ធនាគារពិភពលោក គ្រោងផ្តល់ហិរញ្ញប្បទាន 540លានដុល្លាររួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) គ្រោងផ្តល់ហិរញ្ញប្បទានទឹកប្រាក់ចំនួន 540លានដុល្លារ ដើម្បីអភិវឌ្ឍកម្ពុជា ក្នុងគោលដៅប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030។

មានប្រសាសន៍ក្នុងជំនួបជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នកាលពីល្ងាចថ្ងៃម្សិលមិញ លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី18 ខែកក្តដាម្សិលមិញនេះថា ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន540លានដុល្លារអាមេរិកដែលជាចំណែកមួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជាលើការចាប់ផ្តើមអនុវត្តតាមការងារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងដែលមានរយៈពេល2ឆ្នាំ គឺចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2021។

លោកជំទាវបានបន្តដោយសន្យាជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្រូបទាញយកថវិកានេះ មកប្រើប្រាស់ឱ្យអស់តាមផែនការក្នុងការរៀបចំគម្រោងអនុវត្តជាក់ស្តែង ដើម្បីឲ្យស្របតាមតម្រូវការអាទិភាពពិតប្រាកដរបស់រាជរដ្ឋាភិបាល ដូចដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ2015-2025ផងដែរ ដើម្បីសម្រេចតាមគោលដៅនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030នាពេលខាងមុខ។

លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវអំណរគុណចំពោះធនាគារពិភពលោកដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ជាពិសេសការបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការបន្ថែមទៀត។ ជំនួយនេះបានឆ្លុះបញ្ចាំងអំពីជំនឿជឿជាក់ដ៏មុតមាំរបស់ធនាគារពិភពលោកចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គឺកំពុងមានមហិច្ឆតាថ្មីមួយទៀតលើការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលអាចផ្តល់វិភាគទានដល់សហគមន៍អន្តរជាតិវិញតាមរយៈការអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោក ដើម្បីចូលរួមចំណែកគាំទ្រកិច្ចអភិវឌ្ឍរបស់បណ្តាប្រទេសក្រីក្រផ្សេងៗទៀត ដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងអន្តរកាលកន្លងមកហើយ៕

Advertisement