ក្រុមហ៊ុនធំៗពីរចាប់ដៃគ្នាបោះទុនបង្កើតរោងចក្រស៊ីម៉ងត៍នៅកម្ពុជា

ភ្នំពេញ៖ ក្នុងគោលដៅបញ្ឈប់ការនាំចូល ក៏ដូចជាផ្តល់ការងារជូនពលរដ្ឋខ្មែរឱ្យបានកាន់តែច្រើនផងដែរនោះ ក្រុមហ៊ុនធំៗចំនួនពីររបស់ខ្មែរ និងថៃបានចាប់ដៃគ្នាបោះទុនវិនិយោគប្រមាណជា 262លានដុល្លារអាមេរិកដើម្បីបង្កើតរោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅស្រុកទូកមាស ក្នុងខេត្តកំពតដែលជាខេត្តមានសក្តានុពលសម្បូរទៅដោយវត្ថុធាតុដើម។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប មានប្រសាសន៍ថា ដើម្បីកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសឱ្យបានជាអតិបរមា ក្រុមហ៊ុនបានសម្រេចសហការជាមួយក្រុមហ៊ុន Siam City Cement Public Limited របស់ថៃដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ម៉ាកអូដ្ឋ ស៊ីម៉ងត៍ម៉ាកឥន្រ្ទីពេជ្រ ដោយបានបោះទុនវិនិយោគរួមគ្នាក្នុងទឹកប្រាក់ប្រមាណជា 262លានដុល្លារ សម្រាប់បង្កើតរោងចក្រនៅកម្ពុជាជាមួយនឹងការរចនាសម្បកវេចខ្ចប់បែបថ្មីបង្ហាញពីសក្តានុពលនៃគុណភាពរឹងមាំ និងអត្តសញ្ញាណរបស់ជាតិ។

ក្រោមទុនវិនិយោគ 262លានដុល្លារ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានច្របាច់បញ្ចូលគ្នានូវចំណេះ ជំនាញ និងបទពិសោធរបស់ក្រុមហ៊ុនទាំងពីរដែលមានជំនាញបច្ចេកទេសផ្នែកឧស្សាហកម្មផលិតស៊ីម៉ងត៍រយៈពេលជាង50ឆ្នាំមកហើយ។
ការសហការជាមួយគ្នានេះត្រូវបានផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោកឧកញ៉ាបានមានប្រសាសន៍ដូច្នេះថា «គោលបំណងយើងគឺគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានស្ថិរភាព។
ក្រៅពីចង់ជួយកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីបរទេសមកកាន់កម្ពុជាហើយ យើងចង់បង្ហាញថា យើងអាចមានសមត្ថភាពផលិតផលិតផលខ្លួនឯងបាន និងបង្ហាញពិភពលោកថា យើងមានសមត្ថភាពផលិតស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិផងដែរ ដែលនេះជាចំណុចសំខាន់មួយបង្ហាញពីការរីកចម្រើនកម្រិតថ្មីមួយទៀតរបស់ជាតិយើង ដោយសារកម្ពុជាមានធនធានធម្មជាតិដ៏ល្អសម្រាប់ធ្វើជាវត្ថុធាតុដើមក្នុងការផលិត»។

មិនមែនធ្វើការវិនិយោគដើម្បីស្វែងរកប្រាក់ចំណេញតែមួយមុខនោះទេ ប៉ុន្តែក្រុមហ៊ុនបានគិតគូរពីផលប៉ះពាល់បរិដ្ឋានឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបានស្របតាមបទដ្ឋានស្តង់ដារអង្គការអន្តរជាតិ ដោយមានការបញ្ចេញឧស្ម័នកាបូនទាបបំផុត។ ក្រៅពីនោះក្រុមហ៊ុនក៏នឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរ ពិសេសក្រុមហ៊ុនមានអ្នកជំនាញមកពីក្រៅប្រទេសដើម្បីចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែមានចំណេះប្រសើរឡើងលើជំនាញបច្ចេកទេសផលិតស៊ីម៉ងត៍ក៏ដូចជាការផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងរោងចក្រនានានៅក្នុងប្រទេសកម្ពុជាតាមរយៈការបណ្តុះបណ្តាលក្រុមការងារ ផ្នែកផលិត ផ្នែកទីផ្សារ ផ្នែកលក់ រួមទាំងក្រុមការងារផ្សេងៗដើម្បីបំពេញតាមតម្រូវការទូទៅរបស់ទីផ្សារកម្ពុជា ហើយលើសពីនេះក្រុមហ៊ុននឹងអភិវឌ្ឍតំបន់នោះឱ្យក្លាយជាតំបន់ទាក់ទាញបម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៀតផង។

លោក Aidan Lynam នាយកប្រតិបត្តិនៃក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានប្រសាសន៍ថា ក្រុមហ៊ុនមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែនឹងពង្រីកការនាំចេញទៅកាន់ប្រទេសក្រៅក្នុងតំបន់ថែមទៀត ដោយផ្អែកលើគុណភាពនៃការផលិតចេញពីវត្ថុធាតុដើមដែលមានគុណភាពនៅក្នុងស្រុកទូកមាស ខេត្តកំពតដែលរោងចក្រនេះនឹងចាប់ផ្តើមដំណើរការនៅខែវិច្ឆិកា ចុងឆ្នាំ2017នេះ។ លោកអះអាងដូច្នេះថា «អ្នកទាំងអស់គ្នាសុទ្ឋតែចង់បាននូវផលិតផលដែលអតិថិជនប្រើប្រាស់ដោយសុវត្ថិភាព និងជឿទុកចិត្ត ពួកគេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសស៊ីម៉ងត៍របស់យើងខ្ញុំ»។ ក្រុមហ៊ុននេះកំពុងតែមានភាពជិតស្និទ្ឋជាងមុនជាមួយនឹងដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ខ្លួនជាមួយស្លាកយីហោស៊ីម៉ងត៍អូដ្នថ្មីនេះជាជំហានដំបូងដើម្បីសម្រេចគោលដៅរួមគ្នា។

គួរបញ្ជាក់ដែរថា វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាសំខាន់មួយដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ទុនវិនិយោគ និងវិស័យសំណង់លំនៅដ្ឋានក្នុងឆ្នាំ2016 កន្លងមកមានប្រមាណជា 5.580លានដុល្លារអាមេរិក។ និងក្នុងរយៈពេល 5ខែដើមឆ្នាំ2017នេះ ទុនវិនិយោគវិស័យសំណង់មានប្រមាណជា 4.362លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2016 គឺមានកំណើនប្រមាណជា 20% និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជា 20ម៉ឺននាក់ក្នុងមួយថ្ងៃ៕

Advertisement