រៀបការ​ពេល​អាយុ​ចន្លោះ 28-31ឆ្នាំ ជីវិត​គូ​នឹង​ស្ថិតស្ថេរ​យូរអង្វែង​

អ្នក​សង្គមវិទ្យា​នៃ​មហាវិទ្យាល័យ យូ​ថា​ហ៍ សហរដ្ឋអាមេរិក បានបង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​រកឃើញថា​ក្នុងអំឡុង​អាយុ​ចន្លោះ​ពី 28-32ឆ្នាំ គឺជា​វ័យ​ដែល​ស័ក្តិសម​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​ខ្លាំង​បំផុត ព្រោះ​ជា​អំឡុង​វ័យ​ដែល​ស្គា​ល់ពី​អារម្មណ៍​របស់​ខ្លួនឯង រកឃើញ​ដំណើរ​ជីវិត និង​មាន​ភាព​ទទួលខុសត្រូវ​ក្នុង​ក​ម្រឹត​មួយ​ហើយ។ ការស្រាវជ្រាវ​បាន​រកឃើញ​ផងដែរ​ថា​អ្នក​ដែល​រៀបការ​ក្រោយ​អាយុ ៣២ឆ្នាំ មាន​អត្រា​ការ​លែងលះ​កើនឡើង ខណៈដែល​គូស្នេហ៍​វ័យ​ជំទង់​អាយុ ១៥-១៩ឆ្នាំ លែងលះគ្នា​ច្រើន​បំផុត។

ទស្សនា​វ​ដ្តី ថា​ម បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ និគ វូ​ហ្វ៊ី​ង​ហ្គើ​រ៍ អ្ន​សង្គមវិទ្យា​ដែល​បាន​រកឃើញថា អំឡុង​អាយុ​ដែល​ស័ក្តិសម​សម្រាប់​ការចាប់ផ្តើម​ជីវិត​គូ​នោះ​គឺ 28-32ឆ្នាំ ដោយ​អ្នកស្រាវជ្រាវ​បាន​នាំយក​ព័ត៌មាន​ការពិនិត្យ​ពីស​ភាវ​គ្រួសារ​ជនជាតិ​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ 2006-2010 និង 2011-2015 មក​វិភាគ និង​រកឃើញថា​គូ​អាពាហ៍ពិពាហ៍​ដែល​ស្ថិតក្នុង​វ័យ​នេះ​មាន​អត្រា​ការ​លែងលះ​ទាប​ជាង​អ្នក​ដែល​រៀបការ​ក្នុង​វ័យ​ផ្សេងទៀត ជាពិសេស​ក្នុងអំឡុងពេល 5ឆ្នាំ​ក្រោយពេល​រៀបការ​មាន​អត្រា​ការចែក​ផ្លូវ​គ្នា​តិច​បំផុត។

វូ​ហ្វ៊ី​ង​ហ្គើ​រ៍​បាន​អធិប្បាយ​ថា ហេតុផល​ដែល​មនុ​ស្សវ័យ 28-32 ឆ្នាំ​ស័ក្តិសម​ល្អ​ក្នុងការ​រៀបការ​នោះ​មាន​ច្រើន​ចំណុច ដូចជា៖
-មនុស្ស​វ័យ​នេះ​ធំ​គ្រប់គ្រាន់​ក្នុង​ការដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ថា តើ​ខ្លួន​ចូល​ចុះ​ជាមួយ​ដៃគូ​បាន​មែនឬ​គ្រាន់តែ​ជា​អារម្មណ៍​រំជើបរំជួល​របស់​អ័រម៉ូន?
-រូបគេ ឬ​នាង​បានជ្រើសរើស​ដំណើរ​ផ្លូវ​ជីវិត​ដែល​ខ្លួនឯង​ត្រូវការ​ហើយ និង​ចាប់ផ្តើម​មាន​ភាព​ទទួល​ខុសត្រូវ​ចំពោះ​រឿងផ្សេងៗហើយ។
-មាន​ស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​បាន​មួ​យក​ម្រិត​ហើយ។
-នៅ​មិនទាន់​ចាស់​ជ្រុល​ក្នុងការ​សម្របសម្រួល​ខ្លួន កែសម្រួល​និស្ស័យ ឡៃ​ហ្វ៍​ស្តា​យល៍ ជីវិត​រស់នៅ​ប្រចាំថ្ងៃ -ល- ឱ្យចូល​គ្នា​ជាមួយ​ដៃគូ​ឡើយ ដែល​នេះ​គឺជា​រឿង​សំខាន់​ណាស់​ក្នុងការ​មានជីវិត​គូ។

អ្នកខ្លះ​អាច​ហៅ​ការសិក្សា​ស្រាវជ្រាវ​នេះ​ថា​ជា ទ្រឹស្តី​មាស​របស់​ការ​រៀបការ ដែល​គូរ​អាពាហ៍ពិពាហ៍​ត្រូវតែ​មិន​ក្មេង ឬ​ចាស់​ជ្រុល​ពេក ក្រៅពីនេះ​នៅមាន​ហេតុផល​ជាច្រើន​ទៀត​ដែល​គាំទ្រ​ថា ក្នុងអំឡុង​អាយុ 20ឆ្នាំ​ក្រាស់ និង 30ឆ្នាំ ស្តើង​គឺជា​អំឡុងពេល​ដ៏​ល្អ​ក្នុងការ​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​នរណាម្នាក់​នោះ អ្នក​សង្គមវិទ្យា​ពី​មហាវិទ្យាល័យ យូ​ថា អះអាង។

វូ​ហ្វី​ង​ហ្គើ​រ៍ បាន​បន្ថែមទៀតថា គូ​អាពាហ៍ពិពាហ៍​ដែល​ទទួលជោគជ័យ​ក្នុង​ជីវិត​គូ ភាគច្រើនៗតែ​ជា​គូ​ដែល​ស្គាល់​ពី​និស្ស័យ​ចិត្តថ្លើម​គ្នា។

ការរៀប​អាពាហ៍ពិពាហ៍​ក្នុងអំឡុង​វ័យ 15-19ឆ្នាំ នឹងធ្វើ​ឱ្យ​កើត​មានការ​លែងលះ​ច្រើន​បំផុត បន្ទាប់មក​គឺ​ក្នុងអំឡុង​វ័យ 20-24ឆ្នាំ 28-32ឆ្នាំ តាម​លំដាប់ ក្រៅពីនេះ មាន​បច្ច័យ​ជាច្រើន​ទៀត​ដែល​អ្នក​សង្គមវិទ្យា​ជឿថា នឹង​ជួយ​ឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​យូ​អង្វែង​នោះ មានដូចជា ស្ថិរភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ការសិក្សា​ដែល​ល្អ ការរៀប​ការ​មុន​មាន​បុត្រ-ល- សុទ្ធ​តែមាន​ចំណែក​ធ្វើឱ្យ​គូ​អាពាហ៍ពិពាហ៍​មានជីវិត​ប្រកបដោយ​សុភមង្គល​និង​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង​បាន​ទាំងអស់៕

Advertisement