បោះបង់ការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មកបើកកសិដ្ឋានចិញ្ចឹមចង្រិត

ភ្នំពេញ៖ ពាក្យចាស់លោកថា «អត់លុយបានតឺនុយយោង» ដែលពាក្យនេះហាក់ឌឺដងទៅដល់អ្នកធ្វើការនៅក្នុងការិយាល័យមួយចំនួន ដែលអ្នកខ្លះបានប្រាក់ខែតិចចាយមិនដល់ខែផងក៏មានដែរ ប៉ុន្តែគ្រាន់តែថា បានតឺនុយស្អាតរាល់ថ្ងៃ។ ដោយសារតែប្រាក់ខែជាអ្នករដ្ឋបាលមានកំណត់បែបនេះ ទើបធ្វើឱ្យយុវជនម្នាក់សម្រេចចិត្តបោះបង់ការងារអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយងាកមកចិញ្ចឹមចង្រិតនៅផ្ទះវិញ ព្រោះអាចរកប្រាក់ចំណូលបានខ្ពស់ជាងឆ្ងាយណាស់។

កំពុងដាក់ចំណីឱ្យសត្វចង្រិតនៅក្នុងកសិដ្ឋានមួយកន្លែងដែលមានផ្ទៃដីទំហំទទឹង6ម៉ែត្រ បណ្តោយ 15ម៉ែត្រ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យុវជន ពុំ ប៊ុនម៉ៅ បានផ្តល់បទសម្ភាសថា ខ្លួនបានរៀបចំកសិដ្ឋានចិញ្ចឹមចង្រិតនេះរយៈពេលមួយឆ្នាំមកហើយ ដោយកាលណោះធ្វើការជាជំនូយការនៅក្នុងរោងចក្រកែវបណ្តើរ ឆ្លៀតពេលចិញ្ចឹមចង្រិតលក់បណ្តើរ ព្រោះការងារចិញ្ចឹមចង្រិតនេះមិនលំបាក និងមិនចំណាយពេលថែទាំច្រើននោះទេ។ ដោយសារតែមានមហិច្ឆតាពង្រីកកសិដ្ឋានចិញ្ចឹមចង្រិតឱ្យបានកាន់តែធំឡើងៗ យុវជនរូបនេះក៏បានសម្រេចបោះបង់ការងារជាជំនួយការរដ្ឋបាលក្នុងរោងចក្រកែវនេះតែម្តង កាលពីខែមិថុនា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ។

ប្អូនប្រុស ប៊ុនម៉ៅ បញ្ជាក់ថា សម្រាប់កសិដ្ឋានចិញ្ចឹមចង្រិតនៅលើផ្ទៃដីតូចខាងលើនេះគាត់អាចចាក់បេតុងធ្វើជាអាងចិញ្ចឹមចង្រិតបានដល់ទៅ7អាង ដោយអាងនីមួយៗពេលប្រមូលផលម្តងបានប្រហែល100គីឡូក្រាម តិចឬច្រើនជាងនេះទៅតាមការថែទាំ ដោយក្នុងមួយគីឡូក្រាមលក់បោះដុំឱ្យម៉ូយបានតម្លៃចន្លោះពី 10,000 ទៅ 12,000រៀល ហើយបើលក់រាយមួយគីឡូក្រាមតម្លៃ 15.000រៀល តែដល់រដូវសម្បូរចង្រិតធម្មជាតិ ចង្រិតចិញ្ចឹមនឹងចុះថ្លៃមកនៅត្រឹមតែ 8.000 ទៅ 9.000 រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

