ខុនដូតម្លៃ 10លានដុល្លារសម្រាប់ប្រជាជនមានជីវភាពមធ្យមត្រៀមសាងសង់

ភ្នំពេញៈ ក្រុមហ៊ុនលំនៅដ្ឋាន អឹលកម្ពុជាភ្នំពេញ គ្រោងបោះទុន10លានដុល្លារដើម្បីសាងសង់ខុនដូថ្មីមួយសម្រាប់ប្រជាជនមានជីវភាពមធ្យមស្ថិតក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។

លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនលំនៅដ្ឋានអឹលកម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 កក្កដានេះថា ខុនដូនេះនឹងសាងសង់នៅខែសីហាខាងមុខនេះ ដោយមានផ្ទះសរុបចំនួនជាង400យូនីត និងមានកម្ពស់22ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចូលវត្តដំបូកខ្ពស់ចម្ងាយប្រមាណ300ម៉ែត្រ។ លោកបន្តថា ផ្ទះក្នុងគម្រោងនេះមានទំហំចាប់ពីជាង32ម៉ែត្រការ៉េ រហូតដល់ជាង60ម៉ែត្រការ៉េ និងលក់ក្នុងតម្លៃ800ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា អគារខុនដូកម្ពស់22ជាន់នេះនឹងទុក5ជាន់សម្រាប់ចំណតយានយន្ត និងមានក្លឹបហាត់ប្រាណ ព្រមទាំងSky Barផងដែរ ដើម្បីបម្រើដល់ការកម្សាន្ត និងសុខមាលភាពរបស់អ្នករស់នៅលើអគារនេះ។ លោកបន្តថា អគារនេះសាងសង់នៅលើផ្ទៃដីជាង2,000ម៉ែត្រការ៉េ និងគ្រោងបញ្ចប់ការសាងសង់រយៈពេល2ឆ្នាំកន្លះខាងមុខនេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន7,000យូនីតទៀតនឹងដាក់ចូលទីផ្សារ ខណៈខុនដូចំនួន5,000យូនីតបាន និងកំពុងប្រើប្រាស់នៅលើទីផ្សាររួចហើយ។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនCBRE CAMBODIAបានថ្លែងថា ទីផ្សារខុនដូបច្ចុប្បន្ននៅតែដំណើរការលក់បានជាធម្មតា ប៉ុន្តែខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យមមានទីផ្សារល្អជាងខុនដូដែលមានតម្លៃខ្ពស់៕

Advertisement