រាជរដ្ឋាភិបាលបញ្ចេញទុន 50លានដុល្លារដើម្បីដោះស្រាយបញ្ហាកសិផលពោត

ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទបានត្រៀមថវិកាចំនួន50លានដុល្លារអាមេរិកដើម្បីដោះស្រាយបញ្ហាកសិផលដែលកំពុងធ្លាក់ថ្លៃរបស់ប្រជាពលរដ្ឋ ពិសេសគ្រាប់ពោត។

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំស្តីពីបញ្ហាកសិផលពោតរវាងប្រធានមន្ទីរពាណិជ្ជកម្មខេត្តចំនួន3 រូមមានខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ជាមួយនឹងអ្នកដាំដុះកសិផល និងអ្នកទិញពោតយកទៅផលិតជាចំណីសត្វនៅព្រឹកថ្ងៃទី18 កក្កដានេះថា បច្ចុប្បន្នថវិកានៅក្នុងដៃមានចំនួន 27លានដុល្លារអាមេរិកដែលអាចប្រើប្រាស់បានទៅលើការផ្តល់កម្ចីសម្រាប់កសិផលពោតដែលនឹងប្រើជាបណ្តោះអាសន្នសិន ហើយក៏នឹងមានបន្ថែមទៀតដែលអាចកើនដល់ប្រមាណជា 50លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាបាននាំចេញគ្រាប់ពោតប្រមាណ10ម៉ឺនតោនដែលមានតម្លៃទឹកប្រាក់14លានដុល្លារអាមេរិក។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិបានថ្លែងឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំដដែលនេះថា ដើម្បីកុំឲ្យតម្លៃពោតមានការធ្លាក់ថ្លៃ ឬឡើងថ្លៃហួសប្រមាណ អ្នកលក់ និងអ្នកទិញត្រូវមានចុះលក្ខខណ្ឌត្រឹមត្រូវពោលគឺត្រូវមានចុះកុងត្រាគ្នាទៅវិញទៅមក ដោយបង្កើតទំនុកទុកចិត្តរវាងអ្នកលក់ និងអ្នកទិញ៕

Advertisement