អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប ជាពិសេស​សម្រាប់នារីៗដែល​មិនទាន់មាន​បទពិសោធ​ក្នុងការ​តាំង​គភ៌​ដូចតទៅ។

1. បាត់​វដ្ត​រដូវ
បើ​វដ្ត​រដូវ​ប្រចាំខែ​ដែល​ធ្លាប់តែ​មកជា​ប្រក្រតី​មិនដែល​បាត់ តែ​ដល់​ពេលវេលា​ហើយ​នៅតែ​មិនឃើញ​មកទៀត​នោះ បញ្ជាក់ថា អ្នក​អាច​កំពុង​តាំង​គភ៌​ហើយ ព្រោះ​ក្រោយពី​ការចាប់បដិសន្ធិ វដ្ត​រដូវ​នឹង​បាត់​លែង​មក ដូច្នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យទៅ​ទិញ​ប្រដាប់​ពិនិត្យ​ការតាំង​គភ៌​មក​ធ្វើការ​ពិនិត្យមើល​ទើប​ប្រាកដ។

2. ក្អួតចង្អោរ
ជា​អា​ការដែល​ជួប​ញឹកញាប់​រហូត​ក្លាយជា​និមិត្តសញ្ញា​របស់​ការតាំង​គ​ភ៌​ក៏​អាច​ថា​បានដែរ។ អាការ​ក្អួតចង្អោរ​ច្រើនតែ​កើតឡើង​ក្រោយពី​តួ​កំណើត​ចាប់បដិសន្ធិ​បាន1ខែ តែ​អាការ​នេះ​នឹង​ថមថយ​ទៅវិញ​ពេល​ចូលដល់​ត្រីមាស​ទី2។

3. ធុំក្លិន​នេះ ធុំក្លិន​នោះ
អាការ​នេះ​បណ្តាលមកពី​អ័រម៉ូន អេស​ត្រូ​ជេន​កើនឡើង នារីៗដែល​កំពុង​តាំង​គភ៌​អាច​ក្លាយជា​មនុស្ស​ពូកែ​ច្រមុះ ធុំក្លិន​អ្វី​ក៏​ស្អុយ​រហូតដល់​ចង់តែ​ក្អួត​ទាំងអស់។ ពេល​ហ្នឹងហើយ​ដែល​ត​ឱ្យ​សាច់គោ​ឆា​ខាត់ណា​ដែលជា​អាហារ​សំណព្វចិត្ត​ក៏​លែង​ចង់​ដែរ។

4. ដើមទ្រូង​ហើម និង​ឈឺ
ដើមទ្រូង​របស់​អនាគត​អ្នក​ម្តាយ​ត្រីមាស​ដំបូង​អាច​នឹង​ហើម ព្រោះ​មាន​ឈាម​រត់​ចូលទៅ​ចិញ្ចឹម​នៅ​បរិវេណ​នោះ​ច្រើន​រហូត​មាន​អារម្មណ៍​
ថា ឈឺ​អួល រួមទាំង​មាន​អារម្មណ៍​ថា​ឆាប់​ដឹង​នៅពេល​ប៉ះ​នឹង​អ្វីមួយ​ស្រដៀង​នឹង​អាការ​មុន​មាន​វដ្ត​រដូវ​ដែរ។

5. ឆាប់​នឿយហត់
មាន​អារម្មណ៍​ថា នឿយ​ល្វើយ​ខ្លាំងណាស់ ទាំង​មិនបាន​ធ្វើ​អ្វី​សោះ​មែន​ទេ? មាន​អារម្មណ៍​ងងុយ​ងោក​ស្ងាប​ចង់​គេង​ពេញ​មួយថ្ងៃ​មែន​ទេ? នេះ​អាចជា​លទ្ធផល​បណ្តា​លពី​កម្រិត​អ័រម៉ូន​ប្រូ​ជេ​ស្ទើ​រ៉ូ​ន​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស តែ​មិនចាំបាច់​កង្វល់​ទេ ព្រោះ​ចូលដល់​ត្រីមាស2 កម្លាំង​ថាមពល​របស់​អ្នកនឹង​ត្រឡប់មកវិញ​មិន​ខាន។

