វិស័យទេសចរណ៍ផ្តល់ការងារដល់មនុស្សជាង 60ម៉ឺននាក់នៅកម្ពុជា

ភ្នំពេញ៖ ទេសចរណ៍គឺជាឧស្សាហកម្មមានផ្សែងតិចជាងគេក្នុងចំណោមឧស្សាហកម្មផ្សេងៗទៀត ដោយបានរួមចំណែកផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណជា60ម៉ឺននាក់ និងរកចំណូលចូលជាតិបានប្រមាណជាង 3 ពាន់លានដុល្លារក្នុងមួយឆ្នាំៗ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តមមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍទេសចរណ៍សមុទ្រ” កាលពីចុងសប្តាហ៍មុនថា នៅឆ្នាំ2016 កម្ពុជាទទួលបានទេសចរអន្ដរជាតិចំនួន 5.01លាននាក់ កើនឡើង 5% ធៀបនឹងឆ្នាំ2015 ទេសចរក្នុងស្រុកជាង10,64 លាននាក់កើនឡើងប្រមាណ10% ដោយនាំមកនូវចំណូលប្រមាណ3,400លានដុល្លារ រួមចំណែកប្រមាណ13% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់បានប្រមាណ60ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។

ក្នុងរយៈពេល5ខែដើមឆ្នាំ2017នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន2.3លាននាក់ កើនឡើងជិត13%ធៀបរយៈពេលដូចគ្នានៅឆ្នាំ2016 ដោយឡែកតំបន់ឆ្នេរទទួលបានភ្ញៀវរាប់លាននាក់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងមានសម្ទុះកើនឡើងជាលំដាប់។ នៅឆ្នាំ2020 រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ7លាននាក់ ដោយនឹងនាំមកនូវចំណូលជាតិប្រមាណជា 5,000 លានដុល្លារសហរដ្ឋអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ1លាននាក់។

ដើម្បីធានាដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព គុណភាព និងការទទួលខុសត្រូវ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្ដទុកដាក់លើការលើកកម្ពស់ និងពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍បានកំណត់តំបន់គោលដៅទេសចរណ៍ថ្មីៗថែមទៀត ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនៃតំបន់ប្រាសាទអង្គរក្នុងខេត្តសៀមរាបក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដែលមានដូចជាគោលដៅអេកូទេសចរណ៍ភូមិភាគឦសាន និងគោលដៅទេសចរណ៍តំបន់ឆ្នេរដែលជាតារារៈនាទិសនិរតីនៃឆ្នេរសមុទ្រកម្ពុជា។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គម បង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរៀបចំអភិវឌ្ឍទេសចរណ៍សមុទ្រ ប្រើប្រាស់សក្តានុពលទេសចរណ៍សមុទ្រប្រកបដោយការទទួលខុសត្រូវ៕

Advertisement