ខុស​ហើយ​បើ​ចិញ្ចឹម​កូន​តាម 6វិធី​ខាងក្រោម​នេះ​

ឪពុកម្តាយ និង​អាណាព្យាបាល​ជាច្រើន​នាក់​អាច​នឹង​នៅ​មិនទាន់​ដឹងខ្លួន ឬ​សង្កេតឃើញថា​ទង្វើ ឬ​រឿង​ដែល​អ្នក​អប់រំ​បង្រៀន​ដល់​កូន​នោះ ក្លាយជា​ការធ្វើ​បាប​គេ​ទាំង​ដោយ​ត្រង់ និង​ទាំង​ប្រយោល​បែប​យល់​មិន​ដល់​ទៅវិញ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​មាន​ទង្វើ​ណាខ្លះ​ដែល​អ្នក​មិនគួរ​នាំយកទៅ​បង្រៀន ឬ​ប្រើ​ជាមួយ​កូន​របស់​អ្នក?

1.កុំ​យកក្តី​ស្រមៃ​កាលពី​នៅ​ក្មេង​របស់​អ្នក​មក​ដាក់​ធ្វើជា​គោលដៅ​ឱ្យ​កូន​ដើរ​តាម
គ្រប់គ្នា​មាន​ក្តី​ស្រមៃ​ដែល​អាច​នឹង​ដូច និង​មិន​ដូចគ្នា កូន​របស់​អ្នក​ក៏​អី​ុ​ចឹ​ង​ដែរ គេ​អាច​នឹងមាន​ក្តី​ស្រមៃ និង​ការ​នឹកគិត​របស់គេ ការនាំ​ក្តី​ស្រមៃ​របស់​អ្នក​មក​ធ្វើជា​គោលដៅ​ឱ្យ​កូន​ធ្វើតាម​នោះ​ជា​រឿង​មួយ​ដែល​ខុស ធ្វើឱ្យ​កូន​មាន​អារម្មណ៍ទើសទាល់ និង​អាច​នឹងធ្វើ​ឱ្យគេ​ត្រូវ​ទ្រាំ​ធ្វើ​នូវ​អ្វីដែល​គេ​មិន​ចូលចិត្ត​នោះ​អស់​មួយជីវិត។

2.ប្រៀបធៀប​កូន​ជាមួយ​ក្មេង​ដទៃ​ជាប្រចាំ
ការប្រៀបធៀប​កូន​ខ្លួនឯង​ជាមួយ​ក្មេង​ដទៃ​គ្រប់ពេលវេលា មិន​ថា​ក្នុង​ផ្នែក​ណាក៏ដោយ នឹងធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ថា​រង​សម្ពាធ មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ចំណុច​អន់ មាន​អារម្មណ៍​ថា​ឪពុក-ម្តាយ​មិន​ស្រឡាញ់​គេ តែ​ទៅ​ស្រឡាញ់​អ្នកដទៃ​ខ្លាំង​ជាង ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ទន់ជ្រាយ និង​សម្តែង​អាការ​ចេញមក​ក្នុង​បែប​តតាំង។

3.រៀន​គួរ​ពិសេស​ច្រើន​ហួសពេក
ត្រឹមត្រូវ​ហើយ​ការរៀន​គួរ​ពិសេស ឬ​ការរៀន​ជំនាញ​ពិសេស ជា​រឿង​ដែល​ល្អ តែ​ត្រូវ​សួរ​ពី​ការស្ម័គ្រចិត្ត​អំពី​កូន​ជាមុនសិន មិនមែន​ឱ្យគេ​គិតតែ​ពី​រៀន​រហូត​គ្មាន​ពេល​សម្រាក ឬ​ធ្វើ​អ្វី​ផ្សេង​នោះឡើយ។ ចូរ​កុំ​លួច​ពេលវេលា​ក្នុង​ជីវិត​របស់​កូន​ទៅ ដោយ​កូន​មិន​យល់ព្រម​ឱ្យសោះ។

