បោះ​បង់​ប្រាក់​ខែ​ 2,000​ដុល្លារ​ មក​ស្រវា​បើក​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង

សហគ្រិន​វ័យ​ក្មេង​ម្នាក់​បាន​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់​ផ្អើល បន្ទាប់​ពី​រូប​គេ​សុខ​ចិត្ត​បោះ​បង់​ការងារ​នៅ​ក្នុងក្រុម​ហ៊ុន​អន្តរជាតិ​មួយ​ដែល​មាន​ប្រាក់​ខែ​រហូត​ដល់ ​2,000​ដុល្លារ បែរ​ជា​លា​ឈប់​ពី​ការ​ងារ​ដើម្បី​សម្រេច​ក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ដែល​ចង់​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​នៅ​ត្រឹម​អាយុ​30​ឆ្នាំ។

យុវជន ដួង តារា ដែល​ជា​ម្ចាស់​ហាង​កាហ្វេ Mister Brew Coffee បាន​និយាយ​ថា ដើម្បី​សម្រេច​ក្តី​ប្រាថ្នា ដែល​មាន​តាំង​ពី​នៅ​វ័យ​ក្មេង​នោះ រូប​គេ​បាន​បោះបង់​ការងារ​ជា​នាយក​ប្រតិបត្តិ​នៅ​ហាង​នំបុ័ង​អន្តរជាតិ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា ហើយ​បាន​ងាក​មក​បើក​ហាង​កាហ្វេ​ដោយ​សហការ​ជា​មួយ​មិត្ត​ភក្តិ​ចំនួន​3​នាក់ ប៉ុន្តែ​ដោយ​សារ​ការ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង​មាន​ការ​លំបាក​ខ្លាំង មិត្ត​ភក្តិ​ម្នាក់​ក៏​បាន​លា​ឈប់។ បើ​ទោះ​បី​ជា​សល់​គ្នា​តែ​ពីរ​នាក់ តែ​ពួក​លោក​បាន​ខិត​ខំ​យ៉ាង​ខ្លាំង រហូត​អាច​បង្កើត​សាខា​បាន​ចំនួន3 ជា​បន្ត​បន្ទាប់​នៅ​ត្រឹម​រយៈពេល​តែ​ជាង​1ឆ្នាំប៉ុណ្ណោះ។

លោក បាន​រំឭក​ថា ដំបូង​ឡើង​លោក​បាន​បោះ​ទុន​រួមគ្នា​ចំនួន​3​នាក់ ដើម្បី​សាក​ល្បង​បើក​ហាង​កាហ្វេ​នៅលើ​រថយន្ត​មួយ​នៅ​ម្តុំ​ទួលគោក ដោយ​បើក​នៅ​លើ​រថយន្ត​ចល័ត​ប៉ុណ្ណោះ ហើយ​បើក​នៅ​ទីតាំង​ដែល​ជា​បណ្តុំ​នៃ​ហាង​កាហ្វេ​មាន Franchise ពី​បរទេស ពិសេស​ហាង​កាហ្វេ Amazon តែ​ម្តង។

មក​ដល់​ត្រង់​នេះ​លោក ដួង តារា បញ្ជាក់​ថា​៖“ដើម្បី​ចង់​ដឹង​ថា​កាហ្វេ​របស់​យើង​មាន​ការ​គាំទ្រ​ពី​អតិថិជន​ច្រើន​ប៉ុនណា​នោះ ទើប​ខ្ញុំ​សម្រេច​បើក​ហាង​នៅ​លើ​រថយន្ត​ក្បែរ​ហាង​កាហ្វេ​ល្បីៗ។ ក្រោយ​ពី​បើក​ដំណើរការ​ក៏​មាន​អតិថិជន​ប្រុស​ស្រី​នាំ​គ្នា​មក​ទិញ​ជា​ហូរហែរ មិន​ចាញ់​ហាង​កាហ្វេ Franchise ល្បីៗ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ពង្រីក​សាខា​បាន​រហ័ស ដោយ​ត្រឹម​រយៈ​ពេល​ជាង​1ឆ្នាំ ពួក​ខ្ញុំ​បង្កើត​បាន​3​សាខា គឺ​សាខា​ទួលគោក នរោត្តម និង​នៅ​ក្រោយ​រោងកុន​បូកគោ។ សម្រាប់​ដំណាច់​ឆ្នាំ​2017 នេះ​ពួក​ខ្ញុំ​គ្រោង​នឹង​បើក​សាខា​មួយ​នៅ​ជិត​ភ្លើង​ស្តុប​ទេពផន​ផង​ដែរ”។

