ចងចាំ 5 ចំណុច​នេះ អ្នកនឹងមាន​សុភមង្គល​ក្រោយពេល​រៀបការ​

ក្រោយពេល​រៀបការ​រួច​ជីវិត​របស់​អ្នកនឹង​ត្រូវ​ផ្លាស់ប្តូរ​ទាំងស្រុង មិនមែន​ដូចជា​ពេល នៅ​លីវ​ទៀតឡើយ។ ចំណែកឯ​ភាព​ល្អូកល្អិន និង​កើតមានឡើង​បន្ទាប់ពី​រៀបការ​ថ្មោងថ្មី ប៉ុន្តែយូរៗទៅ​អ្នកនឹង​ចាប់​ផ្តើ​មាន​អារម្មណ៍​នឿយណាយ គួបផ្សំ​ជាមួយនឹង​រឿងរ៉ាវ​រាប់រយ​ជំពូក អ្នក​នឹងមាន​ភាពស្មុគស្មាញ​កាន់តែខ្លាំង​ឡើង។ ប្រសិនបើ​រឿងនេះ​នៅតែ​បន្ត​រហូត ហើយ​អ្នក​ទាំងពីរ​ពុំមាន​វិធី​អ្វី​ដោះស្រាយ អ្នក​ទាំងពីរ​ច្បាស់​ជា​រក​សុភមង្គល​មិនឃើញ​ឡើយ។ ដូច្នេះហើយ​អ្នក​ទាំងពីរ​គួរតែ​រៀន​ពី​ចំណុចសំខាន់ៗមួយចំនួន​ដើម្បី​ឲ្យ​ជីវិត​ប្រកបទៅដោយ​សុភមង្គល។

ចេះ​យល់ចិត្ត​គ្នា៖ រឿង​ដ៏​សំខាន់​មួយ​ដែល​គូរ​ស្នេហ៍​ថ្មោងថ្មី​គួរតែ​ដឹង គឺ​ការស្វែងយល់​ចិត្ត​គ្នា​ទៅវិញទៅមក។ ជីវិត​អាពាហ៍ពិពាហ៍​នឹង​កាន់​តែមាន​សុភមង្គល ប្រសិនបើ​ប្តី​ប្រពន្ធ​ចេះ​យល់ចិត្ត​គ្នា ហើយ​មិន​ថា​គ្រប់​ឧបសគ្គអ្វីៗទាំងអស់​នឹងត្រូវ​បាន​ដោះស្រាយបាន​យ៉ាង​ងាយស្រួល។

មានចិត្ត​អំណត់៖ ភាព​អំណត់​មិនមែន​មានតែ​ប្រពន្ធ ឬ​ស្វាមី​នោះទេ តែ​ត្រូវ​ឲ្យ​អ្នក​ទាំងពីរ​ពូកែ​មានចិត្ត​អំណត់​ដូចគ្នា។ ជាធម្មតា​ការរួម​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​គេច​មិន​ផុតពី​ការតំឡើង​ពាក្យសំដី​ធំ​តូច​ដាច់​គ្នា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ភាគី​ទាំង​សង​មានចិត្ត​អំណត់​ក្នុងដំណាក់កាល​នេះអ្វីៗនឹង​ល្អប្រសើរ​ឡើងវិញ។

ចេះ​ជួយ​យកអាសារ​គ្នា៖ ការចេះ​ជួយ​យកអាសារ​គ្នា​ក្នុងពេល​គ្រា​លំបាក គឺជា​រឿង​ដែល​គូស្នេហ៍​គួរតែ​អនុវត្ត។ ព្រោះ​ជីវិត​រស់នៅ​របស់​មនុស្សម្នាក់ៗគេច​មិន​ផុតពី​ជួប​នូវ​បញ្ហា​នោះទេ គ្រាន់តែ​បញ្ហា​នោះ​តិច​ឬក៏​ច្រើនតែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិនបើ​ភាគី​ណាមួយ​ជួបនឹង​បញ្ហា​អ្នក​ត្រូវ​ចេះ សួរនាំ ឬ​ជួយ​រក​វិធី​ដោះស្រាយ​ជំនួស ទើប​សម​មាន​ឈ្មោះថា​ស្វាមីភរិយា​ល្អ។

ចេះ​ផ្តល់​កម្លាំងចិត្ត៖ អ្វីដែល​គូស្នេហ៍​គួរ​បាន​ពីគ្នា​ទៅវិញទៅមក គឺ​ផ្តល់​កំលាំងចិត្ត​នៅពេលដែល​ជួបនឹង​ទុក្ខលំបាក​ដោះស្រាយ​មិន​ចេញ។ ប្រសិនបើ​អ្នកចេះ​ផ្តល់​កំលាំងចិត្ត​ដល់​គ្នា​ទៅវិញទៅមក ជឿថា​បញ្ហា​អ្វី​នឹង​បាន​ដោះស្រាយ ហើយ​ភាព​រីករាយ​នឹង​វិលត្រឡប់​មករក​អ្នក​វិញ​ជា​មិន​ខាង​ឡើយ។

ភាពស្មោះត្រង់៖ អ្នក​មិនអាច​មើលរំលង​ចំណុច​មួយ​នេះ​បានទេ ព្រោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​អាច​បន្ត​ទៅមុខទៀត​បាន ឬ​មិនបាន​គឺ​អាស្រ័យទៅលើ​ភាពស្មោះត្រង់​នេះឯង។ ប្រសិនបើ​អ្នកទទួលបាន​ភាពស្មោះត្រង់​ហើយ ក្តី​សុខ នឹង​សុភមង្គល​នឹង​តាម​មកជា​មួយ​ជាមិនខាន៕

Advertisement