ម្ចាស់កសិដ្ឋានវ័យក្មេងខាងលើបញ្ជាក់ថា ការចិញ្ចឹមចង្រិតមិនលំបាកដូចការចិញ្ចឹមជ្រូកឬសត្វមាន់ទាផ្សេងៗនោះទេ ដំបូងឡើយគេចិញ្ចឹមចង្រិតឱ្យវាភ្ញាស់ពងនៅលើផើងមួយដែលមានដាក់ផេះអង្កាមពីលើ ពេលចង្រិតពងហើយគេយកទាំងពង និងផើងច្រកថង់ចងមាត់ឱ្យជិតដើម្បីឱ្យក្តៅភ្ញាស់ពង ហើយត្រឹមតែរយៈពេល 7ថ្ងៃប៉ុណ្ណោះ កូនចង្រិតតូចៗចាប់ផ្តើមញាស់ បន្ទាប់មកយើងស្រាយថង់ចេញយកកូនចង្រិតមកដាក់ក្នុងអាង ដោយដាក់កន្ទក់ហ្មត់ឱ្យពួកវាស៊ី និងដាក់ស្រកីដូង និងបាញ់ទឹកដាក់ ដើម្បីឱ្យចង្រិតផឹកទឹកបឺតយកសំណើមពីស្រកីដូងនោះ «ពេលដែលគេដាក់ទឹក គឹមិនដាក់ក្នុងថូ ឬផើងដូចមាន់ទេ ព្រោះអាចធ្វើឱ្យចង្រិតលង់ស្លាប់ គ្រាន់តែដាក់ស្រកីដូងផ្សើមទឹកបានហើយ ព្រោះចង្រិតវាចេះផឹកទឹកដោយបឹតពីស្រកីដូងបាន និងមិនលំបាកដាក់ទឹកច្រើនដងទៀតផង»។

ក្រោយពីចង្រិតមានអាយុ10ថ្ងៃ គេអាចដាក់ចំណីឱ្យស៊ីធម្មតាបាន ដោយរួមមានកន្ទក់ ចំណីកូនមាន់ ត្រកួនឬបន្លែផ្សេងៗ ប៉ុន្តែចៀសវាងយកបន្លែមានសារធាតុគីមីដែលទិញពីផ្សារមកឱ្យចង្រឹតស៊ី ព្រោះថា វាងាយនឹងពុលស្លាប់។ ការចិញ្ចឹមចង្រិតមិនរវល់ដូចការចិញ្ចឹមសត្វផ្សេងៗនោះទេ មួយថ្ងៃគេដាក់ចំណីឱ្យស៊ី និងទឹកឱ្យផឹកតែម្តងប៉ុណ្ណោះ បើសិនថ្ងៃណារវល់ដើរឆ្ងាយ យើងអាចដាក់ចំណីសម្រាប់ 2ថ្ងៃម្តងក៏បាន ហើយចាប់តាំងពីពេលភ្ញាស់រហូតដល់ថ្ងៃចាប់លក់គេត្រូវចំណាយពេលប្រមាណពី 40 ទៅ45 ថ្ងៃប៉ុណ្ណោះ។

យុវជនជាម្ចាស់កសិដ្ឋានខាងលើឱ្យដឹងថា ចំពោះអាងចិញ្ចឹមចង្រិត គឺត្រូវចាក់បេតុងឱ្យជិតល្អ ការពារស្រមោចឡើងស៊ីពងចង្រិត ហើយត្រូវធ្វើរោងប្រក់ស័ង្កសី ដោយត្រូវរាយសំណាញ់ព័ទ្ធជុំវិញឱ្យជិតល្អ ការពារក្រែងមានសត្វចាបឬសត្វស្លាបដទៃចូលមកស៊ីចង្រិតយើងអស់។ សម្រាប់បងប្អូនដែលមានបំណងចិញ្ចឹមចង្រិត អាចទាក់ទងទិញពូជបាន ដោយកន្លងមកកសិដ្ឋានខាងលើ ធ្លាប់បានផ្តល់ពូជទៅឱ្យអ្នកចិញ្ចឹមនៅតាមខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ និងថែមទាំងជួយផ្តល់វិធីសាស្រ្តឱ្យពួកគាត់ចិញ្ចឹមបានជោគជ័យទៀតផង៕

Advertisement