ជា​មួយ​នឹង​លទ្ធ​ផល​នៃ​ភាព​ជោគ​ជ័យ​នេះ សហ​ស្ថាបនិក​ហាង​កាហ្វេ Mister Brew Coffee បាន​ប្រាប់​ថា អ្វីដែល​ធ្វើ​ឱ្យ​អតិថិជន​ជា​ច្រើន​គាំទ្រ​ផលិត​ផល​របស់​លោក​នោះ​គឺ​ដោយ​សារ​ការ​មាន​រូបមន្ត​សម្រាប់​ឆុងកាហ្វេ និង​គ្រាប់​កាហ្វេ​ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​រូប​មន្ត​ពិសេស​មួយ​នាំ​ចូល​មក​ពី​ខេត្តឈៀងរ៉ៃប្រទេសថៃ ដែល​ជាខេត្ត​ពេញ​និយម​សម្បូរ​ទៅ​ដោយ​អ្នក​ចូល​ចិត្ត​ទទួល​ទានកាហ្វេ​។

បើ​តាម​លោក តារា អតិថិជន​របស់​លោក​គឺ​មាន​ទាំង​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ ក្រៅ​ការិយាល័យ និង​ស្រ្តីមេផ្ទះ​ជា​ដើម ដោយ​ជា​មធ្យម​ក្នុង​1ថ្ងៃ​លក់​បាន​ចន្លោះ​ពី​500-600​កែវ​។ យុវជន ដួង តារា បាន​រំឭក​ពី​ប្រវត្តិ​ខ្លះៗ​មុន​ពេលចាប់​ផ្តើម​អាជីព​បើក​ហាង​កាហ្វេ​នេះ​ថា លោក​កើត​ក្នុងគ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​មួយ​មាន​ឪពុក​ម្តាយ​ជា​អ្នក​ជំនួញ។ ក្រោយ​ពី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​2007 លោក​ក៏​បាន​សុំ​លុយ​ម្តាយ​ចំនួន​300​ដុល្លារ​ដើម្បី​យក​ទៅ​បង់​រៀន​មួយ​ឆមាស​នៅ​សាកលវិទ្យាល័យ​មួយ ស្រាប់​តែ​ម្តាយ​របស់​លោក​ប្រាប់​ថា មិន​មាន​លុយ​ទេ ដោយ​សារ​បញ្ហា​ធ្វើ​ជំនួញ។ ពាក្យ​សម្តី​នេះ​បាន​ធ្វើឱ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ថា មិន​គួរ​ម្តាយ​ធ្លាក់​ខ្លួន​ដូច្នេះ​សោះ។ កន្លះខែ​ក្រោយ​មក​ស្រាប់​តែ​ម្តាយ​គាត់​យក​លុយ​មក​ឱ្យ​ 300​ដុល្លារ​ដើម្បី​បង់​សាលា​រៀន​ ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​បាន​សន្យា​ជា​មួយ​ខ្លួន​ឯង​ថា នឹង​ប្រើ​លុយ​300​ដុល្លារ​នេះ​ឱ្យ​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ទៅ​ថ្ងៃ​អនាគត។

ដោយ​សារ​ជីវភាព​មិន​សូវ​ធូរធារ​លោក​ក៏​បាន​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​ពេល​កំពុង​សិក្សា ប៉ុន្តែ​ទោះ​ជា​ដាក់​ដល់​ទៅ​10​កន្លែង​ហើយ​ក៏​ដោយ​ក៏​គ្មាន​ក្រុមហ៊ុន​ណា​ហៅ​ដែរ។ ជា​ចៃដន្យ​ថ្ងៃ​មួយ​ មាន​ហាង​ការ៉េម​មួយ​បាន​ហៅឱ្យ​លោក​ទៅ​ធ្វើការ ដោយផ្តល់​ប្រាក់​ខែ​ត្រឹម​តែ​60​ដុល្លារ​ប៉ុណ្ណោះ​។ ជាមួយ​នឹងការ​ចិញ្ចឹម​ចិត្ត​ចង់​បើក​ហាង​ខ្លួន​ឯង លោក​ក៏​បាន​ខំប្រឹង​ធ្វើ​ការ​រហូត​ក្លាយ​ជា​អ្នកគ្រប់​គ្រង​ក្នុង​ហាង​នោះ​តែ​ម្តង​។ ក្រោយ​មក​លោក​ក៏​បាន​ឈប់​ពី​ហាង​លក់​ការ៉េម​នោះ​ ហើយ​ផ្លាស់​ទៅ​ធ្វើ​ការ​ក្នុង​ហាង​នំបុ័ង​អន្តរជាតិ​មួយ​ដោយ​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ និង​ទទួល​បាន​ប្រាក់​ខែ​ចំនួន​ 2,000​ដុល្លារ។

