ADB ជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន

គម្រោងចំនួន2 គឺ គម្រោងអភិវឌ្ឍន៍សមត្ថភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យយុវជនមានជំនាញស្វែងរកការងារត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសផ្តល់ជំនួយ។

នាយកនៃនាយកដ្ឋានអាស៊ី-អាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Kelly Bird បាននិយាយថា ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយដល់កម្មវិធីលើគម្រោងចំនួន 2 គឺគម្រោងទី 1 ជាគម្រោងកាត់បន្ថយគម្លាតពីការរៀនចប់ទៅដល់ការរកការងារធ្វើនៅក្នុងទីផ្សារ តាមរយៈការគាំទ្របណ្តុះបណ្តាល ដោយអនុវត្តផ្ទាល់ដើម្បីឱ្យយុវជនមានការងារជាក់ស្តែង និងបទពិសោធការងារ និងគម្រោងទី2 គឺគម្រោង Training Grant Program ដែលបង្កើតលទ្ធភាពដល់និយោជកក្នុងការស្នើរៀបចំសុំថវិកាបដិភាគដើម្បីបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា គម្រោងទាំង2នេះជាកម្មវិធីដែលមានសក្ដានុពលខ្ពស់ក្នុងទីផ្សារការងារកម្ពុជា ដែលកំពុងតែខ្វះខាតពលកម្មជំនាញស្រាប់។ ក្នុងនោះក្រសួងពាណិជ្ជកម្មបានគាំទ្រគម្រោងមួយរួចមកហើយ គឺការបង្កើតសាលាវិជ្ជាជីវៈធ្វើម្ហូប ហៅថា Academy of Culinary Art of Cambodia ក្រោមក្របខ័ណ្ឌភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលជាការរួមចំណែកមួយក្នុងការបណ្ដុះបណ្ដាលជំនាញ៕

Advertisement