សញ្ញា​បង្ហាញថា​កូន​ឆ្លាត​ប៉ុនណា ​

តើ​ធ្វើ​ម៉េច​ទើប​ដឹងថា កូន​របស់​អ្នកជា​ក្មេង​ដែល​ឆ្លាត​វាងវៃ ឬ​ជា​ក្មេង​ដែលមាន​ខួរក្បាល​ដែល​លឿន​រហ័ស​មិន​ស្ពឹក​ស្រពន់​នោះ? មិន​ពិបាក​ទេ លោកឪពុក​អ្នក​ម្តាយ​អាច​ដឹងបាន​តាមរយៈ​ការសង្កេតមើល​ឥរិយាបថ ទង្វើ និង​សញ្ញា​មួយចំនួន​របស់​កូន​ដូចខាងក្រោម​នេះ ៖

1. កូន​មានការ​ចងចាំ​បានល្អ
New Kid’s Center បាន​ប្រាប់ថា បើ​កូន​របស់​អ្នក​អាច​ចងចាំ​ហេតុការណ៍​ដែល​កន្លងមក ដូចជា រឿងងាយៗដូចជា​របស់​លេង​លាក់ទុក​នៅ​កន្លែង​ណា ឬ​អាច​ចំណាំ​មុខ​អ្នកឯទៀត និង​ទីកន្លែងផ្សេងៗបាន​យ៉ាង​ល្អ​នោះអាច​និយាយបានថា ជា​រឿង​មួយ​ដែល​ល្អ​ខ្លាំងណាស់។ សូម​សាកល្បង​ពិសោធ​កូន​តាមរយៈ​ការលេង​ហ្គេម​ពាក់ព័ន្ធ​នឹង​ការចងចាំ ឬ​សាកល្បង​ធ្វើ​កិច្ចការងារ​ហ្វឹកហាត់​ការចងចាំ ដើម្បី​ធ្វើឱ្យ​កូន​អភិវឌ្ឍ​ផ្នែក​ការចងចាំ​បាន​ខ្លាំង​ឡើង។

2. កូន​សម្លឹងមើល​វត្ថុ​អ្វីមួយ​យ៉ាង​រិះគិត
បើ​កូន​របស់​អ្នក​ចូលចិត្ត​សម្លឹងមើល​វត្ថុផ្សេងៗ ព្រមទាំង​រិះគិត​ពីអ្វី​ម្យ៉ាង​ផង​នោះ​គឺជា​សញ្ញា​ដែល​ល្អ​មួយ​ថា កូន​អាច​ចេះ​ប្រើ​គំនិត​បាន​យ៉ាង​ស៊ីជម្រៅ​ហើយ។ ពេលដែល​កូន​សម្លឹងមើល​អ្វី​ម្យ៉ាង ឬ​សម្លឹងមើល​ទីកន្លែង​ណាមួយ ពេលនោះ​កូន​អាច​កំពុងតែ​រៀន​យល់ដឹង​ពីអ្វី​ម្យ៉ាង​ក៏​អាច​ថា​បានដែរ ព្រោះ​ការពិតទៅក្មេងៗតែង​ក្រេប​យកអ្វីៗគ្រប់យ៉ាង​ដែល​នៅក្បែរ​ខ្លួន​បាន​យ៉ាង​ល្អ រហូត​ពេលខ្លះ​ដល់​ថ្នាក់​ធ្វើឱ្យ​មនុស្ស​ធំ​ភ្ញាក់ផ្អើល​ទៀតផង។

3. កូន​មាន​សមត្ថភាព​ក្នុង​ការតភ្ជាប់​រឿងរ៉ាវ
ការដែល​មនុស្ស​យើង​អាច​សរុប និង​ត​ភ្ជាប់​រឿងរ៉ាវ​បាន​អំពី​ទង្វើ​មួយចំនួន ដូចជា ការដែល​ឃើញ​នរណាម្នាក់​កំពុង​ធ្វើ​នំ​សាំង​វិចក៏​នឹង​ដឹងបាន​ភ្លាម​ថា មនុស្ស​ម្នាក់​នោះ​ឃ្លាន និង​កំពុង​ចង់​ទទួលទាន​អាហារ​ហើយ។ នេះ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ធំ តែ​មិនមែន​ថា ក្មេង​ទូទៅ​ទាំងអស់​នឹង​អា​ចត​ភ្ជាប់​ព័ត៌មាន​ចូលទៅ​ជាមួយ​អ្វីដែល​កើតឡើង​នោះបានភ្លាមៗទេ នេះ​គឺជា​ភាព​ឆ្លាត​វៃ​ម្យ៉ាង។ បើ​ក្មេង​ម្នាក់​ណា​ធ្វើបាន មានន័យថា ក្មេង​នោះ​ពូកែ​ក្នុង​រឿង​ហ្នឹង ឪពុកម្តាយ​ត្រូវ​ព្យាយាម​បង្ហាត់​កូន​តទៅទៀត។