លោក តារា បាន​អះអាង​ថា​៖“ធ្វើ​ការ​នៅ​ទីនោះ​គេ​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើននៅ​បរទេស​ ដូចជា ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី​ជា​ដើម ដែល​តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​បទពិសោធន៍ និង​ចំណេះ​ដឹង​ជា​ច្រើន​ទាក់​ទង​នឹង​ការ​បង្កើត​អាជីវកម្ម និង​ការ​គ្រប់គ្រង​ផ្សេងៗ។ បើ​ទោះ​បី​ជា​មាន​ប្រាក់​ខែ​រហូត​ដល់​ 2,000​ដុល្លារ​ក៏​ដោយ​ក៏​ខ្ញុំ​ហាក់​មិន​សូវ​ពេញ​ចិត្ត​នោះ​ទេ ពីព្រោះ​ខ្ញុំ​ចង់​សម្រច​បំណង​ដែល​រកស៊ី​ដោយ​ខ្លួន​ឯង​”។

ចំណែក​លោក អ៊ួន សុវណ្ណនឿន ដែល​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ហាង​កាហ្វេ Mister Brew Coffee បាន​ឱ្យ​ដឹងដែរ​ថា ការ​បើក​ហាង​កាហ្វេ គឺ​មិន​មែន​ធ្វើ​ទៅ​តាម​ចិត្ត​នឹក​ឃើញ​នោះ​ទេ ប៉ុន្តែ​មុន​នឹង​បើក​ដំណើរ​ការ​គឺ​ពួក​លោក​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​ចង់​ដឹង​ថា តើ​ភេសជ្ជៈអ្វី​ដែល​ប្រជាជន​ខ្មែរ​ចូល​ចិត្ត​ជាង​គេ? ចម្លើយ​គឺ​មាន​តែ​ហាង​លក់​កាហ្វេ​ប៉ុណ្ណោះ​ប្រជាជន​ទូទៅ​ចូល​ចិត្ត​ស្មើ​នឹង​50%។ បន្ទាប់​ពី​សិក្សា​ទីផ្សារ​ហើយ​ក៏​សម្រេច​ចិត្ត​បើក ដោយ​មានរូបមន្ត​ឆុង​ឈ្ងុយ​ឆ្ងាញ់​ស្រប​តាម​ស្តង់ដារ​កាហ្វេ​អន្តរជាតិ ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទំនើបៗ​ ហើយ​ពិសេស​នោះ​គ្រឿងផ្សំ​ក៏​ដូចជា​គ្រាប់​កាហ្វេ ត្រូវ​បាន​ដៃ​គូ​នៅ​ប្រទេស​ថៃ​ជា​អ្នក​ផ្គត់​ផ្គង់​ឱ្យ​ផង​ដែរ។

លោក​​បានបន្ត​ថា ក្រោយ​ពី​បើក​ដំណើរ​ការ​បាន​ប្រមាណ​កន្លះ​ឆ្នាំ​ក៏​មាន​មិត្ត​ភក្តិ​ស្នើ​សុំ​ទិញ Franchiseយក​ទៅ​បើក​សាខា​បន្ត​ដែរ ប៉ុន្តែ​ដោយ​សារ​ហាង​កាហ្វេ​ទើប​បើក​ដំណើរ​ការ​មិន​ទាន់​បាន​សុំ​ច្បាប់​ពី​ក្រសួង​នោះទើប​មិន​ទាន់​ហ៊ាន​លក់ Franchise។ យ៉ាង​ណា​ក៏​ដោយ​យុវជន​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​ខាង​លើ​បាន​អះអាង​ថា​នឹង​រៀបចំ​សុំ​ច្បាប់​ទៅ​ក្រសួង ហើយ​នឹង​អាច​លក់ Franchise នេះ​បាន​នៅពេល​ខាង​មុខ។ ចំពោះ​សំណួរ​ថា តើ​លោក​យល់​ឃើញ​បែប​ណា ​ខណៈ​បច្ចុប្បន្ន​នេះ​មាន​ហាង​កាហ្វេ​បរទេស​ម៉ាក​ល្បីៗ​ជា​ច្រើន​កំពុង​ចូល​មក​កាន់​កម្ពុជា? យុវជន​ខាង​លើ​បាន​និយាយ​ដោយ​ញញឹម​ថា៖​“មិន​មាន​បញ្ហា​អ្វី​ទេ! ដោយ​សារ​ហាង​កាហ្វេ​នីមួយៗ​តែង​មានអត្ត​សញ្ញា និង​រសជាតិ​ផ្សេង​គ្នា។ ហាង​កាហ្វេ​របស់​ខ្ញុំ​ បើក​ឡើង​នៅ​ក្នុង​ស្រុក គឺ​ធ្វើ​ស្រប​ទៅ​នឹង​តម្រូវការទទួល​ទាន​របស់​ប្រជាជន​ខ្មែរ​យើង​តែ​ម្តង”។

សម្រាប់​ទស្សន​វិស័យ​នៃ Mister Brew Coffee គឺ​នឹង​ពង្រីក​សាខា​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​បំពេញ​តាមសេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ការងារ​ដល់​យុវជន​ខ្មែរ​យើង​ឱ្យបាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​​៕

Advertisement