ក្រុមហ៊ុនចិន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការផលិតទឹកស្អាតនៅភ្នំកំចាយ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Energy Engineering Corporation Limited សិក្សាលើសមិទ្ធលទ្ធភាពក្នុងការទាញយកផលប្រយោជន៍ ពីទឹកធ្លាក់ចេញពីវារីអគ្គិសនីភ្នំកំចាយ ខេត្តកំពតដើម្បីផលិតជាទឹកស្អាតមានគុណភាពសម្រាប់ផ្គត់ផ្គង់ចែកចាយដល់ប្រជាជនរស់នៅក្នុងខេត្តចំនួនពីរ គឺខេត្តកំពត និងខេត្តកែប ។

ដើម្បីពន្លឿនបញ្ហានេះ នៅព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2017 ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូបច្ចេកទេសរបស់ក្រសួង និងតំណាងអាជ្ញាធរខេត្តទៅពិនិត្យមើលទីតាំងជាក់ស្តែងនៅអតីតព្រលានយន្តហោះខេត្តកំពត និងខេត្តកែបដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកាត់មួយចំណែកបង្កើតរោងចក្រផលិតទឹកស្អាត និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យទឹកស្អាត ពីព្រោះភាគីកម្ពុជាទទួលបន្ទុកស្វែងរកទីតាំងសម្រាប់បង្កើតរោងចក្រផលិតទឹកស្អាតក្នុងខេត្តទាំងពីរខាងលើ។

ឯកឧត្តមបញ្ជាក់ថា ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចិនខាងលើ គឺជាការផ្តួចផ្តើមគំនិតដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងជំរុញវិស័យទេសចរណ៍ ក៏ដូចជាវិស័យសេវាកម្មឱ្យមានភាពកាន់តែទាក់ទាញសម្រាប់បណ្តាខេត្តនៅជាប់តំបន់ឆ្នេរសមុទ្រ ដែលគម្រោងនេះមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋរស់នៅខេត្តកែប និងខេត្តកំពត បានសម្តែងការសាទរចំពោះគម្រោងខាងលើ នឹងរំពឹងថា នឹងបានប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គត់ដោយក្រុមហ៊ុនចិនខាងលើនេះ និងប្រព័ន្ធទឹកស្អាតទាំងនោះនឹងទៅដល់លំនៅដ្ឋានពួកគាត់ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាលនាពេលឆាប់ៗនេះមិនខាន៕

Advertisement