4. កូន​ចូលចិត្ត​មនុស្ស​មាន​អាយុ​ច្រើនជាង
បើ​កូន​ចូលចិត្ត​ទៅធ្វើ​កិច្ចការងារ​ជាមួយ​មនុស្ស​ដែលមាន​អាយុ​ច្រើនជាង នោះ​ក៏​ជា​សញ្ញា​មួយ​ដែល​ល្អ​ដូចគ្នា​ដែរ​ ព្រោះ​ការដែល​ស្ថិតក្នុង​ចំណោម​ក្មេង​ដែលធំៗជាង នឹងធ្វើ​ឱ្យ​កូន​រៀន​យល់ដឹង​រឿង​ដែល​នៅក្បែរ​ខ្លួន​បានច្រើនឡើង ហើយ​មនុស្ស​ដែលធំៗជាង​នោះ​ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​ដែល​ជួយ​អភិវឌ្ឍ​ចំណេះដឹង​កូន​របស់​អ្នក​បាន​យ៉ាង​ល្អ។

5. កូន​មាន​សមត្ថភាព​ផ្នែក​ភាសា
បើសិន​កូន​ពូកែ​និយាយ អាចនិយាយបាន​លឿន​ជាង​ក្មេង​ក្នុង​វ័យ​ដូចគ្នា​នោះ​បង្ហាញថា កូន​យើង​មាន​ភាព​ឆ្លាត​វៃ​មិន​ចាញ់​នរណា​ឡើយ ចូរ​កុំអាល​ធុញទ្រាន់ បើ​កូន​សួរ​ញឹកញាប់ ឬ​បបួល​ម្តាយ​ជជែក​ឥត​ឈប់​នោះ ព្រោះនេះ​គឺជា​ការហ្វឹកហាត់​អភិវឌ្ឍ​ផ្នែក​ភាសា​របស់​កូន​ហើយ។

6.កូន​គេង​មិនសូវ​លក់​ល្អ
អាច​នឹង​មើលទៅ​រាង​ចម្លែក​បន្តិច​ហើយ ព្រោះថា បើ​កូន​គេង​មិនសូវ​លក់​ម៉េច​នឹង​ឆ្លាត​កើត​ទៅ? តែ​យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត Ruf បាន​បង្ហើប​ឱ្យដឹងថា ក្មេង​ដែលមាន​ទេពកោសល្យ​ច្រើនតែ​គេង​លក់​មិនសូវ​បានល្អ​ទេ ព្រោះ​គេ​នឹង​គិត​គ្រប់ពេលវេលា ធ្វើឱ្យ​ខួរក្បាល​ត្រូវ​ជំរុញ​ជាប់​រហូត ទើប​ពិបាក​គេង​លក់​ជាង​ក្មេង​ប្រក្រតី។

7. កូន​ចូលចិត្ត​អាន​សៀវភៅ​ច្រើន
តើ​កូន​របស់​អ្នកជា​ដង្កូវ​សៀវភៅ(ចូលចិត្ត​នៅតែ​ជាមួយ​សៀវភៅ) និង​ចូលចិត្ត​រៀន​យល់ដឹង​រឿងរ៉ាវផ្សេងៗតាមរយៈ​តួអក្សរដែរឬទេ? បើជា​បែប​នោះ​មែន មានន័យថា កូន​របស់​អ្នកមាន​ទេពកោសល្យ​ល្អ​ណាស់ ព្រោះ​កុមារ​ដែល​ចូលចិត្ត​រៀន​យល់ដឹង នឹង​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ដែលមាន​ចំណេះ និង​អភិវឌ្ឍ​ខ្លួន​បាន​ឆ្ងាយ​ល្អ​ណាស់៕

Advertisement