ក្រុមហ៊ុន Minebea គ្រោងផ្ទេររោងចក្រពីចិន និងហ្វីលីពីនមកកម្ពុជា

ភ្នំពេញ៖ លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) Co, Ltd មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក នឹងផ្ទេរចង្វាក់ផលិតកម្មរបស់ខ្លួនចូលមកពង្រីកការផលិតបន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខ។

ក្នុងជំនួបជាមួយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម លោក Yoshihisa Kainuma មានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញលក្ខណៈអំណោយផលផ្នែកសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រ និងកម្លាំងពលកម្មប្រកបដោយសក្តានុពលនោះ ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមពង្រីកផលិតកម្មនៅពេលខាងមុខទៀត ដោយនឹងផ្ទេរផលិតកម្មពីប្រទេសហ្វីលីពីន និងប្រទេសចិន ដោយផ្តោតសំខាន់ ទៅលើការផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់គ្រោងការទីក្រុងឆ្លាតនៅកម្ពុជា (Smart City Project in Cambodia) ជាពិសេសប្រព័ន្ធភ្លើង LED តាមផ្លូវ និងប្រព័ន្ធបច្ចេកវិទ្យា Wireless ដែលបានជួយច្រើនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ និងគាំទ្រពេញទំហឹង ចំពោះគ្រោងការពង្រីកផលិតកម្មរបស់ខ្លួនដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរបន្ថែមទៀត។ ឯកឧត្តមបានចាត់ទុកក្រុមហ៊ុន Minebea ថាជាក្រុមហ៊ុនគំរូរបស់ជប៉ុនដែលគោរពលក្ខខណ្ឌការងារល្អប្រសើរ ដូចជាការបណ្តុះបណ្តាលកម្មករជំនាញនៅក្រៅប្រទេស ផ្គត់ផ្គង់អាហារ និងការស្នាក់នៅ សេវាសុខភាព និងសាលាបង្រៀនអាន និងសរសេរភាសាខ្មែរផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Minebea មានវត្តមានលើទឹកដីកម្ពុជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងបានចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ 2011 រហូតដល់បច្ចុប្បន្ន ក្នុងការផលិតម៉ូទ័រខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធភ្លើង LED ជាដើម ហើយបានស្រូបកម្លាំងពលកម្មប្រមាណជាង2ពាន់នាក់នៅពេលបច្ចុប្បន្ន៕

Advertisement