4.ការពារ​កូន​ជ្រុល​ពេក ប្រៀប​ដូច​កែវ​ក្នុង​កញ្ច្រែង​ថ្ម
ការថែរក្សា​ការពារ​កូន​ជា​រឿង​ដែល​ឪពុកម្តាយ​គួរតែ​ធ្វើ តែ​ត្រូវការពារ​គេ​បែប​ផ្លូវកណ្តាល រឿង​ខ្លះ​ត្រូវតែ​បណ្តោយ​ឱ្យគេ​រៀន​យល់ដឹង​ដោយ​ខ្លួនឯង ឱ្យគេ​ស្គាល់​ចាញ់ និង​ឈ្នះ និង​ចេះ​កែខៃ​បញ្ហា​ដោយ​ខ្លួនឯង​មុននឹង​ស្រែក​សុំ​ការជួយ​ពី​អ្នកដទៃ។ អ្នក​មិនអាច​ការពារ​កូន​បាន​គ្រប់ពេលវេលា រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់គេ​បានឡើយ ដូច្នេះ​រឿង​ដែល​ល្អ​បំផុត​គឺ ឱ្យគេ​ចេះ​ថែរក្សា ការពារ​ខ្លួនឯង​ពី​សង្គម​ដែល​សាហាវឃោរឃៅ​នេះ​ឱ្យបាន​ដោយ​ខ្លួនឯង។

5.មើលឃើញ​អ្វីដែល​កូន​ស្រឡាញ់ អ្វីដែល​កូន​ចូលចិត្ត​ថា ជា​រឿង​ឥតប្រយោជន៍
ចំណង់​ចំណូលចិត្ត និង​ភាព​ជំនាញ​ថ្នឹក​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ កូន​របស់​អ្នក​ក៏​អី​ុ​ចឹ​ង​ដែរ ការដែល​គេ​មាន​ភាព​ជំនាញ​ថ្នឹក ឬ​ចូលចិត្ត​ធ្វើ​រឿង​អ្វីមួយ​ជាពិសេស​នោះ អ្នក​គួរតែ​បណ្តោយ​ឱ្យគេ​រៀន​យល់ដឹង និង​ធ្វើ​នូវ​រឿង​នោះ តែបើ​ស្ថិតនៅក្នុង​វ័យ​រៀន ឬ​អំឡុង​ពេលដែល​មិន​សមរម្យ​ក៏​អាច​នឹង​ប្រាប់​គេ ឬ​អធិប្បាយ​ពន្យល់​គេ​ដោយ​ហេតុផល មិនមែន​ហាមប្រាម​ដាច់ខាត ឬ​មើលងាយ-មើលថោក​លើ​អ្វីដែល​កូន​គិតភ្លាមៗនោះទេ។

6.ឱ្យដៃ​កូន
កូន​អ្នកចេះ​ធ្វើ​ត្រូវបាន ក៏​ច្បាស់​ជា​ចេះ​ធ្វើ​ខុស​បាន​ដូចគ្នា អ្នកមាន​តួនាទី​ចង្អុល​ណែនាំ​បង្ហាញ​ឱ្យគេ​បានរស់នៅ​ក្នុង​ជីវិត​ដែល​ត្រឹមត្រូវ​តាម​គន្លង​ធម៌។ ការ​ឱ្យដៃ​កូន ឬ​ពន្យុះ​កូន​ឱ្យធ្វើ​នូវ​អ្វីដែល​មិន​ត្រឹមត្រូវ ឬ​កាន់ជើង​កូន​ក្នុង​រឿង​ដែល​មិន​សមរម្យ​ជំនួស​ឱ្យ​ការបង្ហាត់បង្រៀន ឬ​ដាស់តឿន​នឹងធ្វើ​ឱ្យគេ​បានចិត្ត និង​មិន​ខ្លាចក្រែង ឬ​លែង​ចេះ​កោត​គោរព​អ្នកណា​ជាដើម។

6 ចំណុច​ខាងលើ​ដែល​បាន​រៀបរាប់​មកនេះ​លោកឪពុក​អ្នក​ម្តាយ​សម័យថ្មី​គួរតែ​ចៀសវាង និង​មិនគួរ​មើលរំលង​ឡើយ ដើម្បី​ជីវិត និង​អនាគត​ដ៍​ល្អ​របស់កូនៗនាពេល​អនាគត៕

Advertisement