ជំនាញបច្ចេកទេស ឬឧស្សាហកម្មពាក់កណ្ដាលស្វ័យប្រវត្ដិកម្មកំពុងមានទីផ្សារធំនៅកម្ពុជា

ភ្នំពេញ – ខណៈកម្ពុជាជាប្រទេសកំពុងតែអភិវឌ្ឍន៍ដែលត្រូវការចាំបាច់នូវកម្លាំងពលកម្ម និងធនធានមនុស្សដែលមានជំនាញផ្នែកបច្ចេកទេសនោះ  ត្រូវបានមន្រ្ដីជំនាញបញ្ជាក់ថា ទីផ្សារការងារនៅកម្ពុជានៅមានឱកាសធំទូលាយលើផ្នែកឧស្សាហកម្មពាក់កណ្ដាលស្វ័យប្រវត្ដិកម្មនៅឡើយ។

លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានទីផ្សារការងារ នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានមើលឃើញថា ផ្នែកឧស្សាហកម្មបច្ចេកទេស និងឧស្សាហកម្មពាក់កណ្ដាលស្វ័យប្រវត្ដិកម្មត្រូវបានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ និងមកធ្វើការវិនិយោគជាបន្ដបន្ទាប់ ដូចជាការដំឡើង និងផលិតគ្រឿងផ្គុំអគ្គិសនី ឬគ្រឿងបន្លាស់រថយន្ដជាដើម។ ទន្ទឹមនឹងការអភិវឌ្ឍនេះ វិស័យពាក់កណ្ដាលស្វ័យប្រវត្ដិកម្មក៏មានសាលាបច្ចេកទេសជាច្រើនកំពុងតែប្រឹងប្រែងសិក្សាស្រាវជ្រាវ រិះរកមុខវិជ្ជា ឬជំនាញ ដើម្បីធ្វើបច្ចុប្បន្នភាពនៃបច្ចេកទេសទាំងនោះឱ្យស្របទៅតាមទីផ្សារការងារដែលកំពុងតែត្រូវការ។

អនុប្រធាននាយកដ្ឋានទីផ្សារការងារបន្ដថា៖ «បច្ចុប្បន្នលោកមើលឃើញថា និស្សិតបានងាកមកចាប់អារម្មណ៍សិក្សាលើជំនាញបច្ចេកទេសនេះជាច្រើន ដោយសារតែឱកាសទីផ្សារការងារនៅមានកម្រិតធំទូលាយសម្រាប់ពួកគាត់ ដូច្នេះយើងអាចនិយាយបានថា ក្រោយពីពួកគាត់បញ្ចប់ការសិក្សា ពួកគាត់នឹងមានឱកាសទទួលបានការងារយ៉ាងងាយស្រួល»។

លោក ថង សាម៉ុន បានបន្ថែមថា ក្រៅពីការសម្រេចចិត្ដរបស់និស្សិតហើយនោះ ក្រសួងក៏បានធ្វើការណែនាំបន្ថែម ដោយតម្រង់ទិសមុខវិជ្ជាជីវៈ ឬជំនាញណាមួយដែលតម្រូវការទីផ្សារការងារកំពុងតែត្រូវការខ្លាំងនាពេលបច្ចុប្បន្ន ខណៈកម្ពុជាកំពុងតែខ្វះខាតធនធានមនុស្សច្រើនលើជំនាញបច្ចេកទេស។

លោកបន្ដថា កន្លងមកមាននិស្សិតជាច្រើនបានចាប់អារម្មណ៍ការសិក្សាផ្នែកគ្រប់គ្រង ឬគណនេយ្យជាដើម  ដោយសារតែពួកគាត់ពុំបានដឹងព័ត៌មានគ្រប់ជ្រុងជ្រោយពីការសិក្សាជំនាញបច្ចេកទេស ដែលធ្វើឱ្យពួកគាត់ជ្រើសយកមុខជំនាញសិក្សាពុំសូវសមស្របទៅនឹងទីផ្សារការងារ ឬចប់ហើយពិបាករកការងារធ្វើជាដើម។

ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើប្រទេសកម្ពុជាសម្បូរទៅដោយធនធានមនុស្សលើជំនាញបច្ចេកទេស វាក៏ជាសារមួយសម្រាប់អ្នកវិនិយោគផងដែរ ព្រោះការវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែគិត និងសម្លឹងមើលលើកម្លាំងពលកម្មថា តើមានគ្រប់គ្រាន់ហើយឬនៅ?។ អ៊ីចឹងនៅពេលយើងមានកម្លាំងពលកម្មគ្រប់គ្រាន់ គ្រប់ជំនាញ គ្រប់តម្រូវការដែលគេត្រូវការ គេនឹងមកវិនិយោគនៅប្រទេសយើងច្រើនជាមិនខាន»៕

Advertisement