក្នុង​ពិភពលោក​នោះ​គឺ ការហោះហើរ​រវាង​កោះ Westray និង​កោះ Papa Westray ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​របស់​ប្រទេស​ស្កុ​តលែ​ន​ដ៍ ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ​ពីគ្នា​ប្រមាណ 2,7គីឡូម៉ែត្រ​ប៉ុណ្ណោះ តែដោយសារ​វា​ជា​តំបន់​ឆកសមុទ្រ តូចចង្អៀត និង​ហាក់ដូចជា​មានទឹក​រាក់ និង​ពោរពេញ​ទៅដោយ​ផ្កាថ្មធំៗ និង​ថ្ម​មុត​ស្រួច​ទាំងផ្ទាំងៗផង​នោះ ជាហេតុ​ធ្វើឱ្យ​ពិបាក​ក្នុង​ការឆ្លង​ដោយ​ការ​ជិះទូក។

មូលហេតុ​ខាងលើ​នេះហើយ ទើបត្រូវ​ឆ្លងទៅ​រកគ្នា ទៅវិញទៅមក ដោយ​ការ​ជិះ​យន្តហោះ​ជំនួស​វិញ និង​ត្រូវ​ចំណាយពេល​ធ្វើដំណើរ​ត្រឹមតែ 47វិនាទី​ប៉ុណ្ណោះ (សូមបញ្ជាក់​ម្តងទៀត ត្រឹមតែ 47វិនាទី​ប៉ុណ្ណោះ) សម្រាប់​ថ្ងៃ​ដែល​ផ្ទៃមេឃ និង​ធាតុអាកាស​ល្អ និង​អាច​ត្រូវ​ចំណាយ​ពេលវេលា​កើនឡើង​ទៅជា 2នាទី ក្នុងករណី​ដែល​ផ្ទៃមេឃ​មាន​ភ្លៀង​ព្យុះ​ធ្លាក់។

យ៉ាងណាក៏ដោយ បើ​នរណា​គិត​ចង់​ធ្វើដំណើរ​ឆ្លង​កោះ​ដោយ​ជើងហោះហើរ​មួយ​នេះ ប្រហែលជា​ត្រូវ​ពិនិត្យមើល​កាលវិភាគ​ការហោះហើរ​ឱ្យបាន​ច្បាស់​បន្តិច​ហើយ ព្រោះ​ទោះ​វា​ជា​ជើងហោះហើរ​តែមួយគត់​ដែល​បម្រើ​សេវាកម្ម​នៅក្នុង​តំបន់​នេះ​មក​តាំងពី​ឆ្នាំ1960 មែន តែ​ក៏​ហោះហើរ​ដឹក​អ្នកដំណើរ​ត្រឹមតែ 2-3ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍៕

Advertisement