ក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការជាមួយអេស៊ីលីដាកើនជាង 1,000ក្រុមហ៊ុន

ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនដែលបាន និងកំពុងធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ជាមួយធនាគារអេស៊ីលីដាបានកើនដល់ជាង1,000ក្រុមហ៊ុនហើយនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាប្រចាំកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនជប៉ុនដែលចូលមកវិនិយោគនៅកម្ពុជាបាន និងកំពុងកើនឡើង ដោយបច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មធំៗបានកើនពី289ក្រុមហ៊ុនដល់310ក្រុមហ៊ុន ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងក្រុមហ៊ុនឯកគ្គតជនតូចៗបានកើនរហូតដល់716ក្រុមហ៊ុនហើយ។

លោកបន្តថា “នេះជាចំនួនក្រុមហ៊ុនជប៉ុនដែលបានធ្វើការទូទាត់សាច់ប្រាក់ជាមួយអេស៊ីលីដា និងមិនទាន់គិតបញ្ចួលពីក្រុមហ៊ុនដែលធ្វើការងារដោយផ្ទាល់ជាមួយធនាគារជប៉ុនដែលបានបើកនៅកម្ពុជានោះទេ”។ លោកបន្តថា “ការកើនឡើងនូវចំនួនក្រុមហ៊ុនជប៉ុននៅកម្ពុជាគឺជាការឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ព្រោះមុនពេលពួកគេសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាល្អិតល្អន់ណាស់”។

កត្តាសំខាន់ៗចំនួន3 ដែលទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជា ដូចជា កំណើនសេដ្ឋកិច្ចរឹងមាំ ស្ថិរភាពសង្គមកិច្ច ស្ថិរភាពនយោបាយ និងកត្តាអំណោយផលលើវិស័យច្បាប់ពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមលោក អ៊ិន ចាន់នី បញ្ជាក់។

លោកជំទាវ លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុនអ៊ែដវូត ដែលបានវិនិយោគតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងទាក់ទាញអ្នកវិនិយោគជប៉ុនបានច្រើនជាង50ភាគរយនៃក្រុមហ៊ុនទាំងអស់84ដែលបានវិនិយោគនៅតំបន់នោះបានថ្លែងថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបាន និងកំពុងមកវិនិយោគនៅកម្ពុជា ហេតុនេះយើងត្រូវធ្វើការងារឲ្យបានល្អ ដើម្បីទាក់ទាញពួកគេមកវិនិយោគបន្ថែម។ លោកជំទាវបានបន្តថា ប្រសិនជាអ្នកវិនិយោគជប៉ុនតែ2ភាគរយនៅប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងមានជីវភាពធូរធារទាំងអស់គ្នា។

លោកជំទាវបានបន្តថា “ពីមុនមកពេលយើងហៅគេមកវិនិយោគ ពួកគេប្រាប់យើងថា ពួកគេបារម្ភពីអំពើពុករលួយនៅកម្ពុជា ប៉ុន្តែខ្ញុំបានធានានឹងពួកគេថា នឹងមិនមានអំពើពុករលួយនៅទីនេះទេ ទីបំផុតពួកគេសម្រេចចិត្តមកវិនិយោគនៅកម្ពុជាកាន់តែច្រើន”៕

Advertisement