ប្រជាជនកម្ពុជា នឹងមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030

ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ចរឹងមាំថេរ 7% ជារៀងរាល់ឆ្នាំក្នុងរយៈពេលជិត2ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ2016 កន្លងទៅ។

តាមរបាយការណ៍របស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រសិនបើគ្មានឧបសគ្គ ឬមិនមានវិបត្តិសេដ្ឋកិច្ចទេនោះ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030 ហើយចាប់តាំងពីការផ្លាស់ប្ដូរប្រព័ន្ធទីផ្សារមកកាន់សេដ្ឋកិច្ចទីផ្សារសេរីក្នុងឆ្នាំ1998មក កម្ពុជាបានធ្វើការកែទម្រង់ស៊ីជម្រៅ និងបានអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិប្រកបដោយប្រសិទ្ធភាពរហូតសម្រេចបានកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាគិតជាមធ្យម 7% រៀងរាល់ឆ្នាំចាប់ពីឆ្នាំ2000ដល់ឆ្នាំ2017នេះ។

ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ2017នេះ ផលិតផលសរុបក្នុងស្រុក(ផ.ស.ស) បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ 22.2 ប៊ីលានដុល្លារអាមេរិកដែលធ្វើឱ្យផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនចំណូលឡើងដល់ 1,434 ដុល្លារអាមេរិកក្នុង1ឆ្នាំ។

លើសពីនេះកម្ពុជាអាចរក្សាបាននូវអតិផរណាដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថា នឹងមានអត្រា 3.8% ក្នុងឆ្នាំ 2017 កើនពី 3.0% ក្នុងឆ្នាំ2016 ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ និងតម្លៃម្ហូបអាហារក្នុងស្រុក។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសមាមាត្រនៃប្រជាជនដែលមានការងារធ្វើ រកចំណូលបានក្រោម 1.90 ដុល្លារក្នុងមួយថ្ងៃស្មើនឹង33.6% ហើយប្រជាជនដែលរស់នៅក្រោមបន្ទាត់ក្រីក្រមានចំនួន 14%៕

Advertisement