6. មាន​ឈាម​ចេញមក​តាម​រន្ធ​ស្បូន
អំឡុង​ពេលដែល​តួ​កំណើត​ទម្លាក់ខ្លួន​ចូលទៅក្នុង​ស្បូន អនាគត​អ្នក​ម្តាយ​មួយចំនួន​អាច​នឹងមាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន។ អាការ​នេះ​ច្រើន​កើតឡើង​ក្រោយពី​តួ​កំណើត​ចាប់បដិសន្ធិ​បាន11-12ថ្ងៃ (ពេល​ជាមួយគ្នា​នឹង​ពេលដែល​អ្នក​ចាប់ផ្តើម​សង្កេត​ដឹងថា​បាត់​វដ្ត​រដូវ)។ ឈាម​ដែល​ហូរ​ចេញមក​ច្រើន​មាន​ពណ៌ស្លេកៗឬ​ពណ៌​ផ្កាឈូក ហើយនឹង​ឈប់​ហូរ​ចេញមក​ក្នុង​រយៈពេល1-2ថ្ងៃ។ យ៉ាងណាក៏ដោយ បើ​អ្នក​ដឹងខ្លួន​ថា​តាំង​គភ៌​ហើយ និង​ឃើញថា​មាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន រួមជាមួយ​អាការ​ឈឺពោះផង​នោះ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ព្រោះ​អាចជា​សញ្ញា​នៃ​សភាវ​កូនក្រៅស្បូន​ក៏​អាច​ថា​បានដែរ។

7. ពោះ​ឡើង​ប៉ោង
ឈប់! កុំអាល​ភ្ញាក់ផ្អើល​អី អ្នក​នៅ​មិនទាន់​ក្លាយជា​ស្ត្រី​តាំង​គភ៌​ពោះ​ប៉ោង​មូល​តាំងពី​ត្រីមាស​ដំបូង​នោះទេ ក្បាលពោះ​ដែល​រាបស្មើ​របស់​អ្នកគ្រាន់តែ​រាង​ធំ​ចេញមក​បន្តិច និង​មាន​អារម្មណ៍​ថា ចង្កេះ​ខោ​រាង​ណែន​ជាង​មុន​បន្តិច​ប៉ុណ្ណោះ។

8. បត់ជើងតូច​ញឹកញាប់
អា​ការឈឺ​បត់ជើងតូច​ញឹកញាប់ ជា​រឿង​ប្រក្រតី​របស់​ស្ត្រី​ដែល​ចាប់ផ្តើម​មានគភ៌ ព្រោះ​រាងកាយ​នឹង​ផលិត​ឈាម​ទៅ​ចិញ្ចឹម​ផ្នែកផ្សេងៗកាន់តែ​ច្រើនឡើង ធ្វើឱ្យ​ក្រលៀន​បញ្ចេញ​កាកសំណល់​ក្នុង​រូប​ភាពជា​វត្ថុ​រាវ​ច្រើនឡើង​តាម​នោះដែរ។

9. មាន​អាការ​ទល់លាមក
មូលហេតុ​ដែលបណ្តាលមកពី​ការប្រែប្រួល​របស់​រាងកាយ​នៅពេល​មានការ​តាំង​គភ៌ ធ្វើឱ្យ​ការ​ច្របាច់​ខ្លួន​របស់​ពោះវៀន​ថយចុះ ស្បូន​អាច​នឹង​ទៅ​សង្កត់​លើ​ពោះវៀនធំ។ ការកែ​បញ្ហា​រឿង​ទល់លាមក​នៅពេល​តាំង​គភ៌​នេះ​គឺ ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន(បន្លែ​ផ្លែឈើ) ទទួលទាន​ទឹកច្រើនៗ និង​ហាត់ប្រាណបន្តិចៗល្មម​សមរម្យ នឹង​ជួយ​កែ​បញ្ហា​រឿង​ទល់លាមក​នេះ​បាន។

បើ​វដ្ត​រដូវ​របស់​អ្នក​មក​មិន​ប្រក្រតី​ស្រាប់​ហើយ ឬ​មិន​ចាំ​ថា មាន​វដ្ត​រដូវ​លើកចុងក្រោយ​នៅពេលណា​នោះ អាការ​ទាំងអស់​ខាងលើ​គឺជា​កត្តា​ជួយ​បញ្ជាក់​ប្រាប់ថា អ្នក​អាច​កំពុង​តាំង​គភ៌​ហើយ ចូរ​សាកល្បង​ទៅ​ទិញ​ប្រដាប់​ពិនិត្យ​គភ៌​មក​ពិនិត្យមើល បើ​លទ្ធផល​ចេញមក​វិជ្ជមាន សូម​កុំអាល​ស្រែក​ប្រកាសប្រាប់​នរណា តែ​ចូរ​ទូរស័ព្ទ​ទៅ​ណាត់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​ឱ្យ​ប្រាកដ​ម្តងទៀត​ទើប​ជាការ​ល្អ​បំផុត៕

Advertisement